រាជធានីភ្នំពេញ ៖ សេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងលទ្ធផលនៃចំណាត់ការរបស់សមត្ថកិច្ចក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត Rolls Roy ពណ៌ស ផ្លាកលេខ កម្ពុជា MR.IDOL ដែលបានបើកបុកបង្គោលភ្លើង និងរបាំងពុះចែកផ្លូវ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០២និង២០នាទី ត្រង់ចំណុចមុខវិហារចិន មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហោះនៅយប់ថ្ងៃទី១៥ ខែតុលានេះ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីគ្រោះថ្នាក់ចរាចរណ៍នេះភ្លាម សមត្ថកិច្ចជំនាញបានចុះធ្វើការពិនិត្យនៅជុំវិញ និងបរិវេណកន្លែងកើតហេតុ ជាលទ្ធផលរកពុំឃើញមានកាមេរ៉ាសុវត្ថិភាពដែលបង្ហាញពីសកម្មភាពពេលកើតហេតុនោះទេ ។ សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោកបានធ្វើការនាំយករថយន្តបង្កហេតុយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងបានធ្វើការកោះអញ្ជើញម្ចាស់រថយន្តបង្កឱ្យចូលខ្លួនបំភ្លឺ និងទទួលខុសត្រូវលើករណីបង្កនេះ ។
ក្រោយពីធ្វើការស្រាវជ្រាវ និងស្តាប់ចម្លើយរបស់ឈ្មោះ ចិន ពុទ្ធឆាត ភេទប្រុស ជាតំណាងម្ចាស់រថយន្តបានបញ្ជាក់ថា អ្នកបើករថយន្តបង្កគ្រោះថ្នាក់ គឺឈ្មោះ ដេត ឫទ្ធី ភេទប្រុស ជាបងប្រុសបង្កើតរបស់ម្ចាស់រថយន្តជាមួយនោះដែរ ឈ្មោះ ដេត ឫទ្ធី ក៏បានចូលខ្លួនមកបំភ្លឺ និងបញ្ជាក់ចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាអ្នកបើករថយន្ត Roll Roy របស់ប្អូនស្រីគាត់បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន ដោយគាត់បានធ្វើដំណើរចេញពីហាងមួយកន្លែងនៅជិតផ្សារTK ក្នុងគោលបំណងទៅផ្ទះនៅខណ្ឌពោធិ៍សែនជ័យ ដល់កន្លែងកើតហេតុបានជែងរថយន្តមួយគ្រឿង ក៏ជ្រុលចង្កូតទៅបុករបាំងថ្ម និងបង្គោលភ្លើងបំភ្លឺផ្លូវ ។
ដោយទទួលស្គាល់នូវកំហុសជនបង្កក៏បានយល់ព្រមសម្របសម្រួលបញ្ចប់ដោយបានសងសំណងទៅមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ម្យ៉ាងវិញទៀត ករណីគ្រោះថ្នាក់នេះក៏មិនបានបង្កឱ្យមានមនុស្សរងរបួសឡើយ ជាមួយនោះដែរ ខាងមន្ទីរសាធារណ:ការក៏មិនបានដាក់ពាក្យបណ្តឹងលើករណីនេះដែរ ដោយគ្រាន់តែទាមទារសំណងយកមកជួសជុលការខូចខាតតែប៉ុណ្ណោះ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសបញ្ជាក់ជូនសាធារណ:ជនទាំងអស់ឱ្យបានជ្រាបថា ការអនុវត្តច្បាប់ គឺយោងទៅលើភស្តុតាងច្បាស់លាស់មិនមែនជាការចោទប្រកាន់ខុស ឬត្រូវ ទៅតាមការគិត ឬនឹកឃើញនោះទេ ។ បើមានភស្តុតាងច្បាស់លាស់ សមត្ថកិច្ចជំនាញនឹងចាត់ការតាមវិធានការច្បាប់ ហើយបើគ្មានភស្តុតាងច្បាស់លាស់នោះទេ ក្នុងនាមជាអ្នកអនុវត្តច្បាប់មិនអាចចោទប្រកាន់បុគ្គលណាម្នាក់បានថា អ្នកនោះជាអ្នកបើកបរអ្នកនោះបើកបរក្នុងស្ថានភាពស្រវឹង ឬហេតុផលណាមួយដោយគ្មានភស្តុតាងបានឡើយ ៕
ចែករំលែកព័តមាននេះ