ប្រទេសជប៉ុន ៖ ប្រជាជននាំគ្នាថតរូបភាពនៃការផ្ទុះភ្នំភ្លើង ឈ្មោះASO កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅជប៉ុន។ ការផ្ទុះភ្នំភ្លើងនោះពិតជាគួរឲ្យចាប់អារម្មណ៍បំផុត តែមិនបណ្ដាលឲ្យមានការជ្រួលច្របល់ឡើយក្នុងប្រទេស ដែលមានភ្នំភ្លើងសកម្មដល់ទៅជាង១១០នោះ។
ស្ថិតនៅលើកោះឃ្យូស៊ូចុងខាងត្បូង ប្រទេសជប៉ុន ភ្នំភ្លើង ASO ជាភ្នំភ្លើងដ៏សកម្មបំផុតមួយរបស់ប្រទេស។ វាបានផ្ទុះកាលពីថ្ងៃទី១៩ ខែតុលា វេលាម៉ោង១១និង៤៣នាទីម៉ោងក្នុងស្រុក។ ការផ្ទុះភ្នំភ្លើងនេះ ត្រូវបានគេថត ហើយចេញផ្សាយតាម YOUTUBE។ គេឃើញការហុយឡើងលើនៃពពកផ្សែង និងផេះ ដែលជះឡើងលើក្នុងកម្ពស់ដល់៣,៥គីឡូម៉ែត្រ។ រូបភាពនៃការផ្តុះភ្នំភ្លើង ត្រូវបានគេផ្សាយ តាមបណ្ដាញសង្គមជប៉ុន និងបរទេស។ រូបភាពទាំងនេះ ថតដោយប្រជាជន ឬបណ្ដាអ្នកដំណើរ នៅទីតាំងទេសចរណ៍ពេញនិយមនោះ ដោយបង្ហាញពពកផ្សែងខ្មៅដែលជះចេញពីចង្កេះភ្នំ។
អាជ្ញាធរជប៉ុន បានស្នើដល់ប្រជាជន ចៀសវាងកុំទៅក្បែរភ្នំភ្លើងនេះ ក្នុងរង្វង់២គីឡូម៉ែត្រ ព្រោះខ្លាច ជាពិសេសគ្រោះថ្នាក់ នៃការជះថ្មភ្នំភ្លើង ឬខ្លាចដល់ការបញ្ចេញឧស្ម័នពុល។ ទោះបីយ៉ាងណា ការផ្ទុះភ្នំភ្លើងនោះមិនទាន់មានការណែនាំឲ្យជម្លៀសមនុស្សចេញនៅឡើយ។
ភ្នំភ្លើងនោះ ជាទីតាំងទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ជប៉ុន។ អាទិភាពរបស់អាជ្ញាធរមូលដ្ឋាន គឺធានាកុំឲ្យមានមនុស្សណាម្នាក់ជាប់ចេញទៅណាមិនរួច។ មកដល់យប់ថ្ងៃទី២០ ខែតុលា ពុំទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាម្នាក់នៅឡើយ។ មុនការផ្ទុះមានមនុស្សមួយចំនួន បានទៅក្បែរភ្នំភ្លើងនេះ តែគេមិនអាចទៅក្បែរមាត់ភ្នំភ្លើងបានទេ ព្រោះមានការប្រកាសអាសន្នកម្រិតទី៣។
បណ្ដាប្រជាជនដែលរស់នៅក្បែរភ្នំភ្លើងអះអាងថា មិនសូវមានការបារម្ភខ្លាំងចំពោះការផ្ទុះភ្នំភ្លើងនេះឡើយ ហើយក៏មិនទាន់មានការហូរកំអែរដែរ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ