ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ បញ្ជាឱ្យអាជ្ញាធរចាក់វ៉ាក់សាំងជូនពលរដ្ឋតាមភូមិ និងផ្ទះតែម្តង ខណៈអ្នកបាត់បង់ជីវិតភាគច្រើនមិនបានចាក់វ៉ាក់សាំង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា យ៉ាង​ដូច្នេះ​តាម​ការ​សង្កេត​មួយ​រយៈ​កន្លង​មកនេះ​អ្នក​ដែល​បាន​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ មួយ​ចំនួន​ធំ គឺ​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ ដូច្នេះ​ស្នើ​ឲ្យ​ក្រុម​គ្រូពេទ្យ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា យ៉ាង​ដូច្នេះ​តាម​ការ​សង្កេត​មួយ​រយៈ​កន្លង​មកនេះ​អ្នក​ដែល​បាន​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ មួយ​ចំនួន​ធំ គឺ​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ ដូច្នេះ​ស្នើ​ឲ្យ​ក្រុម​គ្រូពេទ្យ អាជ្ញាធរ​រក្សា​ទុក​វ៉ាក់សាំង ដើម្បី​ចាក់​ជូន​ពលរដ្ឋ​មិន​ទាន់​បាន​ចាក់​នៅ​តាម​ភូមិ ឬ​ចាក់​ដល់​ផ្ទះ​តែ​ម្តង ចំពោះ អ្នក​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ចាក់​បាន ។

យោង​តាម​សារ​សំឡេង​ពិសេស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​គូសបញ្ជាក់​ទៀត​ថា ៖«​យើង​សង្កេត​ឃើញ​ថា ចំនួន​អ្នក​ស្លា​.​ប់​ដោយ​ជំងឺ​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ទី​១៨ ខែតុលា មាន​ចំនួន​១២​នាក់ ក្នុង​នោះ​មាន​៨​នាក់ មិន​បាន​ចាក់​វ៉ាក់សាំង ។ ជា​ទូ​ទាំង​អ្នក​ដែល​ទទួលមរណភាព​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង គឺជា​ចំនួន​មួយ​ដ៏​ធំ ហើយ​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​មាន​មូលហេតុ​ខុស​ៗ​គ្នា ។ ដូច្នេះ​ខ្ញុំ​សូម​ស្នើ​ក្រុម​គ្រូពេទ្យ អាជ្ញាធរ ក៏​ដូច​ជា ពលរដ្ឋ​ខិតខំ​ធ្វើការ​ទទួល​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​គ្នា​» ។

ជាក់ស្តែងយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២១ កន្លងទៅ មានអ្នកទទួលមរណភាពដោយជំងឺកូវីដ-១៩ មានចំនួន ១២នាក់ ក្នុងនោះ មានអ្នកស្លា.ប់ដល់ទៅ ៨ នាក់ ពុំបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ទាល់តែសោះ ។

សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា ទោះបី​នៅ​តាម​ទីកន្លែង​បាន​ប្រកាស​បិទ​ការ​ចាក់​វ៉ាក់សាំង​យ៉ាងណា​ក្តី​ក៏​ត្រូវ​ទុក​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​ចាក់ ។ ហើយ​អាច​ធ្វើការ​កម្មវិធី​សម្រាប់​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ តាម​ផ្ទះ​តែ​ម្តង ក្នុង​ករណី​ប្រជាពលរដ្ឋ​មិន​អាច​ធ្វើ​ដំណើរ​មក​កន្លែង​ចាក់​វ៉ាក់សាំង​បាន ។

ចំណុច​នេះ​ខ្ញុំ​ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​គ្រូពេទ្យ​របស់​យើង​យក​កិច្ច​ទុកដាក់ សម្រាប់​ការ​អនុវត្ត​នៅ​មូលដ្ឋាន ។ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា ចំពោះ​ករណី​ព្យាបាល​អ្នកជំងឺ​វិញ​កន្លង​មកនេះ​គឺ​មានការ​បញ្ជូន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​ជា​ច្រើន​បាន​បញ្ជូន​ទៅ​កាន់​ទីក្រុង​ភ្នំពេញ​ក្នុង​ពេល​រាជរដ្ឋាភិបាល​បាន​ពង្រឹង​ការ​ព្យាបាល​នៅ​តាម​ខេត្ត និង​តាម​ភូមិ​ឃុំ​ដែល​អាច​ឆ្លើយ​តប​ការ​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី ដដែល​បាន​កើត​ចំពោះ​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត ។

សម្តេច​បន្ត​ថា ការ​រៀបចំ​ក្រុម​គ្រូពេទ្យ​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​បាន​រៀបចំ​យូរ​មក​ហើយ​ដែរ ហើយ​ករណី​នេះ​បាន​ឆ្លើយ​តប​នឹង​បញ្ហា​ដែល​កើតឡើង​ផង​ដែរ ប៉ុន្តែ​ជា​ទំលាប់​ធម្មតា​របស់​ប្រជាពលរដ្ឋ​មិន​ទាន់​ទុកចិត្ត​ទាំងស្រុង​ចំពោះ​មន្ទីរពេទ្យ​នៅ​ខេត្ត​នោះ​ទេ ទើប​បញ្ជូន​សមាជិក​គ្រូ​សារ​នៅ​ទីក្រុង ។

សម្តេច​បាន​គូសបញ្ជាក់​ថា ៖«​ការ​បញ្ជូន​អ្នកជំងឺ​កូ​វី​ដ​១៩ នៅ​មក​កាន់​មន្ទីរពេទ្យ​ទីក្រុង​ភ្នំពេញ គឺ​មិនមែន​ជា​វិធី​ល្អ​សម្រាប់​ស្រោចស្រង់​ជីវិត​អ្នកជំងឺ​សាច់ឈាម​យើង​នោះ​ទេ ។ តាម​ការ ខ្ញុំ​ប្រជុំ​ជាមួយ​ជាមួយ​បណ្តា​ខេត្ត​ក៏​ដូច​ជា ជាមួយ​ថ្នាក់ដឹកនាំ ពី​ថ្ងៃ​១៨​តុលា​បាន​រក​ឃើញ​ចំណុច​នេះ ។

មន្ទីរពេទ្យ​សុខាភិបាល​មិន​បាន​ចាត់​អ្នកជំងឺ​កូ​វី​ដ​១៩ ទៅ​រាជធានី​ភ្នំពេញ​ទេ ប៉ុន្តែ​ក្រុម​គ្រួសារ​ទេ​ដែល​ប​ញ្ចូ​ន​អ្នកជំងឺ​ទៅ​ភ្នំពេញ​» ។ សម្តេច​លើក​ឡើង​ថា ៖«​យើង​យល់​ឃើញ​ថា មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ មាន​សមត្ថភាព​លើស​មន្ទីរពេទ្យ​ខេត្ត ប៉ុន្តែ​សម្រាប់​ករណី​ជំងឺ​កូ​វី​ដ​យើង​បាន​ពង្រឹង​អស់​រយៈពេល​១​ឆ្នាំ​មក​ហើយ​សម្រាប់​ការ​ព្យាបាល​ហើយ​ក៏​មាន​គ្រូពេទ្យ​ថ្នាក់​កណ្តាល​ផង​ដែរ ។

ដូច្នេះ​បើសិន​មានការ​ចាត់​បញ្ជូន​អ្នកជំងឺ​ពី​ខេត្ត​ទៅ​ទីក្រុង​ភ្នំពេញ​នឹង​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ទៅ​វិញ​ទេ​» ។ សម្តេច​តេ​ជោ បាន​ស្នើ​ឲ្យ​មានការ​យកចិត្តទុកដាក់ ដោយសារ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​គ្រូពេទ្យ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា បើសិន​អ្នកជំងឺ​ធ្វើ​ដំណើរ​ឆ្ងាយ ហើយ​មាន​រថយន្ត​ប្រើ​ដោយ​ម៉ាស៊ីនត្រជាក់​ទៀត​នោះ​នឹង​ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​បញ្ហា​កាន់តែ​ធ្ងន់​ទៅ​វិញ ។ មិន​ត្រឹមតែ​អ្នកជំងឺ​ទេ សូ​ម្បី​ដែល​អ្នក​សុខភាព​ធម្មតា​ក៏​ពិបាក​បើ​ធ្វើ​ដំណើរ​២​ឬ​៣​ម៉ោង ។ ចំណែក​អ្នកជំងឺ​រឹតតែ​ធ្ងន់ធ្ងរ​ថែម​ទៀត ឬ​ពិបាក​ស្រោចស្រង់​ជីវិត​តែ​ម្តង ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គួរ​ទុកចិត្ត​ដល់​មន្ទីរពេទ្យ​ថ្នាក់​ខេត្ត​ពីព្រោះ​ថា នៅ​មន្ទីរពេទ្យ​តាម​ខេត្ត​បាន​ពង្រឹងសមត្ថភាព​ព្យាបាល​រួច​ហើយ ។ ការ​ធ្វើ​បែប​នេះ ដើម្បី​ជៀសវាង​ការ​កកកុញ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​នៅ​ក្រុងភ្នំពេញ ប៉ុន្តែ​បញ្ហា​នេះ គឺជា​បង្ហាញ​បន្ទាប់បន្សំ​ទេ អ្វី​ដែល​ជា​បញ្ហា គឺ​ការ​រក្សា​អាយុជីវិត​អ្នកជំងឺ​ដែល​បាន​ចាត់​បញ្ជូន​ដែល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកជំងឺ​វិញ​តាម​រយៈ​ការ​បញ្ជូន​ទៅ​កាន់​ទីក្រុង​ភ្នំពេញ​ដោយ​មិន​ចាំបាច់​ខណៈ​នៅ​ខេត្ត​មាន​លទ្ធភាព​ព្យាបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ