រាជធានីភ្នំពេញ ៖ ករណីអគ្គិភ័យមួយបានឆាបឆេះ ក្នុងហាងលក់គ្រឿងបន្លាស់រថយន្ត ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៤១ ក្នុងភូមិ៩ ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៥ និង៣០នាទីព្រឹកថ្ងៃទី២៥ មីនា ២០១៦ បណ្តាលមកពីទុស្សេចរន្តភ្លើង តែក្នុងហេតុការណ៍នេះ មិនមានមនុស្សគ្រោះថ្នាក់នោះទេ ដោយគ្រាន់តែខូចខាតគ្រឿងបន្លាស់រថយន្តអស់ចំនួនធំ ។
ប្រភពឱ្យដឹងថា កាលពីវេលាម៉ោងខាងលើ គេឃើញផ្សែងហុយចេញពីហាងលក់គ្រឿងបន្លាស់រថយន្តនៅចំណុចខាងលើ បន្តិចក្រោយក៏ឃើញម្ចាស់ផ្ទះនាំគ្នារត់ចេញមកខាងក្រៅទាំងភ័យស្លន់ស្លោរ និងបានស្រែកឆោឡោឱ្យប្រជាពលរដ្ឋ ក៏ដូចសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ ។
រយៈពេលប្រហែល១៥នាទី ក៏ឃើញរថយន្តពន្លត់អគ្គិភ័យមកជាបន្តបន្ទាប់ ខណៈប្រជាពលរដ្ឋក៏នាំគ្នាយកទឹកទៅជះផ្ទះនោះដែរ ។ នៅត្រឹមវេលាម៉ោង០៦ព្រឹកថ្ងៃដដែល ភ្លើងបានរលត់ទាំងស្រុង បន្ទាប់ពីមានការអន្តរាគមន៍ពីរថយន្តពន្លត់បាញ់ទឹកអស់ចំនួន៥គ្រឿងដោយមិនបានរាលដាលទៅផ្ទះអ្នកដទៃទេ ។
កម្លាំងនគរបាលមូលដ្ឋានបានបញ្ជាក់ថា ជំហានដំបូង ការខូចសម្ភារគ្រឿងបន្លាស់នៅហាងខាងលើមានប្រមាណជា៨០% បើគិតជាទឹកប្រាក់ប្រហែលជា៣.០០០ដុល្លារអាមេរិក ។
ចែករំលែកព័តមាននេះ