បុគ្គលអ្នកប្រាថ្នាសម្បត្តិសុខ សម្បត្តិសួគ៌ ឬសម្បត្តិព្រះនិព្វាន ឬក៏ទទួលបានលទ្ធផលល្អក្នុងការងារ ដែលនឹងសម្រេចដូចក្តីប្រាថ្នាទៅបាន ក៏ព្រោះតែការប្រតិបត្តិក្នុងកិច្ចការនោះៗត្រឹមត្រូវណាស់ មិនមែនសម្រេចដោយគ្រាន់តែសុំប្រាថ្នា ឬដោយគ្រាន់តែហាមាត់អង្វរករបន់ស្រន់នោះទេ ។ រីឯការប្រតិបត្តិគុណធម៌តាមបែបលទ្ធិសាសនានោះសោតទៀតមានច្រើនថ្នាក់ ច្រើនវគ្គជាអនេក តែលោកពោលថា គុណធម៌គឺសីលជាថ្នាក់ដើមបំផុត ។ សីលលោកទុកដូចភូមិផែនដី គុណធម៌ដទៃៗ ទុកដូចជាពូជ មានផែនដីគឺសីលបរិបូណ៌ហើយ ទើបពូជធារ គឺគុណធម៌ដទៃៗ អាចលូតលាស់ដុះដាលចម្រើនឡើងជាលំដាប់ទៅបាន ។
សេចក្តីនេះសមដូចពុទ្ធភាសិតដែលទ្រង់សម្តែងថា ៖ សីលបរិតាវិតោ សមាធិ មហប្ផលោ ហោតិ មហានិសំសោ សមាធិដែលសីលអប់រំហើយ ជាគុណជាតិមានផលច្រើន មានអានិសង្សច្រើន ។ បញ្ញាដែលសមាធិអប់រំហើយ ជាគុណជាតិមានផលច្រើន មានអានិសង្សច្រើន ។ ចិត្តដែលបញ្ញាអប់រំរំហើយ តែងរួចស្រឡះចាកអាសវៈទាំងឡាយដោយប្រពៃមែនពិត ។
អ្នកបរិបូណ៌ដោយសីល រមែងមានសេចក្តីត្រជាក់ចិត្តជាថ្នាក់ៗឡើងទៅដូចព្រះបរមសាស្តាជាម្ចាស់សាសនាទ្រង់ត្រាស់សរសើរអានិសង្សសីលថា សីលមានប្រយោជន៍ឱ្យកើតសំវរៈ (ការសង្រួម) ការសង្រួមមានប្រយោជន៍មិនឱ្យមានវិប្បដិសារៈ (សេចក្តីក្តៅក្រហាយចិត្ត) ការមិនមានវិប្បដិសារៈ មានប្រយោជន៍ឱ្យកើតបាមោជ្ជៈ (សេចក្តីរីករាយចិត្ត) បាមោជ្ជៈមានប្រយោជន៍ឱ្យកើតបីតិ (សេចក្តីឆ្អែតចិត្ត) បីតិមានប្រយោជន៍ឱ្យកើតបស្សទ្ធិ (សេចក្តីស្ងប់រម្ងាប់ចិត្ត) បស្សទ្ធិមានប្រយោជន៍ឱ្យកើតសុខៈ (សេចក្តីស្រួលចិត្ត) សុខៈមានប្រយោជន៍ឱ្យកើតសមាធិ (សេចក្តីតម្កល់ចិត្តមាំទាំក្នុងកុសលធម៌) និងបន្តរហូតដល់វិមុត្តិញ្ញាណទស្សនៈមានប្រយោជន៍ឱ្យបានអនុបាទាបរិនិពា្វន (ការរំលត់ទុក្ខដោយអស់សេចក្តីប្រកាន់មាំ) ។
គាថាមួយទៀតទ្រង់ត្រាស់ថា ៖ ឥច្ឆតិ ហិ ភិក្ខុវេ សីលវតោ ចេតោ បណិធិ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រាថ្នាដែលតាំងនៅក្នុងចិត្តអ្នកមានសីលរមែងបានសម្រេចដូចបំណង ។ ព្រោះមានពុទ្ធភាសិតដូច្នេះបានជាក្នុងទីបំផុតនៃការសមាទានសីលលោកអ្នកឱ្យសីលតែងសំដែងអានិសង្សសីលប្រាប់អ្នកសមាទាន ហើយទូន្មានឱ្យអប់រំឱ្យដុសខាតសម្អាតសីលថា ៖ សត្វទាំងឡាយបានសុគតិ ព្រោះសីល បានភោគៈព្រោះសីល បានរំលត់ទុក្ខក៏ព្រោះសីល ហេតុនោះអ្នកសមាទានសីលគប្បីជម្រះសីលរបស់ខ្លួនឱ្យបរិសុទ្ធចុះ ។
តាមសេចក្តីក្នុងពុទ្ធភាសិតនេះ ឃើញថា កាលជនទាំងឡាយជាអ្នករក្សាសីល មានសីល៥ជាដើម ពេលកំពុងសមាទានសិក្ខាបទនោះ នៅជាសីលបណ្តោះអាសន្ននៅឡើយទេ លុះតែសមាទានហើយ អ្នកសមាទាននោះបានជួបនឹងសត្វគួរសម្លាប់មិនសម្លាប់ ជួបនឹងទ្រព្យគេគួរលួចមិនលួច ជួបនឹងស្រីស្អាតគួរសេពសន្ថវៈមិនប្រព្រឹត្តក្នុងកាម ជួបនឹងពាក្យគួរភូតកុហកមិនភូត ជួបនឹងសុរាឬថ្នាំញៀនគួរសេពមិនសេព ទើបបានជាសីលស្ថាពរ ។
តាមសេចក្តីនេះបង្ហាញយ៉ាងច្បាស់ថា និច្ចសីលគឺសីល៥ ដែលត្រូវរក្សាជានិច្ចមិនចាំបាច់ទៅសមាទានអំពីបុគ្គលដទៃទេ គ្រាន់តែតាំងចិត្តថាជាអ្នករក្សាគ្រប់សិក្ខាបទទាំង៥ ហើយវៀរចាកគ្រប់អំពើអាក្រក់ទាំង៥យ៉ាង មានការសម្លាប់ជាដើម ទៅក៏បានជាសីលពិតប្រាកដហើយ ។ ការដែលសមាទានអំពីអ្នកដទៃនោះ គឺគ្រាន់តែពោលប្រាប់គេថា ខ្លួនបានរក្សាសិក្ខាបទនេះមួយៗឱ្យគេជួយជាសាក្សីប៉ុណ្ណោះ ត្រង់ការរក្សាសិក្ខាបទនោះៗ ស្រេចហើយតែនៅលើខ្លួនឯងផ្ទាល់ មិនមែនឱ្យអ្នកឱ្យសីលនោះគេជួយរក្សាជួសយើងបានទេ ៕
(ដោយធម្មាចារ្យ សច្ចៈ ភាព)
ចែករំលែកព័តមាននេះ