រាជធានីភ្នំពេញ ៖ តារាចម្រៀងគៀត សុវណ្ណាឡាង បានបង្ហាញអារម្មណ៍ស្មុគស្មាញខ្លះក្នុងការសម្រេចចិត្តឲ្យច្បាស់សម្រាប់ការងារសិល្បៈប្រចាំថ្ងៃ ។ ជម្រើសដែលស្រីស្អាតរូបនេះកំពុងគិតនោះ គឺរវាងអាជីពចម្រៀង និងសម្តែង ។
មកទល់ពេលនេះតារាស្រស់ប្រិមប្រិយគៀត សុវណ្ណាឡាង ហាក់មានពន្លឺឡើងវិញក្នុងពិភពសិល្បៈ បន្ទាប់ពីនាងរើខ្លួនមកចូលក្នុងពិភពសិល្បៈភាពយន្តដូចគ្រាដំបូងនោះ។ មានភាពយន្តមួយចំនួនដែលគៀត សុវណ្ណាឡាងសម្តែងបានបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ និងតាមរោងភាពយន្ត ហើយត្រូវមហាជនលើកសរសើរពីទេពកោសល្យសម្តែងរបស់នាង ។ ទស្សនិកជនសរសើរថាសុវណ្ណាឡាងសម្តែងបានល្អ ដូច្នេះប្រសើរជាងអាជីពចម្រៀងដែលកាត់ផ្តាច់ភាពលេចធ្លោរបស់នាងសឹងងើបមុខមិនរួចនោះ ។
តារាសម្តែងគៀត សុវណ្ណាឡាង ត្រូវទស្សនិកជនស្គាល់ក្នុងនាមជាអ្នកសិល្បៈគ្រាដែលនាងចូលរួមសម្តែងខ្សែរឿងភាគមួយចំនួននៅទូរទស្សន៍ស៊ីធីអិនដែលជាស្នាដៃផលិតរបស់អ្នកស្រីពាន់ ភួងបុប្ជា ។ គ្រាដែលអាជីពសិល្បៈកំពុងងើបឡើង សុវណ្ណាឡាងបានផ្លាស់ប្តូរទៅធ្វើជាតារាចម្រៀងជាប់កិច្ចសន្យាច្រើនឆ្នាំរបស់ផលិតកម្មភ្លេងរីខតជាសាខារបស់ផលិតកម្មរស្មីហង្សមាស ។ ធ្វើជាតារាចម្រៀងស្រស់ស្រីសុវណ្ណាឡាងពុំសូវទទួលបានជោគជ័យដូចតួនាទីជាតារាសម្តែងទេ ។ រឿងនេះធ្វើឱ្យសុវណ្ណាឡាងខកចិត្ត ព្រមទាំងគិតថាចប់កិច្ចសន្យានាងនឹងវិលទៅពិភពសម្តែងវិញ ។
បញ្ជាក់ប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពកាលពីពេល ថ្មីៗកន្លងមកកញ្ញាគៀត សុវណ្ណាឡាងឱ្យដឹងថា «នាងខ្ញុំជិតផុតកិច្ចសន្យាជាមួយផលិតកម្មភ្លេងរីខតហើយ ។ នាងខ្ញុំកំពុងតែពិចារណារឿងជ្រើសរើសយកមួយណា ម្ខាងជាតារាភាពយន្ត សម្តែងទៅមានអ្នកគាំទ្រ ម្ខាងទៀតជាអាជីពចម្រៀងដែលនាងខ្ញុំស្រឡាញ់ សុទ្ធតែជាការងារកើតចេញពីសមត្ថភាពទាំង២ ។នាងខ្ញុំទទួលស្គាល់ថាការច្រៀងរបស់នាងខ្ញុំ គឺហាក់មិនកក្រើកក្នុងពិភពសិល្បៈជាងការសម្តែងឡើយ ។ បើនិយាយពីរឿងសម្តែងវិញមានមិត្តភក្តិក៏ដូចជាមិត្តក្នុងហ្វេសប៊ុកនាំគ្នាសរសើរថាល្អ បើអាចទៅរួចចូលសម្តែងឲ្យបានស៊ុបតែម្តងទៅ ព្រោះច្រៀងដូចជាមិនទៅមុខសោះ។ យ៉ាងណាមិញនាងខ្ញុំកំពុងពិចារណាស្របពេលដែលខាងផលិតកម្មភ្លេងរីខតគេអនុញ្ញាតឲ្យនាងខ្ញុំបានសម្តែងប៉ុន្មានរឿងដែរនោះ មានអ្នកទាក់ទងច្រើនណាស់ គេហៅថតកុន អាចជាជម្រើសមួយដែលល្អក្នុងពេលដែលនាងខ្ញុំផ្អាកពីការសម្តែងប៉ុន្មានឆ្នាំមកហើយ នៅតែមានអ្នកត្រូវការ ។ មានអ្នកស្គាល់នាងខ្ញុំជាច្រើនប្រាប់ថាសម្តែងវិញទៅ ហើយបើសម្តែងល្អ រួចឡើងច្រៀងបានពីរោះទៀតនោះ ពិតជាមានគេចាប់អារម្មណ៍។ ម្យ៉ាងទៀតឥឡូវនេះខាងផលិតកម្មគាត់ហាក់បញ្ចូលនូវបទចម្រៀង ថ្មីៗដល់រូបនាងខ្ញុំបានច្រៀងខុសពីមុនច្រើនដែលជាមែកធាងមួយធ្វើឲ្យនាងខ្ញុំស្មុគស្មាញចិត្តសម្រាប់ការជ្រើសរើសមួយណាល្អជាងមួយណាមែន » ។
គាត សុវណ្ណាឡាង ទើបតែត្រូវបានផលិតកម្មអិលឌីភីកឆើឱ្យចូលរួមសម្តែងបានប៉ុន្មានរឿងដែរ ដូចជារឿង «ម៉ែដោះក្រមុំ»ជារឿងភាគបញ្ចាំងនៅទូរទស្សន៍បាយ័នជាដើម។ ការសម្តែងកុនសុវណ្ណាឡាងហាក់ដូចជាយល់ដឹងច្រើន ព្រោះឆ្លងកាត់ការបង្ហាញ និងចង្អុលប្រាប់ពីរៀមច្បង ក៏ដូចជាអ្នកដឹកនាំរឿង ។
អ្វីដែលតារាសម្តែងរូបនេះខ្លាចបំផុតចំពោះការសម្តែងនោះ គឺការថតឈុតឆាកស្នេហាឱបថើប នាងមិនសូវពូកែទេ គឺខ្មាសអៀនខ្លាំង ។ «ឲ្យតែមើលសាច់រឿងឃើញមានឈុតថើបផ្អឹបមាត់គ្នានាងខ្ញុំសុំគេអត់ថតទេ ព្រោះយើងជាស្រីខ្លាចគេថា ។ អីុចឹងហើយទើបនាងខ្ញុំអរគុណដល់អ្នកផលិតមួយចំនួនគាត់យល់ ហើយចេះតែ ចៀសៗរឿងថតបែបបឺតមាត់ និងថើបមាត់គ្នាដល់រូបនាងខ្ញុំ ។ ប៉ុន្តែបើត្រឹមតែឱប ឬកាន់ដៃគ្នានោះ គឺនាងខ្ញុំពិតជាមិនថាអ្វីនោះទេ តែឈុតថើបបឺតមាត់បើតារាស្រីណាគាត់ធ្វើបាន គឺនាងខ្ញុំសូមសរសើរ គាត់ហ៊ាន ប៉ុន្តែនាងខ្ញុំអត់ទេ ស៊ីថ្លៃប៉ុន្មានក៏មិនហ៊ានហក់ទៅជាមួយដែរ» ៕
ចែករំលែកព័តមាននេះ