ខេត្តស្វាយរៀង ៖ បញ្ហាអធិករណ៍នៅវត្តភូមិក្រូច បានជំរុញឲ្យប្រជាពុទ្ធបរិស័ទចំណុះជើងវត្តប្រមាណជាង២០០នាក់ ដែលតំណាងឲ្យពុទ្ធបរិស័ទ៤០០គ្រួសារជួបប្រជុំគ្នាចំនួន២ថ្ងៃមកហើយ និងបានត្រឹមអំពាវនាវសុំឲ្យលោកប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ចុះដោះស្រាយបញ្ហាជុំវិញរឿងព្រះអនុគណស្រុករំដួល រំលាយអាចារ្យ គណៈកម្មការវត្តចោល ជិត៤ខែហើយពុំទាន់បានប្រជុំជាមួយប្រជាពុទ្ធបរិស័ទ បោះឆ្នោតជ្រើសរើសអាចារ្យ គណៈកម្មការវត្តឡើងវិញ ទើបធ្វើឲ្យកើតមានភាពចម្រូងចម្រាស ។
ការផ្ទុះអធិករណ៍នេះ កើតឡើង២ថ្ងៃជាប់គ្នាគឺនៅថ្ងៃទី១៦ ខែមីនា វេលាម៉ោង២រសៀលដល់ម៉ោង៣និង៣០នាទីរសៀល និងថ្ងៃទី១៧ ខែមីនា ។ បើតាមលោក ម៉ែន ខេត អាយុ៥៨ឆ្នាំ នៅភូមិព្រះអង្គកែវ ឃុំជ្រុងពពេល បានឲ្យដឹងថា ប្រជាពុទ្ធបរិស័ទនាំគ្នាមកតវ៉ា
ទាមទារពីរចំណុច គឺ ៖
ទី១-សុំឲ្យព្រះភិក្ខុ ម៉េន ធឿន គង់នៅវត្តភូមិក្រូច ធ្វើជាស្រែបុណ្យសម្រាប់ប្រជាពុទ្ធបរិស័ទដដែល ។
ទី២-សុំជ្រើសរើសអាចារ្យ និងគណៈកម្មការវត្ត ដោយការបោះឆ្នោត គឺសុំឲ្យលោកប្រធានមន្ទីរធម្មការនិងសាសសនាខេត្ត ស្រុក និងព្រះអនុគណស្រុករំដួល លោកមេឃុំជ្រុងពពេលកោះហៅប្រជាពុទ្ធបរិស័ទចំណុះជើងវត្តមកប្រជុំបោះឆ្នោត ។
ទី៣-ព្រះតេជគុណ ឡុង ផន ចៅអធិការ គឺទុកជាចៅអធិការវត្តភូមិក្រូចដដែល ។
បើតាមលោក យិន នឿន អាយុ៥៧ឆ្នាំ បានឲ្យដឹងថា មូលហេតុនាំឲ្យកើតមានអធិករណ៍នេះ គឺដោយសារចៅអធិការវត្តប្តឹងទៅព្រះអនុគណស្រុករំដួលថាព្រះភិក្ខុ ម៉េន ធឿន អតីតគ្រូសូត្រស្តាំវត្តភូមិក្រូច និមន្តទៅណាមិនដែលទូលពិតដីកាចៅអធិការ និងញុះញង់ភិក្ខុសង្ឃ និងសាមណេរមិនឲ្យគោរពចៅអធិការ និងបានរំសាយអាចារ្យ គណៈកម្មការសាងសង់ និងគណៈកម្មការវត្តចាស់ចោលទាំងអស់។ ជាមួយនេះ បានចាត់តាំងអាចារ្យមកពីក្រៅឃុំម្នាក់ ឲ្យមកធ្វើជាអាចារ្យធំ ដោយមិនបានឲ្យប្រជាពុទ្ធបរិស័ទបានដឹង ទើបកើតជាអធិករណ៍អស់រយៈជិត០៤ខែមកហើយគ្មានដំណោះស្រាយ និងគ្មានអាចារ្យ គណៈកម្មការដឹកនាំធ្វើបុណ្យទាននិងកសាងវត្ត។
នៅថ្ងៃទី១៦ ខែមីនា វេលាម៉ោង២រសៀលមានព្រះសង្ឃចំនួន២អង្គ គឺព្រះវិន័យធរ និងព្រះលេខាអនុគណស្រុករំដួល បាននិមន្តព្រះភិក្ខុ ម៉េន ធឿន ឲ្យទៅគង់នៅវត្តជ័យមុនី ឈប់ឲ្យគង់នៅវត្តភូមិក្រូច ទើបប្រជាពុទ្ធបរិស័ទ ទួងស្គរប្រកាសអាសន្នលើកគ្នាមកតវ៉ា សុំឲ្យព្រះតេជគុណ ម៉េន ធឿន គង់នៅវត្តភូមិក្រូចនេះតទៅទៀត ធ្វើជាស្រែបុណ្យ និងបង្រៀនធម៌ដល់ព្រះសង្ឃ៧អង្គគង់នៅក្នុងវត្តនេះ ។
បើតាមព្រះតេជគុណ ឡុង ផន ចៅអធិការវត្តបានមានថេរដីកាថា ព្រះអង្គក៏មិនចង់ឲ្យភិក្ខុ ម៉េន ធឿន និមន្តចេញពីវត្តដែរគឺ ភិក្ខុ ម៉េន ធឿន ដូចជាដៃស្តាំរបស់ព្រះអង្គដូច្នោះ បើនិមន្តចេញគឺព្រះអង្គមួយអង្គឯងមិនអាចកសាងវត្តបានឡើយ ។ ម្យ៉ាងទៀត ក៏គ្មានអង្គណាចាស់វស្សាទេក្នុងវត្តភូមិក្រូចនេះ មានតែព្រះសង្ឃគង់នៅ៩អង្គ ហើយសុទ្ធតែសង្ឃទើបបួសខ្ចីវស្សា និងជាសាមណេរ ។ មូលហេតុនាំឲ្យមានអធិករណ៍នេះ គឺ ៖
ទី១-ពេលមានពុទ្ធបរិស័ទនិមន្តព្រះសង្ឃទៅសូត្រមន្ត គឺនិមន្តចំអង្គ ម៉េន ធឿន ហើយអង្គ ម៉េន ធឿន បានចាត់ចែងព្រះសង្ឃឲ្យទៅសូត្រមន្តជាមួយដោយអង្គឯងមិនបានទូលពិត លោកជាគ្រូចៅអធិការវត្តទេ (ចាត់ចែងខុសតួនាទី) គឺបើពុទ្ធបរិស័ទនិមន្តចំអង្គ ម៉េន ធឿន លោកអាចនិមន្តទៅបាន គ្រាន់តែទូលពិតគ្រូចៅអធិការបានហើយ ក៏ប៉ុន្តែបើនិមន្តច្រើនអង្គត្រូវតែទុកឲ្យចៅអធិការចាត់ចែងទើបត្រឹមត្រូវ ។
ទី២-នៅថ្ងែទី១១,១២ ខែមីនា ឆ្នាំ២០១៦ គឺអង្គម៉េន ធឿន បាននាំព្រះសង្ឃក្នុងវត្តទៅសូត្រមន្តដោយមិនទូលពិតចៅអធិការ ។ នៅថ្ងៃទី១៣ ខែមីនា គឺព្រះសង្ឃទាំង៨អង្គបាននិមន្តចេញក្រៅវត្តមិនដឹងទៅណា ទុកចៅអធិការគង់នៅក្នុងវត្តមួយអង្គឯង ទើបព្រះអង្គហៅអ្នកភូមិឲ្យមកដេកកំដរ លុះព្រឹកឡើងក៏រាយការណ៍ជូនព្រះអនុគណ រឿងអង្គ ម៉េន ធឿន និងសង្ឃ៧អង្គនិមន្តចេញពីរវត្តមិនទូលពិតចៅអធិកាឲ្យដឹង ។
ចំពោះបញ្ហាបច្ច័យកសាង លោកបានយកទៅផ្ញើទុកនៅកន្លែងមានសុវត្ថិភាពក្នុងក្រុងស្វាយរៀង ហើយមិនបានកសាង គឺមូលហេតុបែកបាក់សាមគ្គី គ្មានគណៈកម្មការដឹកនាំសាងសង់ ។ លោក មាស លី អាយុ៦៩ឆ្នាំ អតីតអាចារ្យវត្តភូមិក្រូច បានឲ្យដឹងថា លោកធ្វើគណៈកម្មការអាចារ្យតាំងពីឆ្នាំ១៩៧៩រហូតមកដល់ឆ្នាំ២០១៥ គឺក្រោមការដឹកនាំ ព្រះគ្រូចៅអធិការព្រះនាម ឡឹង ឆន មានសេចក្តីសុខណាស់ និងកសាងរីកចម្រើនក្នុងវត្ត ។
លុះព្រះគ្រូអនិច្ចធម្មទៅ គឺបានឲ្យអង្គ ម៉េន ធឿន គ្រប់គ្រងវត្តបណ្តោះអាសន្ន៨ខែ ។ ក្រោយមកដោយមិនអាចទុកវត្តឲ្យគ្មានចៅអធិការ ក៏សម្រេចជ្រើសរើសព្រះតេជគុណ ឡុង ផន ដែលជាគ្រូសូត្រស្តាំ មានព្រះជន្មចាស់ព្រះវស្សាឡើងជាគ្រូចៅអធិការវត្ត ប៉ុន្តែមិនបានតែងតាំងអង្គ ម៉េន ធឿន ជាគ្រូសូត្រស្តាំទេ ។ ក្រោយពីគ្រូចៅអធិការឡើងថ្មីបានតែបួនថ្ងៃ ក៏មានការរកាំរកូសរឿងបាត់ប្រាក់កឋិនទានចំនួនប្រមាណ១ម៉ឺនដុល្លារ(ប្រាក់ដុល្លារ៧,៦៦៣ដុល្លារ និងប្រាក់ខ្មែរ១៥លានរៀល) សម្រាប់កសាងស្រះស្រង់ ។ លុះក្រោយមកក៏រកឃើញប្រាក់គ្រប់ចំនួនវិញ ប៉ុន្តែប្រជាពុទ្ធបរិស័ទ៩០ភាគរយ អស់ទំនុកចិត្តក៏នាំគ្នាផ្តិតមេដៃសុំទម្លាក់គ្រូចៅអធិការថ្មីវិញ តែបួនខែមកហើយគ្មានដំណោះស្រាយ ។
ទាក់ទិននឹងករណីខាងលើនេះដែរ ព្រះតេជគុណ មុំ ឡី ព្រះអនុគណស្រុករំដួល បានមានថេរដីកាថា ព្រះគ្រូចៅអធិការសុគត១ឆ្នាំ៦ខែមកហើយ ត្រូវតែចាត់តាំងគ្រូចៅអធិការថ្មី ដឹកនាំ ហើយការជ្រើសតាំងនេះគឺព្រះអនុគណបានអញ្ជើញនិងនិមន្តព្រះសង្ឃទាំងពីរអង្គគណៈកម្មការអាចារ្យវត្ត មកប្រជុំនៅវត្តជ័យមុនី ជ្រើសរើសព្រះតេជគុណ ឡុង ផន ជាគ្រូចៅអធិការថ្មី គឺបានយល់ព្រមទាំងអស់គ្នា ។ប៉ុន្តែគ្រូចៅអធិការឡើងបាន៤ថ្ងៃ ក៏មានរឿងបាត់ប្រាក់ស្រាប់តែមានទំនាស់កើតឡើង ។
ព្រះអង្គបានកោះហៅមកដោះស្រាយដែរ ក៏ប៉ុន្តែមានលោកអាចារ្យ០៣នាក់ គឺលោកអាចារ្យបានប្រកាន់ថា បើមានចៅអធិការ ឡុង ផន គឺគ្មានអាចារ្យ០៣នាក់ ទើបព្រះអនុគណរាយការណ៍ ទៅក្រុមព្រះវិន័យសង្ឃខេត្តៗ ឲ្យរំលាយគណៈកម្មការអាចារ្យវត្តចាស់ ។ ជាមួយនេះ បានចាត់តាំងអាចារ្យពីររូបមកដឹកនាំបណ្តោះអាសន្ន និងឲ្យចៅអធិការជ្រើសរើសអាចារ្យគណៈកម្មការថ្មីរួចសឹមប្រកាស់តែងតាំងជាផ្លូវការវិញ ប៉ុន្តែការជ្រើសរើសមិនបានទើបមានអធិករណ៍រហូតមក ។
ព្រះអនុគណមានថេរដីកាទៀតថា គ្មានការដេញព្រះសង្ឃអង្គ ម៉េន ធឿន ឲ្យចេញពីវត្តទេ គឺគ្រាន់តែនិមន្តឲ្យលោកគង់នៅវត្តជ័យមុនីគឺវត្តអនុគណជាបណ្តោះអាសន្នសិន រង់ចាំដោះស្រាយ តែលោកមិនព្រមក៏បាននិមន្តមកវត្តភូមិក្រូចវិញ ។ រីឯព្រះតេជគុណ ម៉េន ធឿន វិញមានថេរដីកាថា ព្រះអង្គសុំគង់នៅក្នុងវត្តភូមិក្រូច តាមសំណើរបស់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ។ ឯចំពោះព្រះសង្ឃ៧អង្គដែលគង់នៅក្នុងវត្ត បានមានថេរដីកាថា បើមានករណីដេញព្រះអង្គ ម៉េន ធឿន ចេញឲ្យទៅវត្តផ្សេង ព្រះអង្គសុខចិត្តលាចាកព្រះផ្នួសគ្រប់អង្គតែម្តង ៕
ចែករំលែកព័តមាននេះ