រាជធានីភ្នំពេញ ៖ បុរសចំណាស់ មានរូបកាយស្គមស្គាំងម្នាក់ ត្រូវប្រជាពលរដ្ឋនិងអាជីវករផ្សារដើម.គ ប្រទះឃើញដេកស្លាប់នៅជាប់របងមជ្ឈមណ្ឌលវប្បធម៌ចេនឡា ស្ថិតតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ក្នុងសង្កាត់ផ្សារដើម.គ ខណ្ឌទួលគោក បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៧ និង១៥នាទីយប់ថ្ងៃទី១៧ មីនា ២០១៦ ។ សាកសពជនរងគ្រោះត្រូវគេស្គាល់ឈ្មោះតាបេង អាយុជាង៥០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ។
យោងតាមសន្តិសុខយាមនៅក្បែរកន្លែងកើតហេតុឱ្យដឹងថា កន្លងមក គេឃើញជនរងគ្រោះតែងមកអង្គុយសំកុកនៅជាប់របងមជ្ឈមណ្ឌលវប្បធម៌ចេនឡា ក្នុងអាការៈស្លេកស្លាំង រាងកាយស្គមគ្មានកម្លាំងកំហែង ។ ឃើញបែបនេះ ក៏បានជួយដឹកគាត់ទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតតាមរ៉ឺម៉កម៉ូតូម្តងដែរ តែមិនដឹងយ៉ាងម៉េច ឃើញគាត់ត្រឡប់មកវិញ ហើយភ្ញាក់ផ្អើលថា បានស្លាប់ទៅហើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ ហើយបានឱ្យជំនាញចុះមកធ្វើកោសល្យវិច័យប្រាប់ថា អាចស្លាប់ដោយសារគាំងបេះដូង ឬខ្យល់គរ ។ សពត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តសំបួរមាស រង់ចាំក្រុមគ្រួសារយកទៅធ្វើតាមប្រពៃណី ។
ចែករំលែកព័តមាននេះ