ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា បង្កើតគណៈកម្មការថ្មីមួយ ដែលទទួល​បន្ទុក​លើការស្នាក់នៅ ការហូបចុក និងដឹកជញ្ជូន​កីឡាករ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣

1 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សេចក្ដីសម្រេច បង្ហាញថា កម្ពុជាបានចាត់តាំងអោយមានគណៈកម្មការថ្មីមួយ ដែលទទួលបន្ទុកលើការស្នាក់នៅ ការហូបចុក និងដឹកជញ្ជូនកីឡាករ និងប្រតិភូបរទេស និងកម្ពុជា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម…

ភ្នំពេញ៖ សេចក្ដីសម្រេច បង្ហាញថា កម្ពុជាបានចាត់តាំងអោយមានគណៈកម្មការថ្មីមួយ ដែលទទួលបន្ទុកលើការស្នាក់នៅ ការហូបចុក និងដឹកជញ្ជូនកីឡាករ និងប្រតិភូបរទេស និងកម្ពុជា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ។ គណៈកម្មការនេះ មិនត្រឹមតែ​មានចំនួនច្រើន និង​សុទ្ធតែមានជំនាញច្បាស់ៗ លើការគ្រប់គ្រងតាម​ផ្នែកនោះទេ តែក៏ទំនងជាចំណាយច្រើនម៉ឺនដុល្លារ ក្នុងការចាត់ចែង ដើម្បីអាចដំណើរក្នុងការទទួលកីឡាករ និង​ប្រតិភូ​ទាំងអស់ ក្នុងនាមជាម្ចាស់ផ្ទះផងដែរ។

គណៈកម្មការ​នេះ ត្រូវបានបើកកិច្ចប្រជុំ និង​បណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់​ មិនខុសគ្នាពីក្រុមកីឡាករឡើយ។ គណៈកម្មការ​នេះ បានបង្ហាញអោយឃើញនូវឌ្ឍនភាពការងារ និង​ភាពលម្អិតស៊ីជម្រៅ ក្នុងការងារទទួលរៀបចំ ក្នុងនាមជា​គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដើម្បីជំរុញបន្ថែមឲ្យដំណើរការ​ឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ​ស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ អោយទទួលបានជោគជ័យ។

ថ្លែងក្រោយ​កិច្ចប្រជុំ ប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែតុលា លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា អ្វីដែលសំខាន់នៅក្នុងប្រជុំថ្ងៃនេះ គឺផ្តោតសំខាន់ទៅលើការត្រួតពិនិត្យ វាយតម្លៃ និងភាពលម្អិតលើវឌ្ឍនភាពការងាររបស់គណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន ដែលជាគណៈកម្មការសំខាន់មួយ ក្នុងការធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍ភ្ញៀវ និងធ្វើឲ្យភ្ញៀវមានភាពកក់ក្តៅ​នៃការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

យ៉ាងណាមិញ នៅមិនទាន់អាចប៉ាន់ស្មានពីទំហំចំណាយ សម្រាប់ការងារដ៏សំខាន់មួយនេះនៅឡើយទេ ដោយគ្រាន់តែកម្ពុជា ប្រកាសថា គណៈកម្មការមួយនេះ គឺត្រូវពង្រឹងអោយហ្មត់ចត់ ព្រោះជាការទទួលខុសត្រូវមួយខ្ពស់។

លោកអគ្គលេខាធិការ បានគូសបញ្ជាក់យ៉ាងដូច្នេះថា គណៈកម្មការ ទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្តេចតេជោ ហ៊ុន សែន ថាក្នុងឋានៈជាម្ចាស់ផ្ទះ ធ្វើយ៉ាងណាឲ្យការទទួលភ្ញៀវរបស់យើង ទទួលបានកិត្តិយសល្អ សេចក្តីថ្លៃថ្នូរ ក្រៅអំពីការប្រកួតកីឡា។ ដូច្នេះ នៅក្នុងកិច្ចប្រជុំថ្ងៃនេះ យើងបានលម្អិតអំពីថា តើការដឹកជញ្ជូន ត្រូវការ​រថយន្តប៉ុន្មានគ្រឿង? កន្លែងស្នាក់នៅហូបចុក ត្រូវរៀបចំយ៉ាងណាបន្ថែម ក្រៅពីភូមិកីឡា ដែលជាកន្លែងស្នាក់នៅ​ហូបចុករួម?។

ជាមួយគ្នានោះ សណ្ឋាគារ ហ្គាឌិនស៊ីធី ដែលនៅជិតនឹងពហុកីឡដ្ឋានជាតិមរតកតេជោ នឹងប្រើប្រាស់សម្រាប់ធ្វើជា​ការិយាល័យកណ្តាលនៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលជាការិយាល័យធំ សម្រាប់ការរៀបចំការប្រកួតកីឡាស៊ីហ្គេម ឲ្យ​ទទួលបានជោគជ័យ។ ការិយាល័យកណ្តាលធំ នៅសណ្ឋាគារនេះ គឺនៅជិតពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែង​ប្រកួតកីឡាមួយភាគធំនៅទីនេះ ហើយវានឹងផ្តល់ភាពងាយស្រួលដល់ការគ្រប់គ្រង ដឹកនាំ និងដោះស្រាយបញ្ហាផ្សេងៗ បានទាន់ពេលវេលាផងដែរ។

ក្រៅពីនេះ សណ្ឋាគារ សុខា ក៏ជាកន្លែងត្រៀមទទួលភ្ញៀវកិត្តិយសថ្នាក់ខ្ពស់ៗ ដូចជា ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល​នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ព្រមទាំងត្រៀមទទួលប្រធានអូឡាំពិកអន្តរជាតិ ប្រធានអូឡាំពិកអាស៊ី និងប្រតិភូសហព័ន្ធ​កីឡាអន្តរជាតិ មកពីជុំវិញពិភពលោក ដែលមកជួយដល់ការរៀបចំស៊ីហ្គេមនៅកម្ពុជា ឆ្នាំ២០២៣ ផងដែរ។

លោក វ៉ាត់ ចំរើន បន្ថែមថា ជាមួយគ្នានេះ គណៈកម្មការជំនាញនេះ ក៏បានបង្ហាញពីវឌ្ឍនភាពការងារយ៉ាងលម្អិត​ពីភារកិច្ចមួយ ទៅភារកិច្ចមួយទៀត ក្នុងការត្រៀមរៀបចំការដឹកជញ្ជ្ជូន-ស្នាក់នៅ-ហូបចុក ពីព្រលានយន្តហោះ ទៅកន្លែងស្នាក់នៅ ពីកន្លែងស្នាក់នៅ ទៅកន្លែងហ្វឹកហាត់ និងពីកន្លែងស្នាក់នៅ ទៅទីលានប្រកួត និងត្រឡប់ពីការប្រកួតវិញ ជាដើម។

បច្ចុប្បន្ន CAMSOC បានបែងចែកនូវទីលានប្រកួតរួចហើយ ដូចជា ពហុកីឡដ្ឋានជាតិមករតកតេជោ ស្តាត​ចាស់ ស្តាតអូឡាំពិក សាលពិព័ណ៍អន្តរជាតិជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC (សម្រាប់ប្រភេទកីឡាក្នុងសាល) ដោយគណៈកម្មការជំនាញនេះ នឹងប្រើប្រាស់យន្តការនៃការផ្សារភ្ជាប់ទំនាក់ទំនងនៃការដឹកជញ្ជូនទៅកាន់គ្រប់ទីកន្លែងទាំងអស់នោះ។

ចំពោះការដឹកជញ្ជូននេះ លោក វ៉ាត់ ចំរើន លើកឡើងថា យើងមានជាផែនការរួចរាល់អស់ហើយ​ យើងនឹងផ្សារភ្ជាប់ជាមួយ​នឹងសន្តិសុខ សណ្តាប់ធ្នាប់-ចរាចរណ៍។ ក្នុងនោះ មានផ្លូវស៊ីហ្គេម ដែលកំណត់អាទិភាពសម្រាប់ការដឹក​ជញ្ជូនតាមដង​ផ្លូវស៊ីហ្គេមនេះ ដែលមិនអនុញ្ញាតឲ្យមហាជន ធ្វើដំណើរលើផ្លូវស៊ីហ្គេមនេះទេ​។ ទាំងអស់​នេះ គឺជាការគិតគូរយ៉ាងលម្អិត ដើម្បីជំរុញឲ្យការទទួលបដិសណ្ឋារកិច្ចរបស់ម្ចាស់ផ្ទះកម្ពុជា ជូនដល់ភ្ញៀវស៊ីហ្គេមទាំងអស់ ប្រកបដោយភាពកក់ក្តៅ កិត្តិយស និងជោគជ័យជាប្រវត្តិសាស្ត្រផងដែរ។

​​នៅក្នុងកិច្ចប្រជុំថ្ងៃនេះ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះការខិតខំប្រឹងប្រែងរបស់​គណៈ​កម្ម​ការ​ជំនាញ និងការផ្តល់មតិយោបល់ ហើយយើង​បាន​មើល​ឃើញ​ពី​ក្តី​សង្ឃឹម​នៃកម្លាំងសាមគ្គីភាពកាន់តែល្អប្រសើរ ពីមួយជំហាន ទៅមួយជំហាននៃដំណើរឆ្ពោះទៅ​ទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ជា​មួយ​គ្នា​នោះ​ ថ្នាក់ដឹកនាំ មន្ត្រីនៃគណៈកម្មការជំនាញទាំងអស់ មានភាពកក់ក្តៅ ភាពហ្មត់ចត់ ភាពលម្អិត ក្រោម​ការ​ដឹក​នាំ និងបទ​ពិសោធន៍របស់លោកបណ្ឌិត ថោង ខុន៕

Picture
Picture
Picture
Picture
Picture
Picture
Picture