រាជធានីភ្នំពេញ ៖ បើទោះបីជាពិធីមង្គលការរបស់នាងគង់ ចាន់ស្រីមុំ និងលោកគឹម សីហា បានរំលងទៅហើយក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះរ៉ូបស្លៀកកាត់នំដែលនាងអះអាងថា មានតម្លៃប្រមាណ៨.៦០០ដុល្លារនោះរងការរិះគន់ចំពោះការចម្លងម៉ូដពីបរទេស។
សំឡេងនៃការរិះគន់បានកើតឡើងបន្ទាប់ពី គង់ ចាន់ស្រីមុំ បង្ហាញរ៉ូបស្លៀកក្នុងពិធីកាត់នំ ដែលច្នៃម៉ូដឡើងដោយហាង ប៉ារ៉ាឌីកាត់ដេរ ហើយនាងស្នើឱ្យមានការគាំទ្រការច្នៃប្រឌិតជាស្នាដៃកូនខ្មែរក្នុងឈុតសម្លៀកបំពាក់មួយនេះ ។

លើទំព័រហ្វេសប៊ុក គង់ ចាន់ស្រីមុំបានសរសេរថា «ខ្ញុំគង់ ចាន់ស្រីមុំ សូមអរគុណយ៉ាងខ្លាំងទៅដល់សំអាងការ paradise wedding ដែលខំគូរ និងច្នៃម៉ូដរ៉ូបអាពាហ៍ពិពាហ៍ពណ៌សពេលកាត់នំក្នុងថ្ងៃមង្គលការដ៏ពិសេសសំរាប់នាងខ្ញុំ ដោយប្រើរយៈពេលត្រឹមតែ២០ ថ្ងៃអាចធ្វើបានយ៉ាងល្អប្រណីត ។
ខ្ញុំសូមបញ្ជាក់ប្រាប់ថា រ៉ូបមួយនេះមិនបានចម្លង ឬយកម៉ូដរបស់នរណាម្នាក់ឡើយ គ្មានអ្វីដែលថ្មីទេនៅលើលោកនេះ នរណាក៏មានការស្រាវជ្រាវដែរ និងយករបស់នោះមកច្នៃប្រឌិតបន្ថែមដើម្បីឲ្យក្លាយជារបស់ថ្មី និងផ្ទាល់ខ្លួន គឺខាងសំអាងការបានធ្វើ និងយកចិត្តទុកដាក់ក្នុងការច្នៃម៉ូដមួយនេះយ៉ាងពេញទំហឹង ។ ខ្ញុំសូមឱ្យបងប្អូនខ្មែរទាំងអស់លើកស្ទួយអ្វីដែលជាការច្នៃប្រឌិតរបស់ខ្មែរយើងផង កុំចេះតែយកខ្មែរទៅប្រៀបនឹងបរទេស ហើយកុំចេះតែឱ្យតម្លៃខ្មែរនៅពីក្រោយបរទេសរហូតបែបនេះអី ។ សូមមើលឃើញនូវអ្វីដែលជាស្នាដៃខ្មែរហើយរៀនឱ្យតម្លៃខ្មែរគ្នាឯងផង គេខំធ្វើមិនបានសម្រាកដើម្បឱ្យបានល្អគ្រប់យ៉ាង ហើយសូមតបស្នងវិញដោយពាក្យសរសើ ឬរិះគុណដើម្បីស្ថាបនា មិនមែនរិះគុណដោយយកខ្មែរទៅប្រៀបនឹងបរទេសនោះទេ ។
សូមអរគុណដល់អ្នកដែលគាំទ្រយើងខ្ញុំកន្លងមក និងតែងតែឱ្យតម្លៃសិល្បៈខ្មែរ» ។
បន្ទាប់ពីបង្ហោះសារនោះមកម្ចាស់ហ្វេសប៊ុកមួយដែលជាអ្នកច្នៃម៉ូដម្នាក់ដែរ ឈ្មោះAhron kong បានឆ្លើយតបទៅវិញថា «អរគុណចំពោះការឱ្យតម្លៃនៃការច្នៃម៉ូដរបស់ខ្មែរ ព្រោះខ្ញុំក៏ជាខ្មែរ ប៉ុន្តែការដែលហ៊ាននិយាយថាមិនចម្លងគេបែបនេះហាក់បីដូចជាមើលងាយដល់អ្នកច្នៃម៉ូដដទៃ ដែលខំប្រឹងប្រែងតាមដានលើវិស័យច្នៃម៉ូដទាំងក្នុង និងក្រៅស្រុក ព្រោះក្នុងនាមខ្ញុំជាអ្នកច្នៃម៉ូដ ក៏មិនដែលនិយាយពាក្យថាខ្ញុំមិនដែល«ចម្លង» អ្នកដទៃដែរ ព្រោះនេះជាការផ្លាស់ប្ដូគំនិត និងបទពិសោធន៍ ។ តើវាជាការចៃដន្យមួយឬ0x017d7 អ្នកពិតជាមានគំនិតដូចគ្នាទៅនឹងAshi Studioដែរ» ។
ចំណែកបណ្ឌិតច្នៃម៉ូដម្នាក់ទៀតឈ្មោះ ឱម រៀម បានសរសេរតាមលើទំព័រហ្វេសប៊ុកគាំទ្រមតិអ្នកច្នៃម៉ូដម្នាក់នោះ និងបញ្ជាក់ថា «ការអ្នកណាមិនអីទេ តែនេះការតារាល្បី! នេះជាបទពិសោធន៍សម្រាប់អ្នករចនាម៉ូដ បើមិនមានខុស គឺមិនអាចរកត្រូវឃើញ ហើយមិនធ្វើ គឺមិនមានបទពិសោធន៍ដើម្បីអភិវឌ្ឍការរចនាម៉ូដនៅស្រុកយើង ។ សូមឲ្យអ្នកច្នៃម៉ូដទាំងឡាយសិក្សាឱ្យបានច្បាស់នូវពាក្យច្នៃម៉ូដ មិនមែនចម្លងម៉ូដ» ៕
ចែករំលែកព័តមាននេះ