រាជធានីភ្នំពេញ ៖ ក្រោយពីបានភ្ជាប់ពាក្យកាលពីប៉ុន្មានខែមុននេះ ស្រីស្អាត វីរៈ និច្ច ដែលបោះជំហានសិល្បៈដោយសារការប្រឡងហ្វ្រេស៊ីហ្គើល និងក្លាយជាតារាចម្រៀងកំពុងលេចធ្លោនៅក្នុងផលិតកម្មសានដេនោះ បានរៀបការជាផ្លូវការហើយ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ មុននេះ។
ស្វាមីស្របច្បាប់របស់នាង គឺជាលោក ខៀវ ពេជ្រ ថៅកែផ្ទះសំណាក់មួយកន្លែងនៅខេត្តព្រះសីហនុ ហើយពួកគេបានភ្ជាប់ពាក្យជាមួយគ្នាតាំងពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ មកម្ល៉េះ។ មិនត្រឹមតែប៉ុណ្ណោះក៏មានព័ត៌មានថា វីរៈ និច្ច នឹងត្រៀមយកកូនភ្លាមៗតែម្ដង ក្រោយមានប្ដី ព្រោះថាឪពុកម្ដាយទាំងសងខាងចង់បានចៅពរ។

ដោយឡែកទាង់ទងនឹងអាជីពចម្រៀងវិញ ស្រីស្អាត វីរៈ និច្ច ថា នាងនៅតែបន្ដច្រៀងឲ្យសាន់ដេដដែល ព្រោះប្ដីនាងមិនហាមឃាត់ការងារសិល្បៈដែលនាងស្រលាញ់តាំងពីតូចមកនេះទេ។ ប៉ុន្ដែនាងថា ត្រូវបន្ថែមអាជីពថ្មីមួយទៀតនោះ គឺការធ្វើជំនួញឲ្យដើរទន្ទឹមនឹងការងារសិល្បៈតែម្ដង។
តារាចម្រៀងរូបស្រស់ ចេង ស្រីនិច្ច ហៅវីរៈ និច្ច ដែលត្រូវជាក្មួយស្រីរបស់លោកខាន់ ជេមស៍ នោះបានលាភាពក្រមុំត្រឹមវ័យ២៣ឆ្នាំតាមរយៈការដឹកដៃលោក ខៀវ ពេជ្រ វ័យ២៨ឆ្នាំ រៀបការនៅភោជនីយដ្ឋាន «មីងផាលេស» នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។

ម្ចាស់បទ «សម័យនេះស្រលាញ់ស្មោះម៉េចស្ទាវ?» រូបនេះធ្វើតែ១០តុ ឬមានភ្ញៀវកំណត់ឲ្យចូលរួមតែ១០តុប៉ុណ្ណោះ ដើម្បីបង្ការការជួបជុំទ្រង់ទ្រាយធំពិបាកទប់ស្កាត់កូវីដ ដែលស្រីនិច្ច ប្រាប់ថា ភ្ញៀវទាំងនោះ គឺមានតែមិត្តភក្ដិដ៏ជិតដិតបំផុត និងក្រុមគ្រួសារទាំងសងខាង ហើយចំពោះអ្នកសិល្បៈរួមអាជីពវិញ ភាគច្រើនគឺមានតែតារារួមដំបូលសាន់ដេ។
តែស្រីនិច្ច ថា មង្គលការមិនអាចពន្យាពេលតទៅទៀតបាននោះទេ ព្រោះថាលោកតាអាចារ្យដេញពាលាទៅល្អនៅថ្ងៃនេះ ហើយដោយសារតែកូនប្រុសអាយុច្រើនដែរ និងម្យ៉ាងទៀតចាស់ទុំទាំងសងខាងចង់ឲ្យការពេលនេះ ទើបមិនអាចចាំដល់ពេលស្ងាត់កូវីដនោះឡើយ។

តារាចម្រៀងសាន់ដេ ចេង ស្រីនិច្ច ហៅវីរៈ និច្ច បានសម្រេចចិត្តលាភាពនៅលីវនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ ហើយតាមរយៈការដឹកដៃលោកខៀវ ពេជ្រ រៀបការនៅហាងមួយម្ដុំស្ដុកបូកគោ ខណ្ឌចំការមន ក្រុងភ្នំពេញ ក្រោយពីអ្នកទាំង២បានភ្ជាប់ពាក្យជាមួយគ្នាជាង២ខែ។ វីរៈ និច្ច ហ៊ានដឹកដៃកំពូលស្នេហ៍រៀបការទាំងមិនទាន់ស្ងាត់កូវីដបែបនេះ ច្បាស់ជាធ្វើឲ្យតារាមួយចំនួនទៀតដែលបានផ្អឹបមង្គលការនោះប្រាកដជាចង់ក្រាបផ្ទឹមដែរជាមិនខាន ក្នុងនោះមានដូចជា នាងពេជ្រ សោភា, វ៉ាន់ នីឡា, ប៉ាច គីមមួយ, ម៉ង់ ច័ន្ទកញ្ញា, ចំរើន សុភ័ក្រ និងឈិន ម៉ានិច្ច ជាដើម៕









ចែករំលែកព័តមាននេះ