ចៀសវាងចំណាកស្រុកទៅថៃ ពលរដ្ឋទ្រាំកម្ដៅថ្ងៃធ្វើជាកម្មករដំឡូងមី
ខេត្តប៉ៃលិន ៖ បើទោះបីជាអាកាសធាតុក្តៅខ្លាំងស្ទើរដុតខ្លោចស្បែកមនុស្សសត្វយ៉ាងណា រីឯកម្រៃឈ្នួលពលកម្មមិនសូវបានច្រើនប៉ុន្មានក៏ដោយ ក៏គេសង្កេតឃើញកម្មករ…
ខេត្តប៉ៃលិន ៖ បើទោះបីជាអាកាសធាតុក្តៅខ្លាំងស្ទើរដុតខ្លោចស្បែកមនុស្សសត្វយ៉ាងណា រីឯកម្រៃឈ្នួលពលកម្មមិនសូវបានច្រើនប៉ុន្មានក៏ដោយ ក៏គេសង្កេតឃើញកម្មករ…
ខេត្តប៉ៃលិន ៖ បើទោះបីជាអាកាសធាតុក្តៅខ្លាំងស្ទើរដុតខ្លោចស្បែកមនុស្សសត្វយ៉ាងណា រីឯកម្រៃឈ្នួលពលកម្មមិនសូវបានច្រើនប៉ុន្មានក៏ដោយ ក៏គេសង្កេតឃើញកម្មករក្មេងចាស់ប្រុសស្រីជាច្រើន អ្នកខ្លះមកពីខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ ពោធិ៍សាត់ តាកែវ ស្វាយរៀង ព្រៃវែង និងកំពង់ឆ្នាំងជាដើម ដោយស្នាក់នៅធ្វើកម្មករក្នុងខេត្តប៉ៃលិន ខិតខំប្រឹងប្រែងនាំគ្នាកាប់ចិញ្ច្រាំមើមដំឡូងមីនៅតាមស្តង់នានាតាំងពីព្រឹករហូតដល់ល្ងាច ដោយអ្នកខ្លះបាំងតង់ បាំងសំពត់ ឬភួយការពារកម្ដៅថ្ងៃ ដើម្បីបានប្រាក់កម្រៃយកទៅផ្គត់ផ្គង់ជីវភាពគ្រួសារ ជាជាងនាំប្តីប្រពន្ធកូនចៅចំណាកស្រុកខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ដែលបង្កឱ្យមានបញ្ហា សមត្ថកិច្ចដេញចាប់ចងជាប់គុកច្រវ៉ាក់ថែមទៀត ។
ជាក់ស្តែង កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ ស្ថិតនៅក្នុងភូមិក្បាលព្រលាន ភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន មានកម្មករជាច្រើននាក់កំពុងខិតខំប្រឹងយកកញ្ឆេ សែងដំឡូងមីដាក់តាមកន្លែងរៀងៗខ្លួន ។
បើតាមការរៀបរាប់ពីបុរសម្នាក់ឈ្មោះ ប៉ុល សារិទ្ធ អាយុ៤៦ឆ្នាំ បានឱ្យដឹងថា នៅឆ្នាំ២០១៦នេះ ដំឡូងមីនៅក្នុងចម្ការគាត់ទទួលបានទិន្នផលទាប ដូច្នេះគាត់បានទិញដំឡូងមីពីចម្ការអ្នកដទៃក្នុង១តោនតម្លៃ១ពាន់៨០០បាត (ប្រាក់ថៃ) យកមកដាក់ឱ្យកម្មករចិញ្ច្រាំ ក្នុង១កញ្ឆេតម្លៃ១ពាន់រៀល ដោយម្នាក់ៗចិញ្ច្រាំបានក្នុង១ថ្ងៃចាប់ពី១៥ទៅ២០កញ្ចេ ។ លុះហាលថ្ងៃរយៈពេល៥ទៅ៦ថ្ងៃស្ងួតល្អ គាត់ដឹកតាមរថយន្តយកទៅលក់នៅតាមស្តង់នានាក្នុងខេត្ត ដោយក្នុង១គីឡូក្រាមតម្លៃ៤,៧៥បាត ទៅ៤,៨០បាត (ប្រាក់ថៃ) ។ លោកបានបន្តទៀតថា ចំណែកនៅតាមស្តង់មួយចំនួនទៀត គេជួលកម្មករឱ្យចិញ្ច្រាំគិតជាតោនវិញ ដោយក្នុង១តោនប្រហែល៣០កញ្ឆេតម្លៃ២ម៉ឺន៨ពាន់រៀល ។ បើចិញ្ច្រាំគ្នាច្រើនជាក្រុមគ្រួសារមានគ្នាចាប់ពីពីរបីនាក់ឡើងទៅ ក្នុង១ថ្ងៃគេអាចចញ្ច្រាំបាន២ទៅ៣តោនផងដែរ ។ ដូច្នេះប្រជាពលរដ្ឋ៣០ទៅ៤០គ្រួសារបានបោះតង់ស្នាក់នៅចិញ្ច្រាំដំឡូងមីឱ្យគាត់ មើលទៅប្រហែលជា២ខែទៀត ទើបអស់មើមដំឡូងមី អ្នកខ្លះនឹងត្រឡប់ទៅស្រុកកំណើតវិញ អ្នកខ្លះទៀតបន្តដាំដើមដំឡូងមីតាមចម្ការនានាផងដែរ ។
ចំណែកស្ត្រីម្នាក់ឈ្មោះ អ៊ុំ ស្រីអូន អាយុ៤៤ឆ្នាំ ជាកម្មករដំឡូងមី មានស្រុកកំណើតរស់នៅភូមិវាលស្បូវ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្រុមគ្រួសាររបស់គាត់សុខចិត្តមិននាំគ្នាឆ្លងដែនទៅធ្វើការនៅប្រទេសថៃឡើយ ដោយមកសុំដីគេស្នាក់នៅចិញ្ច្រាំដំឡូងមីក្នុងខេត្តប៉ៃលិន បើទោះបីជាអាកាសធាតុក្តៅខ្លាំង តែពួកគាត់បាននាំគ្នាយកមែកឈើចងសំពត់ពីលើបាំង ជាពិសេសពួកគាត់ចូលចិត្តនាំគ្នាចិញ្ច្រាំនៅពេលល្ងាច និងពេលយប់ ដោយអ្នកខ្លះប្រើភ្លើងពិល ឬអំពូលភ្លើងហ្វាបញ្ចាំងចញ្ច្រាំ ព្រោះត្រជាក់ជាងពេលថ្ងៃ ។ គាត់បញ្ជាក់ទៀតថា នៅឯស្រុកកំណើតអត់មានដីធ្លីនឹងគេទេ ព្រោះជំពាក់គេច្រើនលក់សងជំពាក់គេអស់ហើយ ដូច្នេះបើសិនជាអស់មើមដំឡូងមីចិញ្ច្រាំ គាត់នឹងបន្តស៊ីឈ្នួលដាំដំឡូងឱ្យគេបន្តទៀតដើម្បីបានប្រាក់យកទៅផ្គត់ផ្គង់ជីវភាពគ្រួសារ ។ ដោយឡែកកូនៗរបស់គាត់មិនសូវបានរៀនសូត្រជ្រៅជ្រះនឹងគេនោះទេ ត្រឹមថ្នាក់ទី២ ទី៣ ឈប់រៀនអស់ហើយ ដោយឱ្យខំប្រឹងជួយធ្វើការងាររកលុយសម្រាប់ផ្គត់ផ្គង់គ្រួសារ បើសិនជាស្នាក់នៅយូរបន្តទៀតក្នុងខេត្តប៉ៃលិន គាត់នឹងសុំនាយកសាលាដើម្បីបន្តឱ្យរៀនចេះដឹងបន្តិចទៀតផងដែរ ៕
ចែករំលែកព័តមាននេះ