ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ឆ្នាំ​២០២១ មាន​ស្នាដៃ​ចូលរួម​ប្រមាណ​៣០០​រឿង

1 ខែ មុន
  • ភ្នំពេញ

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ឆ្នាំ​២០២១ លើក​ទី​១០ បាន​រៀបចំ​ឡើង​វិញ​ហើយ បន្ទាប់​ពី​បាន​ខកខាន​មួយ​ឆ្នាំ​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ ខណៈ​ពេល​ឆ្នាំ​នេះ​បាន​ស្នាដៃ​ចូលរួម​ប្រកួត​មាន​ប្រមាណ​៣០០​រឿង

រាជធានី​ភ្នំពេញ ៖ មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ឆ្នាំ​២០២១ លើក​ទី​១០ បាន​រៀបចំ​ឡើង​វិញ​ហើយ បន្ទាប់​ពី​បាន​ខកខាន​មួយ​ឆ្នាំ​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ ខណៈ​ពេល​ឆ្នាំ​នេះ​បាន​ស្នាដៃ​ចូលរួម​ប្រកួត​មាន​ប្រមាណ​៣០០​រឿង​។

មហោស្រព​ខាងលើ​គ្រោង​នឹង​ចាប់ផ្តើម​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១ តាម​រយៈ​ការ​ចាក់​ផ្សាយ​តាម​អន​ឡាញ ពោល​គឺ​នៅ​លើក​ផេ​ក​ផ្លូវការ Chaktomuk Short Film Festival ។

លោក ស៊ុំ ស៊ី​ថែ​ន ប្រធាន​មហោស្រព​ភាពយន្ត​ខ្លី​ឆ្នាំ​២០២១ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ដោយសារ​មានការ​គាំទ្រ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឆ្នាំ​នេះ​យើង​បាន​សម្រេច​រៀបចំ​កម្មវិធី​ឡើង​វិញ​តាម​រយៈ​អន​ឡាញ ពោល​គឺ​យើង​មិន​ធ្វើការ​ចាក់​ផ្សាយ​តាម​រោង​ភាពយន្ត​ដូច​បណ្តា​ឆ្នាំ​មុន​ឡើយ ដោយ​យើង​ត្រូវ​គោរព​តាម​វិធានការ​សុខាភិបាល​ពី​ទប់ស្កាត់​ការ​ឆ្លង​រី​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

លោក​បញ្ជាក់​ថា ឆ្នាំ​នេះ មហោស្រព​បាន​ទទួល​ស្នាដៃ​ចូលរួម​ប្រមាណ​៣០០​រឿង ដោយ​បាន​បញ្ចូល​គ្នា​ទាំង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ ដោយសារ​យើង​ខក​ខានមិនបាន​ធ្វើ​កាលពី​ឆ្នាំ​កន្លង​ទៅ​។ លោក​បន្ថែម​ថា ក្នុង​ចំណោម​ស្នាដៃ​ផលិត​ទាំង​៣០០​រឿង​នេះ គឺ​យើង​ជ្រើសរើស​ចំរាញ់​យក​តែ​៦៦​រឿង​ប៉ុណ្ណោះ​សម្រាប់​មក​ចាក់​ផ្សាយ​។​ក្នុង​៦៦​រឿង​នេះ មាន​ខ្មែរ​៥១​រឿង និង​បរទេស​១៥​រឿង ហើយ​យើង​នឹង​ជ្រើសរើស​យក​រឿង​ខ្មែរ​តែ​៧ និង​បរទេស​តែ​៨​រឿង ក្នុង​ចំណោម​៦៦​រឿង​សម្រាប់​ក្រ​កួត​តាម​រយៈ​ការ​បោះ​ឆ្នោត​ពី​ទស្សនិកជន​។

លោក ស៊ុំ ស៊ី​ថែ​ន បាន​លើក​ឡើង​បន្ថែម​ថា គោលបំណង​នៃ​ការ​រៀបចំ​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​នេះ​ឡើង គឺ​ក្នុង​គោលបំណង​ផ្តល់​ឱកាស​អោយ​យុវ​ផលិតករ​ខ្មែរ​យើង​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​អោយ​ទស្សនិកជន​បាន​ស្គាល់ និង​អោយ​ទស្ស​និក​បានដឹង​ពី​ស្នាដៃ​ផលិតភាព​យន្ត​ថ្មី​ៗ​តាម​រយៈ​មហោស្រព​របស់​យើង ខណៈ​ពេល​ទស្សនិកជន​ខ្លះ​បានដឹង​តែ​ភាពយន្ត​ដែល​ចាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​។ មួយទៀត គឺ​ចង់អោយ​ផលិតករ​ខ្មែរ​យើង​បាន​រៀនសូត្រ និង​ដក​បទ​ពិសោធន៍​ពី​ផលិតករ​បរទេស ហើយ​យើង​ចង់អោយ​បរទេស​ស្គាល់​ពី​ស្នាដៃ​រប​សម​ផលិតករ​ខ្មែរ​យើង​វិញ​ដែរ​។

លោក ប៉ុក បូ​រក្ស ប្រធាន​នាយក​ដ្នា​ន​ភាពយន្ត នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ក្នុង​នាម​ក្រសួង​យើង​តែងតែ​ផ្តល់​ការ​គាំទ្រ​ទៅ​ដល់​ដំណើរការ​នៃ​ការ​រៀបចំ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​នេះ​។ លោក​បញ្ជាក់​ថា ក្នុង​បរិបទ​សម័យ​កូ​វី​ដ​នេះ វិស័យ​នៃ​ការ​ផលិតភាព​យន្ត​សម្រាប់​ចាក់​បញ្ចាំង​តាម​រោង គឺ​ត្រូវ​អ​សកម្មភាព និង​ព្យួរ​ចោល ខណៈ​ពេល​ការ​បណ្តុះ​លើ​ផ្នែក​នេះ និង​ការ​រៀបចំ​មហោស្រព​នានា​ក៏​បាន​អាក់ខាន​ដូច​គ្នា​។ លោក​ថា យ៉ាងណា ទោះ​ក្នុង​បរិបទ​កូ​វី​ដ​នា​ពេល​នេះ យើង​នៅ​តែ​ខិតខំ​រៀបចំ​ឡើង​អោយ​ខាន​តែ​បាន​មិន​អាច​អូស​បន្លាយ​អោយ​វា​បាត់បង់​យូរ​ឡើយ បើ​ទោះបី​កម្មវិធី​ធ្វើ​ឡើង​តាម​រយៈ​អន​ឡាញ​ក៏​ដោយ​។

លោក​បន្ថែម​ថា ឆ្នាំ​នេះ មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​តាម​រៀបចំ​ឡើង​ដោយ​ចាក់​ផ្សាយ​តាម​រយៈ​អន​ឡាញ​ប៉ុណ្ណោះ ហើយ​ចាក់​ផ្សាយ​នោះ​អ្នក​រៀបចំ​ក៏​មានការ​កំណត់​ផង​ដែរ ពោល​គឺ​ចាក់​ផ្សាយ​តែ​នៅ​ក្នុងស្រុក​ប៉ុណ្ណោះ ដោយសារ​ការ​បារម្ភ​ពី​ការ​លួច​ថតចម្លង​ស្នាដៃ ហេតុនេះ​ពេល​ចាក់​ផ្សាយ​ចប់​នោះ​នឹង​មានការ​លុប​ចោល​វិញ​ភ្លាម​ៗ​ផង​ដែរ​។

យ៉ាងណា​បើ​តាម​លោក ប៉ុក បូ​រក្ស ថា យើង​ក៏​មាន​សប្បាយ​នៅ​ពេល​ដែល​បានឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​យុវ​ផលិតករ​ខ្មែរ​យើង​បាន​ពុះពារ​ផលិត​ស្នាដៃ​បាន​ល្អ​ៗ​បង្ហាញ ដែល​នោះ​បង្ហាញ​ពី​ឆ​ន្ទះ​ខ្ពស់​របស់​ផលិតរ​យើង​ក្នុង​ការ​ផលិត​ស្នាដៃ​មក​ចូលរួម​ក្នុង​មហោស្រព ហើយ​ក្នុង​នា​មក​ហរ​សួង​វប្បធម៌​យើង​សូម​លើកទឹកចិត្ត​ដល់​ផលិតករ​ខ្មែរ​យើង​អោយ​បន្ត​ផលិត​ស្នាដៃ​ថ្មី​ៗ​បន្ថែម​ទៀត​៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture