ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់ដែលគេប្រទះឃើញស្លាប់នៅក្នុងត្រពាំងទឹកក្បែរផ្ទះរបស់ខ្លួន ដែលការស្លាប់នេះត្រូវគេសង្ស័យថា អាចបណ្តាលមកពីខ្យល់គរ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៩ មីនា ស្ថិតនៅក្នុងក្រុម៤ ភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ។
មន្ត្រីសមត្ថកិច្ចដែលចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យសព បានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ មុំ សុខា អាយុ៤២ឆ្នាំ មានប្តីជាមន្ត្រីយោធាកងពលធំលេខ៣វរៈ១ខេត្តព្រះសីហនុ កំពុងឈរជើងនៅព្រំដែនខ្មែរ-ថៃ និងមានកូនក្នុងបន្ទុកចំនួន៥នាក់ មានទីលំនៅកន្លែងកើតហេតុខាងលើ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងទឹកជាប់ផ្ទះដែលជនរងគ្រោះស្នាក់នៅ ។
ប្រភពដដែលបានបន្តថា ការស្លាប់របស់ស្ត្រីរូបនេះ ត្រូវបានគេដាក់ការសង្ស័យថា អាចបណ្តាលមកពីមានជំងឺខ្យល់គរ ខណៈពេលដែលគាត់កំពុងអង្គុយលាងចានឆ្នាំងនៅជាប់មាត់ទឹកនោះ ព្រោះនៅកន្លែងកើតហេតុគេឃើញមានចានឆ្នាំង សង្ស័យពេលកំពុងលាងចានឆ្នាំងនោះស្រាប់តែខ្យល់គរវិលមុខធ្លាក់ក្នុងទឹកលង់ស្លាប់ ដោយភ្លាមៗនោះមិនមានអ្នកឃើញដើម្បីជួយសង្គ្រោះឡើយ ៕
ចែករំលែកព័តមាននេះ