ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត សា​ខុន អ្នកនិពន្ធ​ជីវិត​ល្វីង​ដោយ​ស្នេហា និង​ជីវភាព​គ្រួសារ​ក្រីក្រ លំបាកលំបិន

9 ឆ្នាំ មុន

លោក​មិត្ត សា​ខុន ជា​អ្នកនិពន្ធ​ដ៏​ល្បី​១​រូប ផ្នែក​ប្រលោមលោក និង​ទំនុកច្រៀង នា​អំឡុង​ចុង​ទស​វត្ស​៦០ ដល់​ពាក់កណ្តាល​ទស​វត្ស ៧០ ។ ស្នាដៃ​របស់​លោក​មិត្ត សា​ខុន មួយ​ចំនួន​បាន​ផលិត​ជា​ខ្សែភាពយន្ត ។

លោក​មិត្ត សា​ខុន ជា​អ្នកនិពន្ធ​ដ៏​ល្បី​១​រូប ផ្នែក​ប្រលោមលោក និង​ទំនុកច្រៀង នា​អំឡុង​ចុង​ទស​វត្ស​៦០ ដល់​ពាក់កណ្តាល​ទស​វត្ស ៧០ ។ ស្នាដៃ​របស់​លោក​មិត្ត សា​ខុន មួយ​ចំនួន​បាន​ផលិត​ជា​ខ្សែភាពយន្ត ។

លោក​មិត្ត សា​ខុន បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​អាយុ​១៩​ឆ្នាំ ខណៈ​ដែល​ភរិយា​របស់​លោក​មាន​វ័យ​១៣​ឆ្នាំ ។ គូ​ស្វាមី​-​ភរិយា​នេះ​មាន​បុត្រ​៩​នាក់ ប៉ុន្តែ​ពុំ​សូវ​មាន​សុភមង្គល ហើយ​ពុំ​សូវ​បាន​រស់នៅ​ជួបជុំ​គ្នា​ទេ ។ ជីវិត​របស់​លោក​មិត្ត សា​ខុន រសាត់​ទៅ​ឆ្ងាយ​គ្រួសារ​ជា រឿយ​ៗ​ដោយសារ​បញ្ហា​ជីវភាព ។

ឈ្មោះ​ពិត​របស់​អ្នកនិពន្ធ​មិត្ត សា​ខុន គឺ​ម៉ក់ សា​ខុន កើត​នៅ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​១៩៣៨ នៅ​ភូមិ​សូ​រិ​យា ឃុំ​លលកស ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។ ឪពុក​ឈ្មោះ​ម៉ក់ នៅ និង​ម្តាយ​ឈ្មោះ សែ​ម ។ ម្តាយ​របស់​លោក​មិត្ត សា​ខុន បាន​លាចាក​លោក​នេះ​ទៅ ក្នុង​ពេល​លោក​ទើបតែ​មាន​វ័យ​៦​ឆ្នាំ​ប៉ុណ្ណោះ ។

មិត្ត សុ​ម៉ា​លី ជា​ឈ្មោះ​មួយទៀត​របស់​អ្នកនិពន្ធ​មិត្ត សា​ខុន ត្រូវ​បាន​គេ​ស្គាល់​នៅ​ក្នុង​សង្គម​កវី​នា​ជំនាន់​នោះ  ។

 ឆ្នាំ​១៩៤៤ ក្នុង​វ័យ​៦​ឆ្នាំ លោក​មិត្ត សា​ខុន បាន​ទៅ​ស្នាក់​នៅ​វត្ត​សូ​រិ​យា និង​រៀន​នៅ​សាលា​វត្ត​នោះ​ដែល​ជា​ភូមិកំណើត​របស់​ខ្លួន ។ ពុំ​មានការ​អះអាង​ទេ ប៉ុន្តែ​ទំនង​ពេល​រស់នៅ​ក្នុង​វត្ត​នេះ​ហើយ​ដែល​បាន​បណ្តុះ​ចិត្ត​របស់​លោក​មិត្ត សា​ខុន​ឱ្យ​ស្រឡាញ់​ចូល​ចិត្ត​តែង​និពន្ធ ។  ឆ្នាំ​១៩៥៥ ពោល​គឺ​ក្នុង​វ័យ​១៧​ឆ្នាំ អនាគត​កវីរ​សាត់អណ្តែត​រូប​នេះ បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ ។ ដោយហេតុ​ខ្វះខាត​ខាង​ជីវភាព លោក​មិត្ត សា​ខុន បាន​បង្ខំចិត្ត​បោះបង់​ការ​សិក្សា
ហើយ​ទៅ​ធ្វើ​ជា​អ្នកបកប្រែ​ភាសា​បារាំង​ឱ្យ​ជនជាតិ​បារាំង​នៅ​ចំការ​កៅស៊ូ​ជប់​ខេត្តកំពង់ចាម ។

អ្នក​ចងក្រង​ឯកសារ​លោក​ខឿន សា​ឃាង  រៀបរាប់​ថា ចាប់ពី​ពេល​នោះ​ទៅ​ស្មារតី​តែង​និពន្ធ​របស់​លោក​មិត្ត សា​ខុន ហាក់​បាន​លាក់ខ្លួន​ពួន​សម្ងំ​នៅ​ក្នុង​បេះដូង​ដ៏​អាថ៌​កំបាំង​មួយ​រយៈ ខណៈ​ដែល​លោករ​សាត់អណ្តែត​នៅ​ក្នុង​ពិភព​ជីវភាព​លិចអណ្តែត​ដែល​អាច​ចាត់​ទុក​ថា​ជា​បទ​ពិសោធន៍​មួយ​ជា​ប្រយោជន៍​ដល់​ការ​តែង​និពន្ធ​របស់​លោក​នា​ពេល ក្រោយ​ៗ​មក ។

វ័យ​១៩ ឆ្នាំ​គឺ​នៅ​ក្នុង​ឆ្នាំ​១៩៥៧ លោក​មិត្ត សុ​ខុន បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​យុវតី​ឌី សុ​ន្ធ​រី ហៅ​ឌី សា​ខន ដែល​ទើបតែ​មាន​វ័យ​១៣​ឆ្នាំ​ប៉ុណ្ណោះ​។ ដោយ​ហេតុតែ​ពួក​គេ​សុទ្ធតែ​មាន​វ័យក្មេង​ខ្ចី​ពេក ជា​ហេតុ​នាំ​ឱ្យ​មាន​ភាព​លំបាក​ស្មុគស្មាញ​ច្រើន​ខាង​ជីវភាព ហើយ​ពុំ​សូវ​ស៊ីសង្វាក់​គ្នា​ផង ។ ក្រៅពី​នេះ​គូ​ភរិយា​ស្វាមី​ដ៏​ក្មេង​ល្ហក់​មួយគូ​នេះ​ស្ថិត​នៅ​ចំ​កណ្តាល​ភាព​រកាំរកូស​គ្នា​នៃ​គ្រួសារ​ទាំង​សងខាង​ទៀត​ផង​។ ទោះ​យ៉ាងណា​ក្តី ពួក​គេ​អាច​រស់នៅ​ជាមួយ​គ្នា​ដោយ​មិន​បែកបាក់​គ្នា​ឡើយ ហើយ​គូ​ស្វាមី ភរិយា​ដ៏​ក្មេងខ្ចី​ស្ទើរតែ​មិន​អាច​ជឿ​នេះ​បាន​ផ្តល់​កំណើត​ឱ្យ​បុត្រ ដល់​ទៅ​៩​នាក់ ស្រី​៤​នាក់ និង​ប្រុស​៥​នាក់ ។

ក្នុង​បំណង​គេច​ចេញពី​ក្តី​លំបាក​ទាំងឡាយ​នេះ ទើប​អ្នក​ទាំង​ពីរ​សម្រេចចិត្ត​នាំ​គ្នា​ទៅ​រស់នៅ​ចោម​ចៅ​ដែល​ជា​ស្រុក​កំណើត​របស់​អ្នកស្រី​ឌី សុ​ន្ធ​រី ។ បន្ទាប់​ពី​អ្នកស្រី​សុ​ន្ធ​រី ផ្តល់​កំណើត​ឱ្យ​កូន​ម្នាក់​រួច ទ្រាំ​នឹង​ក្តី​លំបាក​ដែល​កើត​ពី​កង្វះខាត​ផ្នែក​ជីវភាព​មិន​បាន លោក​មិត្ត សា​ខុន សម្រេចចិត្ត​ទុក​ភរិយា​ចោល​នៅ​ទីនោះ​មួយ​រយៈ ហើយ​លោក​បាន​ចាកចេញ​ទៅ​ធ្វើការ​នៅ​ខេត្តកោះកុង​ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​។ ទីនោះ​ហើយ​ដែល​លោក​មិត្ត សា​ខុន បាន​បណ្តុះ​ទឹកចិត្ត​ស្ន​ហា​ផ្នែក​តែង​និពន្ធ​របស់​លោក​ឡើង​វិញ ។

ក្នុងអំឡុងពេល​ទៅ​ធ្វើការ​នៅ​ខេត្តកោះកុង លោក​មិត្ត សា​ខុន បាន​ឆ្លៀតពេល​សរសេរ​រឿង​ខ្លី​មួយ​ចំនួន ដូច​ជា​រឿង «​ឈាម​ហូរ​លើ​វាល​ខ្សាច់​កោះកុង​»​ជាដើម ។

ត្រឡប់​ពី​កោះកុង​វិញ លោក​មិត្ត សា​ខុន បាន​យក​ស្នា​ដែ​ទាំងនោះ​ទៅ​បោះពុម្ព ប៉ុន្តែ​ពុំ​មាន​រោង​ពុម្ព​ណា​ទទួលយក​ស្នាដៃ​របស់​លោក​ទេ​។ ទីបំផុត​លោក​សា​ខុន​រកបាន​រោង​ពុម្ព​ដើម្បី​បោះពុម្ព​សាកល្បង ។ ក្រោយមក​ស្នាដៃ​របស់​លោក​មិត្ត សា​ខុន​ទទួល​បាន​ជោគជ័យ​ខ្លាំង ទើប​មាន​ចាងហ្វាង​ផលិតកម្ម​មួយ​ចំនួន​ដូច​ជា លោក​អុ​ី វង់​ហែម ជាដើម​ទាក់ទង​យក​ស្នាដៃ របស់​លោក​ថត​ជា​ខ្សែភាពយន្ត ។ ស្នាដៃ​របស់​លោក​មិត្ត សា​ខុន ទាំងអស់​ត្រូវ​បាន​បណ្ណាគារ​ពស់​មាស ទទួល​បោះពុម្ព​ផ្តាច់មុខ ។

លោក​មិត្ត សា​ខុន បាន​ចូល​ជា​សមាជិក​នៃ សមាគម​អ្នកនិពន្ធ​ខ្មែរ នៅ​ឆ្នាំ​១៩៦០ ។

ពី​ឆ្នាំ​១៩៦០​ដល់​១៩៧៥ លោក​មិត្ត សា​ខុន នៅ​តែ​មិន​បាន​រស់នៅ​ជួបជុំ​ជាមួយ​ប្រពន្ធ និង​កូន​ដដែល ដោយ​លោក​រស់នៅ​ទីក្រុង​ភ្នំពេញ ជួល​ផ្ទះ​គេ​ស្នាក់​នៅ ឯ​ភរិយា និង កូន​ៗ​របស់​លោក​នៅ​ស្រុក​កំណើត​ដដែល ។                               

នៅ​ឆ្នាំ​១៩៧០ ពោល​គឺ​បន្ទាប់​ពី​លោក​មិត្ត សា​ខុន ទទួល​បាន​ជោគជ័យ​ផ្នែក​តែង​និពន្ធ​របស់​លោក​នោះ លោក​បាន​សង់ផ្ទះ​១​ខ្នង​នៅ​ស្រុក​កំណើត​សម្រាប់ កូន​ៗ និង​ភរិយា​របស់​លោក ។

 នៅ​ក្នុង​របប​ប៉ុ​ល ពត លោក​មិត្ត សា​ខុន​និង​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ទៅ​រស់នៅ​ភូមិ​បឹង​ត្រយង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ លោក​មិត្ត​សា​ខុន ត្រូវ​បាន​ប៉ុ​ល ពត សម្លាប់​នៅ​ឆ្នាំ​១៩៧៦ នៅ​តំបន់​ព្រំដែន​ខ្មែរ​-​ថៃ ខណៈ​ពេល​ដែល​លោក​កំពុង​ត្រៀម​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ ។

សៀវភៅ​អក្សរសិល្ប៍​ខ្មែរ ឆ្នាំ​១៩៧០-១៩៧៥ របស់​លោក​ហាក់ វ៉ា​ន់​ដា​រ៉ា បាន​កត់​សម្គាល់ថា កូន​របស់​លោក​មិត្ត សា​ខុន​បាន​បាត់បង់​ជីវិត​ក្នុង​របប​ប៉ុ​ល ពត ៦​នាក់ ហើយ​កូន​៣​នាក់​ដែល​នៅរ​ស់គឺ​កូនស្រី​ច្បង​, កូនប្រុស​ទី​៤ និង​កូនប្រុស​ទី​៥ ។

-​ស្នាដៃ​ផ្នែក​ប្រលោមលោក​របស់​លោក​មិត្ត សា​ខុន
១-​កម្ម​ខ្ញុំ ឆ្នាំ​១៩៦៦ ។
២-​យុទ្ធ​ជន​ការពា​ព្រះ​វិហារ ឆ្នាំ​១៩៦៦ ។
៣-​លំពែង​ជ័យស្រី​ចិត្ត​ដែក ឆ្នាំ​១៩៦៦ ។
៤-​ជីវិត​រុះ​រោយ ឆ្នាំ​១៩៦៧ ។
៥-​ឈាម​ហូរ​លើ​វាល​ខ្សាច់​កោះកុង ឆ្នាំ​១៩៦៧ ។
៦-​មហាកំពែង​ទ័ព​ទាំង​ប្រាំ ឆ្នាំ​១៩៦៧ ។
៧-​សញ្ញា​មកុដ​រាជ ឆ្នាំ​១៩៦៧ ។
៨-​សន្ទុះ​ដាវ​ចិន្តាមណី ឆ្នាំ​១៩៦៧ (​មាន​ជា​ល្ខោនបាសាក់ ) ។
៩-​អាថ៌​កំបាំង​ត្បូង​ពេជ្រ  ឆ្នាំ​១០៦៧ ។
១០-​ឥន្ទ្រី​ក្រហម ឆ្នាំ​១៩៦៧ ។
១១-​កូនក្រក​ខ្មៅ ឆ្នាំ​១៩៦៨ ។
១២-​នារី​ផ្សងព្រេង ឆ្នាំ​១៩៦៨ ។
១៣-​អាថ៌​កំបាំង​ទូក​លេខ​១១ ឆ្នាំ​១៩៦៨ ។
១៤-​ដែន​ជ្រោយ​លោហិត ឆ្នាំ​១៩៦៩ ។
១៥-​ទេវរូប​សម្ងាត់ ឆ្នាំ​១៩៦៩ ។
១៦-​ផ្កាយ​លង្ហិន ឆ្នាំ​១៩៦៩ ។
១៧-​ព្យុះ​ដាវ​សងសឹក ឆ្នាំ​១៩៦៩ ។
១៨-​មហា​ពលី​កម្ម  ឆ្នាំ​១៩៦៩ ។
១៩-​ម្រាមដៃ​លោហិត ឆ្នាំ​១៩៦៩ ។
២០-​សោ​មាស​សម្ងាត់  ឆ្នាំ​១៩៦៩ ។
២១-​ស្រមោល​ខ្មៅ ឆ្នាំ​១៩៦៩ ។
២២-​ដាវ​កំបុត ឆ្នាំ​១៩៧០ ។
២៣-​ទង់​មរណៈ ឆ្នាំ​១៩៧០ ។
២៤-​ព្រួញ​ទេវ​រាជ្យ ឆ្នាំ​១៩៧០ ។
២៥-​ព្រួញ​ពិស​អាថ៌​កំបាំង ឆ្នាំ​១៩៧០ ។
២៦-​មហា​ជ័យ​នៃ​យុទ្ធ​មិត្ត​យើង ឆ្នាំ​១៩៧០​។
២៧-​មហា​រំអិល ឆ្នាំ​១៩៧០ ។
២៨-​វីរជន​ភ្នែក​១ ឆ្នាំ​១៩៧០ ។
២៩-​សមុទ្រ​ឈាម ឆ្នាំ​១៩៧០ ។
៣០-​ស្បៃ​ទិព្វ ឆ្នាំ​១៩៧០ ។
៣១-​អ្នក​ដាវ​ឯក​បី​រូប ឆ្នាំ​១៩៧០ ។
៣២-​ថ្ងៃ​លិច​អូន​ស្រណោះ ឆ្នាំ​១៩៧១ ។
៣៣-​ដប់​ឆ្នាំ​ចាំ​បង ឆ្នាំ​១៩៧…​?
៣៤-​ចោរ​ខ្លែង​មាស ឆ្នាំ​១៩៧២ ។
៣៥-​ដាវ​ម៉ឺន​ដាវ​ពេជ្រ  ឆ្នាំ​១៩៧២ ។
៣៦-​ឈាម​អ្នក​ប្រដាល់ ឆ្នាំ​១៩៧៣ ។
៣៧-​ឈ្នះ​ដប់​ទិស ឆ្នាំ​១៩៧៣ ។
៣៨-​ធីតា​មុខ​បី ឆ្នាំ​១៩៧៣ ។
៣៩-​អ្នក​ប្រដាល់​១៣​ស្រុក ឆ្នាំ​១៩៧៣ ។

        ផ្នែក​ចម្រៀង
១-​ថ្ងៃ​លិច​អូន​ស្រណោះ (​រស់ សេរី​សុទ្ធា​) ។
២-​ថ្ងៃស្អែក​អូន​លា​បង (​ស៊ិ​ន ស៊ី​សា​មុត និង​រស់ សេរី​សុទ្ធា ) ។
៣-​ទឹកភ្នែក​ជូន​បង  (​សូ សា​វឿ​ន​)​។
៤-​រំដួល​ពោធិ៍សាត់ (​ស៊ិ​ន ស៊ី​សា​មុត​) ។
៥-​អនុស្សាវរីយ៍​ស្ទឹង​ពោធិ៍សាត់ (​អីុន យ៉េ​ង​) ៕