ខេត្តប៉ៃលិន ៖ អាកាសធាតុក្តៅខ្លាំង ស្ទើររលាកស្បែកមនុស្ស រយៈពេលជាច្រើនថ្ងៃមកហើយ លុះនៅវេលាម៉ោង២រសៀលថ្ងៃទី២៥ មីនា ស្រាប់តែមានភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់បក់បោក មកពីទិសខាងលិច បណ្តាលឱ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋក្រុងប៉ៃលិនអស់២៥ខ្នង, រលំទាំងស្រុងអស់២ខ្នង, ក្នុងនោះផ្ទះអ្នកយកព័ត៌មានកម្ពុជាថ្មី១ខ្នង, ប៉ើងដំបូលអនុវិទ្យាល័យបយ៉ាខា របើកដំបូលសាលាសង្កាត់បយ៉ាខា, ប៉ើងដំបូលវិទ្យាល័យហ៊ុន សែន ក្រុងទេពនិម្មិត អស់ប្រហែល៤០%នៃអគារ២ខ្នង និងរលំដើមឈើអស់ជាច្រើនដើម ។
ហេតុការណ៍នេះកើតឡើងក្នុងភូមិរោងចក្រ, ភូមិអូរច្រាលិច, សង្កាត់បយ៉ាខា, ភូមិអូរតាពុកក្រោម, ភូមិអូរច្រាកណ្តាល, អូរច្រាកើត សង្កាត់ទួលល្វា, ក្រុងប៉ៃលិន សំណាងល្អ មិនមានគ្រោះថ្នាក់ដល់មនុស្ស ឬសត្វនោះឡើយ ។ តែសិស្សដែលកំពុងរៀន នាំគ្នារត់ចែកជើងព្រាត គេចពីអំបែងក្បឿង ដែលត្រូវខ្យល់បុកប៉ើងធ្លាក់ចូលក្នុងថ្នាក់ ។
ប្រភពព័ត៌មានពីលោកកើត សុធា អភិបាលខេត្តប៉ៃលិន ឱ្យដឹងថា បន្ទាប់ពីភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់រួចមក បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យផ្ទាល់នៅថ្ងៃដដែលផងដែរ ។
ចែករំលែកព័តមាននេះ