បច្ចេកវិទ្យាព័ត៌មានមិនត្រឹមតែធ្វើឱ្យមានលំហូរសេរី និងលឿននៃព័ត៌មាននោះទេ វាថែមទាំងបង្កើតចេញជាឪកាសនៃការធ្វើជំនួញ និងការងារជាច្រើន។ ទន្ទឹមនោះ វាក៏បានជួយកាត់បន្ថយការចំណាយទៅលើការធ្វើធុរកិច្ចផងដែរ។
ស្តាប់ទៅហាក់ដូចជាចម្លែកបន្តិចនៅពេលនិយាយថា បច្ចេកវិទ្យាព័ត៌មានបង្កើតបន្ទប់ការងារធ្វើនៅក្នុងលំហរអាកាសមួយ។ មានក្រុមហ៊ុនតូចៗជាច្រើនមិនមានទីតាំងធ្វើការត្រឹមត្រូវឡើយ ដោយសារតែការជួលកន្លែងធ្វើការមានតម្លៃថ្លៃ ។ ទោះបីជាយ៉ាងនេះក្តី គេនៅតែអាចប្រកបរបររបស់ពួកគេបានដោយធ្វើការពីចម្ងាយរៀងៗខ្លួនតាមប្រព័ន្ធអ៊ីនធើរណេត។ ការប្រជុំការងារ និងការទំនាក់ទំនងការងារទាំងឡាយរបស់ពួកគេ គឺធ្វើទៅតាមប្រព័ន្ធអ៊ីនធើរណេតទាំងអស់។
ដូច្នេះ ការធ្វើការតាមអ៊ីនធើរណេតមិនត្រឹមតែមិនបាច់ចំណាយទៅលើការជួលអគារសម្រាប់ប្រតិបត្តិការ នោះទេ គេថែមទាំងអាចកាត់បន្ថយការចំណាយពេលវេលា និងលុយកាក់សម្រាប់ការធ្វើដំណើរទៀតផងដែរ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ របៀបរបបថ្មីនៃការធ្វើការពីចម្ងាយតាមអ៊ីនធើរណេតនេះ ទាមទារលក្ខខណ្ឌមួយចំនួន ដើម្បីធានាដល់ប្រសិទ្ធភាពប្រតិបត្តិការ។ វាទាមទារឱ្យមនុស្សទាំងអស់មានភាពទទួលខុសត្រូវជាងមុន និងស្មោះត្រង់ជាងមុន ដោយសារតែពួកគេត្រូវស្ថិតនៅឆ្ងាយពីភ្នែកមើលផ្ទាល់សម្រាប់ការគ្រប់គ្រង។
ដើម្បីត្រៀមខ្លួនចូលធ្វើការនៅក្នុងលំហរបែបនេះ មនុស្សម្នាក់ត្រូវតែដុសខាត់អត្តចរិត និងចំណេះដឹងសម្រាប់ការងារឱ្យស្របតាមសម័យកាល។ ស្មោះត្រង់ និងទទួលខុសត្រូវ គឺជាលក្ខខណ្ឌដ៏សំខាន់ពីរបន្ថែមទៅលើចំណេះដឹងការងារតាមជំនាញ និងចំណេះដឹងនៃការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងតាមអ៊ីនធើរណេត និងតាមបណ្តាញសង្គមនានា។
តើអ្នកបានត្រៀមខ្លួនសម្រាប់របៀបធ្វើការងារថ្មីបែបនេះហើយឬនៅ?
ចែករំលែកព័តមាននេះ