ខេត្តកំពត ៖ លោកតាអាយុជាង៧០ឆ្នាំម្នាក់ បានជួបជាមួយអ្នកយកព័ត៌មានកោះសន្តិភាពឱ្យដឹងកាលពីថ្ងៃទី២៧ មីនា ២០១៦ នេះដោយបានរៀបរាប់ពីជីវិតរស់នៅឯកោរបស់លោកតា ដែលគ្មានទីពឹងពុំនាក់ស្នាក់អាស្រ័យ ក្នុងវ័យចាស់ជរា និងពិការជើងម្ខាងថែមទៀត សព្វថ្ងៃលោកតាស្ថិតនៅក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។
លោកតាមានឈ្មោះងីន គីម ហៅតាទស្សេ គ្មានផ្ទះពិតប្រាកដនោះទេ រស់ដោយសារបងប្អូនអ្នកស្គាល់ហុចបន្តិចបន្តួច បានមួយថ្ងៃរួចមួយថ្ងៃ ។ រូបគាត់ជាបុរសពោះម៉ាយជាង២០ឆ្នាំមកហើយ មានកូនស្រីម្នាក់ ប៉ុន្តែកូនស្រីតាំងពីរៀបចំឱ្យមានគូស្រករមក ពួកគេមិនដែលនឹកនាដល់រូបគាត់ ជាឪពុកបង្កើតនោះទេ ។
លោកតាឱ្យដឹងទៀតថា មានថ្ងៃមួយនោះ គាត់ធ្លាក់ខ្លួនឈឺ ហើយសុំផ្ទះក្មួយស្នាក់ នឹកឃើញថា បើគាត់ស្លាប់ទៅគ្រាន់បានក្មួយដឹង។ ដោយជំងឺក្នុងខ្លួន ធ្វើឱ្យគាត់ពិបាកខ្លាំង ពេលនោះត្រូវក្មួយៗអត់នៅផ្ទះ រូបគាត់ក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយយកក្រម៉ាដើរទៅដើមស្វាយខាងក្រោយផ្ទះ ដើម្បីចងក.បញ្ចប់ជីវិតឱ្យផុតទុក្ខ ។ ប៉ុន្តែចៃដន្យ នៅពេលចងរួចហើយ គាត់លោតចុះ ស្រាប់តែចំណងក្រម៉ារបូត គាត់ធ្លាក់មកដីសន្លប់តែមួយសន្ទុះ។ ដឹងខ្លួនវិញ ទើបគាត់យល់ថា ប្រហែលជាគាត់មិនទាន់អស់កម្មទេមើលទៅ ចង់បញ្ចប់ជីវិតឱ្យផុតទុក្ខហើយនៅមិនស្លាប់ទៀត ។
តាមរយៈកោះសន្តិភាព លោកតាសូមអំពាវនាវឱ្យសប្បុរសជន មេត្តាជួយផ្តល់នូវស្បៀងអាហារ និងថវិកាតាមសទ្ធាជូនគាត់ផង ដើម្បីបានរស់កំដជីវិត ទំរាំអស់ជីវិតលាចាកលោកនេះ ។
ចែករំលែកព័តមាននេះ