ឆ័យ៖ អត់ទេពុក! ត្រង់ណាក៏ខ្ញុំមិនពេញចិត្តដែរ! ខ្ញុំពេញចិត្តត្រង់ហ្នឹង! បើពុកមិនចង់ខូចមនុស្សខូចម្នាទេ ត្រូវតែទៅដណ្ដឹងអូនភួងម្លិះឲ្យខ្ញុំ ! ពុកប្រញាប់រាថយខ្លាំងម្ល៉េះ ! ទ្រព្យសម្បត្តិយើងក៏មិនចាញ់គ្រួសារពុកសាម៉នដែរ! កម្លោះនៅក្នុងភូមិយើងនេះ មានអ្នកណាសាកសមជាមួយអូនភួងម្លិះជាងខ្ញុំទៀតទៅ ?
នៅផ្ទះសាម៉ន។ នៅក្តារងឿយ៉មុខផ្ទះ មីងផៃបក់ផ្លិត ពេបមាត់ និយាយបណ្ដើរ
ផៃ៖ ហ៊ឺ! ម៉ាកត្រឹមប៉ុណ្ណឹងៗចង់មកធ្វើកូនប្រសារយើងផងហ្អី! ទៅមិនរួចទេ! ម៉ាកត្រឹម កម្លោះក្នុងភូមិនេះមកសម្លឹងកូនស្រីយើង ដូចជាគង្គក់ចង់ឡើងវល្លិ៍អញ្ចឹង ! ភួងម្លិះ ត្រូវស្ដាប់ម៉ែ ស្ដាប់ពុក! ហើយត្រៀមចិត្តត្រៀមកាយឲ្យហើយ! កុំមើលឃើញត្រឹមចុងច្រមុះ! ត្រូវសម្លឹងមើលឲ្យខ្ពស់! ឃើញឲ្យដល់កំពូលភ្នំឯណោះណាកូន! ម៉ែ និង ពុកមានកូនស្រីតែមួយទេ! ទ្រព្យសម្បត្តិកេរ្ដិ៍អាករយើងតាំងពីដូនពីតាមកក៏មិនខ្វះ! អ្នកណាចង់បានកូនស្រីម៉ែ ទាល់តែខ្លឹមបន្ដិច! កម្លោះទីក្រុង មានបុណ្យសក្ដិ មុខមាត់ កិត្តិយស ទ្រព្យសម្បត្តិ រូបសម្បត្តិ គុណសម្បត្តិល្អគ្រប់យ៉ាង ទើបម៉ែចូលភ្នែកខ្លះ! តែបើថាធុនមួយរៀលៗដូចអាពួកកម្លោះក្បែរខាងអស់នេះទេ! កុំសង្ឃឹមឲ្យសោះ!
ភួងម្លិះ និងកែវអង្គុយក្រងភួងម្លិះក្បែរនោះ ធ្វើមុខហួសចិត្ត
ភួងម្លិះ៖ ម៉ែនិយាយដូចជាមានតែកូនស្រីម៉ែម្នាក់អញ្ចឹង! មនុស្សយើងកុំលើកតម្កើងតម្កល់ខ្លួនឲ្យខ្ពស់ជាងគេពេក! យើងរស់នៅសាមញ្ញដូចគេដូចឯងល្អជាង! ម៉ែកុំចង់យកតម្រាប់តាមដូនផាន់ក្នុងរឿងទុំទាវអី! ព្រោះថារឿងនេះទុកជាគំរូ តកូន តចៅជំនាន់ក្រោយហើយ! ស្នេហាពិត មិនអាចយកវណ្ណៈបុណ្យសក្ដិទ្រព្យសម្បត្តិមករារាំងបានទេ !
ផៃបើកភ្នែកធំៗដាក់ភួងម្លិះ ដាក់ផ្លិតចុះ
ផៃ៖ ណែៗ! ភួងម្លិះ! កូនឯងកុំមកប្រៀបធៀបម៉ែជាមួយដូនផាន់ឲ្យសោះ ! ម៉ែមិនដល់ថ្នាក់បង្ខំកូនស្រីខ្លួនឯងឲ្យដល់ស្លាប់នោះទេ! តែម៉ែចង់បង្ហាញឲ្យកូនដឹង ឃើញហើយនិងចេះពិចារណាជ្រើសរើសដោយខ្លួនឯងថាអ្វីសម អ្វីមិនសម !
នាយម៉ាប់លើកទឹកដូងយកមកឲ្យផៃ
ម៉ាប់៖ អ៊ំស្រីៗ! នេះទឹកដូងត្រជាក់ៗ! ពិសាសិនទៅ! កុំឲ្យស្អកកទាន់! ខ្ញុំឮអ៊ំស្រីទេសនាអូនភួងម្លិះមួយព្រឹកទៅហើយ! មិនទាន់ឈប់ទៀត! វរៗខះកនិយាយលែងចេញទៅ!
ផៃលើកពែងទឹកគប់ក្បាលនាយម៉ាប់ ធ្វើឲ្យនាយម៉ាប់គេចវក់វី
ផៃ៖ យ៉ើស! នៅមានមុខមកឌឺដងឲ្យអញទៀតហ្អីអាម៉ាប់! ចិញ្ចឹមឯងនេះបំបង់បាយមែន! អញប្រើឲ្យតាមទៅជួយមើលប្អូននៅឯរោងបុណ្យផង! វាមកសំងំដេកស្រមុកក្នុងផ្ទះឯណេះធ្វើព្រងើយ! ឯងនេះពឹងជាមុខជាមាត់ស្អីមិនដែលបានម្ដងណាទេ! អាកម្ជិលអាំងផេះ! តិចៗក្បាលម៉ាពែងទឹកឥឡូវ !
ភួងម្លិះ និងកែវងាកមើលមុខគ្នា ញញឹមលបៗ លើកថាសក្រងភូងផ្កាគេចចូលទៅក្នុងផ្ទះបាត់ ។
នៅផ្ទះអរុណ ។ មីងរឿងកំពុងហាន់ដើមចេក រួចយកបុកក្នុងត្បាល់ឈើធំសម្រាប់បុកស្រូវទុកលាយបាយជ្រូក ។ អរុណដឹកគោចូលមកដល់ទីធ្លាមុខផ្ទះ ឃើញរឿងកំពុងបុកដើមចេក អរុណចងគោរួច ស្ទុះមករករឿង
អរុណ៖ ម៉ែ! ទុកឲ្យខ្ញុំធ្វើវិញ! ប៉ុន្មានថ្ងៃនេះ ម៉ែមិនសូវស្រួលខ្លួនទេ! ខ្ញុំប្រាប់ហើយថាទុកឲ្យខ្ញុំធ្វើ! កិច្ចការក្នុងផ្ទះប៉ុណ្ណឹង ខ្ញុំធ្វើបាន !
អរុណដណ្ដើមអង្រែពីដៃរឿង រួចជួយបុកដើមចេក
រឿង៖ ម៉ែឃើញឯងមកពីស្រែហត់ពេក! ត្រូវមកធ្វើការងារផ្ទះទៀត! គ្រាន់តែបុកដើមចេកប៉ុណ្ណឹងម៉ែធ្វើបាន! ម៉ែមានឈឺអីធ្ងន់ធ្ងរឯណាកូន! គ្រាន់តែគ្រុនផ្ដាសាយប៉ុណ្ណឹង !
អរុណបុកដើមចេកបណ្ដើរ និយាយបណ្ដើរ
អរុណ៖ មិនមែនតិចតួចទេ ! ម៉ែគ្រុនផ្ដាសាយធំ! បើនៅស្រុកគេវិញគេខ្លាចគ្រុនផ្ដាសាយនេះ ធំបំផុតហើយណាម៉ែ! ព្រោះតែឈឺជំងឺនេះហើយ មិនងាយជាទេ!
រ៉េតស្លៀកពាក់សិស្សស្ពាយកាបូបរៀន ដើរចូលមករបៀបអស់កម្លាំង ទម្លាក់កាបូបសៀវភៅទៅលើគ្រែឫស្សី រួចអង្គុយចុះក្បែររឿង ធ្វើមុខជូរ។ រឿងងាកមើលមុខរ៉េត
រឿង៖ អឺ! យ៉ាងម៉េចទៅហើយអារ៉េត0x017d7 បានជាមកដល់ផ្ទះធ្វើមុខជូរដូចក្រូចឆ្មាអញ្ចឹង ? រៀនមិនទាន់គេមែនទេ ?
រ៉េត៖ មិនមែនខ្ញុំរៀនមិនទាន់គេទេម៉ែ! គឺខ្ញុំទៅរៀនមិនទាន់គេ! សាលាឆ្ងាយ សូម្បីតែកង់កញ្ចាស់មួយក៏គ្មានជិះ! ត្រូវដើរទៅដើរមក ម៉ែស្មានថាស្រួលណាស់ទៅហ្អី! ទម្រាំតែទៅដល់សាលា ចូលរៀនក្រោយគេឲ្យរាល់តែដង! ត្រូវលោកគ្រូពិន័យរហូត! ខ្ញុំមិនចង់ទៅរៀនទៀតទេ !
អរុណបើកភ្នែកធំៗ
អរុណ៖ ឯងកំពុងគិតស្អីហ្នឹងអារ៉េត ? គ្រាន់ដើរទៅរៀនប៉ុណ្ណឹង ម៉េចក៏គិតថាពិបាកខ្លាំងម្ល៉េះ0x017d7 ឯងមានបងរកប្រាក់ឲ្យឯងរៀន ខោអាវ សៀវភៅ មិនដែលឲ្យឯងខ្វះខាត គ្រាន់តែដើរទៅសាលាប៉ុណ្ណឹង ឯងគិតថាយ៉ាប់ណាស់ហើយហ្អី! កាលពីជំនាន់បងរៀន ពុកឈឺ ម៉ែក៏ឈឺ បងត្រូវរកលុយទៅរៀនខ្លួនឯងផង រៀនផង ជួយធ្វើស្រែពុកទៀត! នៅតែបងអាចរៀនចប់វិទ្យាល័យ !
រ៉េតធ្វើមុខមិនសប្បាយចិត្ត ប្រះខ្លួនដេកលើគ្រែកើយកាតាប
រ៉េត៖ ចុះបងរុណរៀនចប់វិទ្យាល័យហើយ បានប្រយោជន៍ស្អីទៅ ? បើយើងក្រ គ្មានសាច់ញាតិ គ្មានការងារធំដុំស្អីធ្វើនឹងគេផង! រៀនចប់វិទ្យាល័យ ក៏មិនឃើញរកការងារ ឯណាបានធ្វើ! ឃើញតែបងរុណនៅធ្វើស្រែដដែលហ្នឹង !
រឿង៖ ឯងកុំនិយាយអញ្ចឹងរ៉េត ! តម្លៃចំណេះវិជ្ជាគ្មានអ្វីវាស់ស្ទង់បានទេ! ចំណេះចេះដឹងវាស្ថិតក្នុងខ្លួនរបស់យើង! ទោះជាពេលនេះបងប្រុសឯងគេគ្មានការងារធ្វើឲ្យបានល្អប្រសើរ! តែចំណេះដឹងក្នុងខ្លួនគេអាចធ្វើឲ្យគេរស់នៅក្នុងជីវិតជាមនុស្សល្អ! មានចំណេះវិជ្ជា ធ្វើឲ្យយើងគិត ចេះពិចារណា ចេះបែងចែកអ្វីល្អ អ្វីអាក្រក់! បើយើងក្រហើយ ល្ងង់ខ្លៅទៀត យើងរស់នៅដូចមនុស្សពិការភ្នែកអញ្ចឹង !
រ៉េត៖ តែខ្ញុំចង់ឈប់រៀន ទៅជួយលេងភ្លេងបងរុណវិញណាម៉ែ ! រាល់ថ្ងៃក្រុមរបស់បងរុណមានគ្នាមិនគ្រប់ទេ! បានជាលេងភ្លេងមិនបានពិរោះ! ព្រោះវាមិនគ្រប់ជើងហ្នឹងណ៎ា! ខ្ញុំចង់ហាត់លេងភ្លេង ជួយបងរុណ! ជួយរកប្រាក់គ្នា! ទោះជាខ្ញុំរៀនច្រើនជាងនេះ ក៏ខ្ញុំមិនអាចទៅធ្វើអ្វីក្រៅពីធ្វើស្រែដូចបងរុណពេលនេះទេ !
អរុណគ្រវីក្បាល
(នៅមានត)
ចែករំលែកព័តមាននេះ