ខេត្តឧត្តរមានជ័យ ៖ អំពើហិង្សាបានកើតឡើងនៅក្នុងគ្រួសារមួយធ្វើឲ្យអ្នកភូមិហួសចិត្តនឹកស្មានមិនដល់ ដោយសារតែប្តីចង់លក់ផ្ទះ តែប្រពន្ធជំទាស់មិនឱ្យលក់ ប្តីខឹងដុតផ្ទះឆេះអស់ហ្មត់ កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៧ មីនា ២០១៦ ស្ថិតនៅក្នុងភូមិត្រពាំងតាវថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ។
អ្នកភូមិរស់នៅជិតកន្លែងកើតហេតុបានរៀបរាប់ថា កន្លងមក គ្រួសារមួយនេះតែងតែឈ្លោះគ្នាជាញឹកញាប់ ប្តីឈ្មោះ ញឹល ប៊ុនធឿន ហៅយ៉ន អាយុ៣២ឆ្នាំ ឯស្ត្រីជាប្រពន្ធឈ្មោះ គុណ អ៊ុក អាយុ៣០ឆ្នាំ ជាគ្រួសារក្រីក្រ ។ រឿងរ៉ាវទាំងឡាយបណ្តាលមកពីប្តីមានគំនិតចង់លក់ផ្ទះមួយខ្នងដែលកំពុងរស់នៅសព្វថ្ងៃ ទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ សង់អំពីឈើដំបូលប្រក់ស័ង្កសី ក្នុងតម្លៃ១លានរៀល តែស្ត្រីជាប្រពន្ធជំទាស់មិនឱ្យលក់ដោយនិយាយថា បើលក់ផ្ទះទៅ តើកូនៗទៅរស់នៅឯណា? ហើយលក់ក្នុងតម្លៃថោកទៀត ស្រាប់តែប្តីខឹងផ្ទុះហិង្សាដុតផ្ទះចោលតែម្តង រួចរត់គេចខ្លួនបាត់ស្រមោល ។
មន្ត្រីនគរបាលប៉ុស្គិ៍រដ្ឋបាលត្រពាំងតាវ បានឲ្យដឹងថា រឿងរ៉ាវខាងលើ បង្កឡើងដោយសារប្តីប្រើអំពើហិង្សាទៅលើក្រុមគ្រួសារឈានទៅដុតបំផ្លាញផ្ទះខ្លួនឯង បណ្តាលឱ្យទ្រព្យសម្បត្តិដែលមានបន្តិចបន្តួចទាំងប៉ុន្មាននៅក្នុងផ្ទះ ដូចជា ម៉ូតូ១គ្រឿង កង១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត ត្រូវរលាយអស់គ្មានសល់ដោយសារស្នាដៃប្តីចិត្តឃោរឃៅនេះ ។ ទោះបីជាយ៉ាងណាក្តី សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវតាមរកចាប់ខ្លួនជនបង្ករូបនេះយកមកផ្តន្ទាទោសតាមច្បាប់ឱ្យទាល់តែបាន ៕
ចែករំលែកព័តមាននេះ