ខេត្តស្វាយរៀង ៖ លោកយឹម ថេង អាយុ៦១ឆ្នាំ ស្រុកកំណើតនៅភូមិមេភ្លើង ឃុំស្វាយរៀង ស្រុកស្វាយរៀង ជាអ្នកចម្រៀងអំឡុងក្រោយឆ្នាំ១៩៧៩ ម្ចាស់បទ «លក់ស្រូវជូនរដ្ឋគឺស្នេហាជាតិ» ។ លោកយឹម ថេង ដែលបានចាប់អាជីពជាអ្នកចម្រៀងរហូតមកដល់បច្ចុប្បន្នបានធ្លាក់ខ្លួនឈឺជាទម្ងន់កាលពីថ្ងៃ៦ ខែមីនា ឆ្នាំ២០១៦ ។
ក្រុមគ្រួសារបានបញ្ជូនលោកយឹម ថេង ទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ហើយរហូតមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នៅពុំទាន់បានធូរស្រាលនៅឡើយ ។
ដោយជីវភាពក្រីក្រ ក្រុមគ្រួសារបានអំពាវនាវសុំការជួយឧបត្ថម្ភពីសប្បុរសជនសម្រាប់ការព្យាបាលលោកយឹម ថេង ។
លោកយឹម ច័ន្ទរិទ្ធី ជាកូនរៀបរាប់ឱ្យដឹងថា លោកយឹម ថេង មានកូនប្រុស៤នាក់ ចំណែកភរិយារបស់លោកបានស្លាប់ក្នុងឆ្នាំ១៩៩៤ ដោយជំងឺខ្សោយបេះដូង ។ កូនប្រុស២នាក់ប្រកបមុខរបរជាសិល្បករដូចឪពុក ម្នាក់ជាកម្មករសំណង់ និងម្នាក់ជាអ្នកយកព័ត៌មាន ។
លោកយឹម ថេង ជាអ្នកចម្រៀងមួយរូបជំនាន់ជាមួយលោកនូ ស៊ឹប និងលោកហួ ឡាវី ប៉ុន្តែលោកមិនសូវល្បីឈ្មោះបោះសំឡេងទេ ។ លោកថេងរកប្រាក់កម្រៃតាមរយៈទឹកដមសំឡេងរបស់ខ្លួនតាមភោជនីយដ្ឋាន និងតាមស្ថានីយទូរទស្សន៍ម្តងម្កាលដែរ ក្នុងនោះធ្លាប់ចូលរួមក្នុងកម្មវិធី«រាត្រីពណ៌ស្វាយ» របស់ទូរទស្សន៍បាយ័ន ។ លោកយឹម ថេង ឱ្យដឹងថា រូបគាត់ជាអ្នកចម្រៀងនៅខេត្តស្វាយរៀង និងជាម្ចាស់បទ «លក់ស្រូវជូនរដ្ឋគឺស្នេហាជាតិ» និពន្ធដោយលោកមាស សុខ និងនិពន្ធបទភ្លេងដោយលោកយិន ឆង ។ ក្រៅពីនេះលោកថេងបានច្រៀងជាច្រើនបទទៀតក្នុងអំឡុងទសវត្ស៨០ ។
លោកយឹម ថេង បានបន្តអាជីពជាអ្នកចម្រៀងរហូតមក ប៉ុន្តែជីវភាពពុំធូរធារទេ បានត្រឹមតែរស់ មួយថ្ងៃៗប៉ុណ្ណោះ ។ ជាពិសេសក្នុងវ័យចំណាស់ និងធ្លាក់ខ្លួនមានជំងឺ អ្នកចម្រៀងរូបនេះគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ព្យាបាលខ្លួនឡើយ ៕
ចែករំលែកព័តមាននេះ