ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​សំអុយ​ហូរ​ចូល​ដល់​ច្រមុះ​ជាង​១​ស​ប្តា​ហ៍​ហើយ

8 ឆ្នាំ មុន

អ្នកស្រុក​ប្រមាណ​ជា​១០០​គ្រួសារ ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ បច្ចុប្បន្ន​កំពុង​រង​ការ​ប៉ះពាល់​ការ​រស់នៅ​ជា​ខ្លាំង​ដោយសារ​ទឹកលូ​សំអុយ​អម​សងខាង បាន​ច្រាល​ចេញ​មក​ក្រៅ

រាជធានី​ភ្នំពេញ ៖ អ្នកស្រុក​ប្រមាណ​ជា​១០០​គ្រួសារ ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ បច្ចុប្បន្ន​កំពុង​រង​ការ​ប៉ះពាល់​ការ​រស់នៅ​ជា​ខ្លាំង​ដោយសារ​ទឹកលូ​សំអុយ​អម​សងខាង បាន​ច្រាល​ចេញ​មក​ក្រៅ បង្ក​ជា​ទឹក​ជន់​លិច​ផ្លូវ​សាធារណៈ និង​បរិវេណ​មុខ​ផ្ទះ​របស់​ពួក​គាត់ ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គាត់​ពិបាក​ក្នុង​ការ​រស់នៅ និង​ការ​រកស៊ី​មួយ​ថ្ងៃ​ៗ​ហិត​តែ​ក្លិនស្អុយ ។

ពួក​គេ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ដែល​បាន​ចុះ​ទៅ​ផ្តិត​រូបភាព​ដល់ទី​តាំង​ខាងលើ​ផ្ទាល់​ថា អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ គឺ​ទឹក​និង​កាក​សំណល់​ផ្សេង​ៗ​សល់​ពី​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ តែង​មាន​លូ​បង្ហូរ​ចូល​ទៅ​កាន់​ផ្ទៃ​បឹង​ទំពុន ដែល​ជា​ផ្ទៃ​បឹង​ធម្មជាតិ​មាន​ទំហំ​រាប់​ពាន់​ហិ​កតា ។ ប៉ុន្តែ​នៅ​ពេល​នេះ ពួក​គាត់​មិន​អាច​បង្ហូរទឹក​ចោល​ទៅ​ទីនោះ​បាន​ទៀត​ទេ ព្រោះ​ស្ទើរតែ​១០០​ភាគរយ នៃ​ផ្ទៃ​បឹង​ទាំងមូល ត្រូវ​បាន​ចាក់​ដី​លុប​ជិត​គ្មាន​សល់ ។

ជុំវិញ​បាតុភាព​ដដែល​នេះ ប្រវែង​ផ្លូវ​ជាង​៥០០​ម៉ែត្រ​នៃ​ផ្លូវជាតិ​លេខ​២ គិត​ចាប់ពី​វិទ្យាល័យ​ជា​ស៊ី​មចាក់​អង្រែ​ក្រោម មក​ដល់​មុខ​វិទ្យាស្ថាន IIC ដែល​ត្រូវ​ទឹក​ជន់​លិច​នោះ គឺ​ប្រព័ន្ធ​លូ​មួយ​ចំនួន​ធំ​នៅ​ចំណុច​នោះ តែង​ច្រាល​ទឹក​ឡើង​មក​ជន់​លិច​ផ្លូវ​ជា​រឿយ​ៗ លិច​ទឹក​សំអុយ​ដល់​ច្រមុះ​ទៅ​ហើយ ។ ពួក​គេ​ចោទ​ថា​អាជ្ញាធរ​សង្កាត់ និង​ថ្នាក់​ខណ្ឌ ហាក់​គ្មាន​វិធានការ​ច្បាស់លាស់​ណាមួយ​ក្នុង​ការ​រិះរក​មធ្យោបាយ ក៏​ដូច​ជា​ដំណោះស្រាយ​នានា​ក្នុង​ការ​រៀបចំ ឬ​ស្តារ​ប្រព័ន្ធ​លូ​សម្រាប់​បង្ហូរទឹក​ឱ្យ​បាន​ល្អ​នោះ​ទេ  ។ ពេល​នេះ​រដូវប្រាំង​កំពុង​ក្លាយជា​រដូវវស្សា ទឹក​ស្អុយ​លិច​ដល់​ច្រមុះ​ហើយ សូម​រដ្ឋអំណាច​ជួយ​ផង ។

ជុំវិញ​បាតុភាព​ដដែល​នេះ សូ​ម្បី​តែ​បរិវេណ​ផ្នែក​ខាង​មុខ​នៃ​ទីតាំង សាលាសង្កាត់​ចាក់​អង្រែ​ក្រោម​ទាំងមូល​ក៏​ត្រូ​វេ​ជន់​លិច នាំ​គ្នា​សម្ងំ​ហិតក្លិន​ក្រអូប​នៃ​ទឹក​ពណ៌​ខ្មៅ​ផង​ដែរ ។

ពួក​គេ​និយាយ​ថា បឹង​ទំពុន​ដែល​សម្រាប់​ស្តុក​ទឹក​ស្អុយ​ត្រូវ​បាន​លុប​អស់ហើយ ត្រូវ​បាន​អភិវឌ្ឍ​ហើយ ប៉ុន្តែ​ហេតុ​ម៉េច​មិន​គិតគូរ​រឿង​ដាក់​លូ​បង្ហូរទឹក​សំអុយ​កុំឱ្យ​វា​ច្រាល វា​ហូរ​លើ​ផ្លូវ​ផង ពួក​គេ​ថា​ចង្រៃ​មក​ពី​លុប​បឹង​ទំពុន​អស់ ?