ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង១១ និង២៥នាទីយប់ថ្ងៃទី២៤ មីនា ២០១៦ យុវជនម្នាក់ត្រូវគេកាប់រយះច្រមុះហូរឈាមជោកខ្លួន និងសន្លប់ស្ដូកស្ដឹង ស្ថិតនៅចំណុចជិតរោងចក្រ «ញូវស្តារ» ក្នុងភូមិ១ សង្កាត់លេខ១ ខេត្តព្រះសីហនុ បន្ទាប់ជនរងគ្រោះអង្គុយផឹកស៊ីជាមួយមនុស្សមួយក្រុមមានគ្នាពី៤-៥នាក់ ក៏មានទំនាស់ពាក្យសម្តី ។
ជនរងគ្រោះឈ្មោះសុខ ខឿន មានស្រុកកំណើតនៅភូមិស្វាយផ្អែម ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។ រីឯក្រុមជនដៃដល់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ បានរត់គេចខ្លួនអស់ ។ ជនរងគ្រោះត្រូវបានអ្នកជិតខាងជួយសែងយកទៅមន្ទីរពេទ្យ ដែលនៅជិតផ្ទះជួល តែដោយសាររបួសធ្ងន់ធ្ងរ ទើបទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យសេតេវិញ ។
កន្លងមក ក្រុមជនបង្ក និងជនរងគ្រោះ ជាកម្មកររោងចក្រញូវស្តារដូចគ្នា មានស្នាក់នៅជួលផ្ទះជិតគ្នា ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនក្រុមជនដៃដល់ទាំងនោះ ដើម្បីចាត់ការតាមនីតិវិធី ។
ចែករំលែកព័តមាននេះ