កិច្ចព្រមព្រៀង សេវាចែកចាយប្រព័ន្ធទូរស័ព្ទ ក្នុងរមណីយដ្ឋានអង្គរ
ខេត្តសៀមរាប៖ អគ្គនាយក អាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យក្រុមហ៊ុន Camtower Link Communication Co.Ltd
ខេត្តសៀមរាប៖ អគ្គនាយក អាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យក្រុមហ៊ុន Camtower Link Communication Co.Ltd
ខេត្តសៀមរាប៖ អគ្គនាយក អាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យក្រុមហ៊ុន Camtower Link Communication Co.Ltd រៀបចំសេវាចែកចាយប្រព័ន្ធទូរស័ព្ទ (Monopole Tree) ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរានាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ ។
ពិធីនេះធ្វើឡើងរវាងអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីលោកបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ដែលជាហត្ថលេខី ជាមួយក្រុមហ៊ុន Camtower Link Communication Co.Ltd មានលោក MUHAMMED YUSOFF MOHD ZAMRI ប្រធានគ្រប់គ្រងប្រចាំតំបន់របស់ក្រុមហ៊ុនជាហត្ថលេខី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកជំនាញជាច្រើនរូបទៀត។
យោងតាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុននឹងដំឡើងបង្គោលដើមឈើសិប្បនិមិត្តចំនួន៦ទីតាំង ដែលអាចឱ្យក្រុមហ៊ុនទូរស័ព្ទផ្សេងៗ បំពាក់អង់តែនរបស់ខ្លួន ដើម្បីផ្តល់សេវាក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរឡើង។ ហើយក្រុមហ៊ុននេះនឹងចាប់ដំណើរ សកម្មភាពរបស់ខ្លួនបន្ទាប់ពីថ្ងៃ ចុះហត្ថលេខានេះទៅ ដែលត្រូវចំណាយរយៈពេលប្រមាណ៦ខែទើបរួចរាល់។ កន្លងមកមានក្រុមហ៊ុនទូរស័ព្ទមួយចំនួន បានដាក់ពាក្យស្នើសុំអាជ្ញាធរជាតិអប្សរា ដើម្បីដំឡើងអង់តែនទូរស័ព្ទរបស់ខ្លួនក្នុងរមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរាបានទទួលយកសំណើដោយបានអញ្ជើញក្រុមហ៊ុនទាំងនោះ មកធ្វើបទបង្ហាញអំពីលក្ខណៈបច្ចេកទេសរបស់ខ្លួនជាបន្តបន្ទាប់។ លើសពីនេះទៀត អាជ្ញាធរជាតិអប្សរា ក៏បានសហការជាមួយក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ដើម្បីពិនិត្យរកក្រុមហ៊ុនដែលមានអាជ្ញាបណ្ណផ្តល់ទីតាំងចែកចាយសេវាត្រឹមត្រូវ។
ក្រោយពិនិត្យឃើញថា ក្រុមហ៊ុន Camtower Link Communication Co.Ltd នេះ មានលក្ខណៈបច្ចេកទេស និងសិទ្ធិគ្រប់គ្រាន់ ដើម្បីដំឡើងនិងចែកចាយដោយស្របច្បាប់ ទើបអាជ្ញាធរជាតិអប្សរាឆ្លងយោបល់បច្ចេកទេសជាមួយគណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ និងបង្កើតក្រុមការងារចុះសិក្សាលម្អិតរហូតសម្រេចដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅពេលនេះ។ បច្ចុប្បន្នក្នុងរមណីយដ្ឋានអង្គរ មានសេវាទូរស័ព្ទតិចតួច ដែលធ្វើឱ្យមានភាពលំបាកដល់ការទំនាក់ទំនង។ មូលហេតុដោយសារ កន្លងមកមិនមានក្រុមហ៊ុនណាមានលក្ខណៈសម្បត្តិ និងបច្ចេកទេសគ្រប់គ្រាន់ ដើម្បីផ្តល់សេវាចែកចាយប្រព័ន្ធទូរស័ព្ទស្របតាមតម្លៃទេសភាពវប្បធម៌ក្នុងរមណីយដ្ឋានអង្គរនៅឡើយ។ ដោយឡែកក្រុមហ៊ុន Camtower Link Communication Co.Ltd មានគំនិតច្នៃប្រឌិតបង្កើតដើមឈើសិប្បនិមិត្តនេះឡើង អាចផ្តល់ការចែកចាយដល់ក្រុមហ៊ុនទូរស័ព្ទផ្សេងៗបំពាក់សេវារបស់ខ្លួន ជំនួសឱ្យការសាងសង់អង់តែនគ្រប់ក្រុមហ៊ុនទូរស័ព្ទច្រើនស្អេកស្កះក្នុងរមណីយដ្ឋានអង្គរ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ទេសភាពវប្បធម៌។
គួរបញ្ជាក់ផងដែរថា ស្របតាមគំនិតច្នៃប្រឌិត អនុសាសន៍ណែនាំរបស់គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ ហើយជាប្រភេទអង់តែន ដែលបណ្តាប្រទេសមួយចំនួនបានធ្វើរួចមកហើយ គឺក្នុងន័យការពារទេសភាពវប្បធម៌ ស្របតាមបទដ្ឋានរបស់តំបន់បេតិកភណ្ឌពិភពលោក។ អាជ្ញាធរជាតិអប្សរា បានសម្រេចទទួលយកគម្រោងនេះ ដោយចុះកិច្ចសន្យាមិនផ្តាច់មុខ ដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលចូលមកទស្សនារមណីយដ្ឋានអង្គរ មានសេវាទូរស័ព្ទប្រើប្រាស់ដូចតំបន់ដទៃទៀតផងដែរ៕
ចែករំលែកព័តមាននេះ