ខេត្តកណ្តាល ៖ ទីបំផុត សមត្ថកិច្ចចាប់បានឃា.ត.ករ.ចាក់សម្លា.ប់មិត្តភក្តិរបស់ខ្លួនឯងនៅស្រុកមុខកំពូលហើយ ដោយប្រើរយៈពេល២ថ្ងៃប៉ុណ្ណោះក្នុងការស្រាវជ្រាវរកមុខសញ្ញា ហើយក៏បញ្ជូនជននេះទៅកាន់តុលាការខេត្តផងដែរ ។ នៅថ្ងៃទី១៨ តុលា តុលាការសម្រេចចោទប្រកាន់ពីបទ«ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០នៃច្បាប់ព្រហ្មទណ្ឌ និងសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ។

យោងទៅតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌបានកំណត់ថា បទឃាតកម្មគិតទុកជាមុន គឺជាអំពើសម្លា.ប់មនុស្ស ដោយមានការគិតទុកជាមុនមានន័យថា បុគ្គលដែលជាឃាតករបានរៀបគម្រោងការសម្លា.ប់ជនរងគ្រោះបទឃាតកម្ម គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១០ឆ្នាំ ទៅ១៥ឆ្នាំ។ ចំណែកឃាតកម្មគិតទុកជាមុនវិញ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។

ជនសង្ស័យខាងលើ មានឈ្មោះ ស្រេង តាយ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិ៦ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង (មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ) បានឃាត់ខ្លួននៅថ្ងៃទី១៥ ខែតុលា ស្ថិតនៅឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ដោយឡែក ជនរងគ្រោះឈ្មោះង្វៀង ដាងជុង ភេទប្រុស ជនជាតិវៀតណាម (មានបណ្ណស្នាក់នៅ) អាយុ៤០ឆ្នាំ មុខរបរម៉ៅការសំណង់ ដែលបច្ចុប្បន្ន ស្នាក់នៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទីកន្លែងកំណើត ឃុំព្រែកខ្សាយ (ខ) ស្រុកពារក៍ ខេត្តព្រៃវែង ។

បើតាមមន្ត្រីជាន់ខ្ពស់របស់កងរាជអាវុធហត្ថខេត្តកណ្តាលបានប្រាប់ឱ្យដឹងថា ជនសង្សយ័បានឆ្លើយសារភាពថា (នៅថ្ងៃកើតហេតុ ថ្ងៃទី១៣ តុលា) ជនរងគ្រោះបានទូរសព្ទ័ហៅរូបគេ(ជនសង្ស័យ) ទៅជួបគ្នាមើលការងារសំណង់នៅភ្នំពេញ ។ លុះដល់ថ្ងៃត្រង់ជនសង្ស័យ ក៏បានជិះរថយន្តឈ្នួលចេញពីផ្ទះក្នុងខេត្តព្រៃវែងទៅម្តុំផ្សារច្បារអំពៅ ដោយយកកូនកាំបិតចុងស្រួចដងជ័រពណ៌លឿងមួយដើមទុកក្នុងហោប៉ៅខោទៅជាមួយ ក្នុងគោលបំណងចាក់ជនរងគ្រោះ ព្រោះធ្លាប់កុហកខ្លួនច្រើនដងមកហើយ ធ្វើឲ្យខាតពេលវេលា និងអស់សោហ៊ុយជាច្រើនដង ។

លោកបន្តថា ពេលទៅដល់ផ្សារច្បារអំពៅ ជនសង្ស័យបានទូរស័ព្ទទៅជនរងគ្រោះជាច្រើនដងឲ្យទៅយកខ្លួន តែជនរងគ្រោះជាប់រវល់លេងអុកដោយប្រាប់ថា ឱ្យចាំមួយភ្លែតៗរហូតដល់វេលាល្ងាច ទើបទៅជួបគ្នា ហើយជនសង្ស័យក៏មានចិត្តខឹងជាខ្លាំង រួចហើយជនរងគ្រោះ បានដឹកជនសង្ស័យទៅមើលកាងារជិះតាមផ្លូវជាតិលេខ 6A និងបន្តចូលទៅជិតដល់កន្លែងកើតហេតុ ក៏មានភ្លៀងរួចក៏បាននាំគ្នាចូលទៅអង្គុយនៅហាងជិតនោះ និងបានហៅស្រាបៀរផឹកមួយសន្ទុះ (អស់ចំនួនកន្លះកេស)។

ពេលនោះជនសង្ស័យបានឲ្យជនរងគ្រោះទាក់ទងទៅគេ ដែលហៅមកមើលការងារនោះ តែជនរងគ្រោះបែរជាទូស័ព្ទទៅប្រាប់គេថា មេឃភ្លៀងហើយយប់ងងឹតទៀតមិនបានទៅជួបទេ។ ជនសង្ស័យបាននិយាយថា ជនរងគ្រោះនិយាយកុហក់ ហើយបានឈ្លោះប្រកែកគ្នា (ពាក្យសម្តី) រួចគិតលុយចេញដំណើរទៅទៀត ដោយជនរងគ្រោះជាអ្នកឌុប និងប្រាប់ជនសង្ស័យឲ្យទៅដេកនៅផ្ទះខ្លួននៅម្តុំស្ទឹងមានជ័យសិនទៅ ស្អែកចាំមកជួបគេនិយាយការងារទៀត។ ពេលកំពុងជិះម៉ូតូនោះ ជនសង្ស័យនិងជនរងគ្រោះនៅតែបន្តប្រកែកគ្នា ស្របពេលជនរងគ្រោះ ចង់ឈប់ចុះនោមសិន ក៏បង្អង់ម៉ូតូរៀបនឹងឈប់ដាក់ចន្ទល់ ក៏ស្រាប់តែជនសង្ស័យបានយកកូនកាំបិតចុងស្រួចដែលទុកក្នុងហោប៉ៅខោ ដកចេញធ្វើសកម្មភាពចាក់ខ្នងជនរងគ្រោះពីក្រោយ ០១កាំបិត ។

ភ្លាមនោះ ជនរងគ្រោះបានតបតទៅវិញដោយយកមួកសុវត្ថិភាពដេញវាយជនសង្ស័យ ហើយជនសង្ស័យក៏បានរត់តែជនរងគ្រោះនៅតែបន្តដេញ ជនសង្ស័យក៏បានបែរមកចាក់ជនរងគ្រោះត្រូវ ០១កាំបិតទៀតចំទ្រូងខាងឆ្វេង និងចាក់លើខ្នងជាច្រើនកាំបិតបន្ថែម បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែង រួចជនសង្ស័យបានលើកម៉ូតូជនរងគ្រោះជិះចេញទៅ និងបានបោះកូនកាំបិតចោលនៅជិតកន្លែងកើតហេតុ រួចយកម៉ូតូជនរងគ្រោះជិះតាមផ្លូវជាតិលេខ 6A ឡើងផ្លូវជាតិលេខ 8 ឆ្ពោះទៅផ្ទះរបស់ខ្លួននៅស្រុកពាមរក៏ ខេត្តព្រៃវែង និងឈប់កាច់ស្លាកលេខម៉ូតូចោលតាមផ្លូវ (មិនចាំកន្លែង) ។

ដោយខ្លាចបែកការណ៍ រូបគេក៏យកម៉ូតូទៅរុញទំលាក់ចោលក្នុងទឹកស្រះស្ថិតនៅវត្តមួយ ស្ថិតក្នុងភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ហើយខ្លួនក៏បានទៅចូលរួមបុណ្យសពជនរងគ្រោះដែលជាមិត្តភក្តិ រស់នៅភូមិជាមួយគ្នានៅថ្ងៃបន្ទាប់ (ធ្វើខ្លួនជាធម្មតាដើម្បីកុំឲ្យគេសង្ស័យ) តែត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនបានតែ
ម្តង។









ចែករំលែកព័តមាននេះ