សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចរុះរើគណៈរដ្ឋមន្ត្រីរបស់លោក ដើម្បីធ្វើឱ្យកាន់តែមានប្រសិទ្ធភាពការងារបម្រើប្រជាជនកម្ពុជា ។ ការរុះរើគណៈរដ្ឋមន្ត្រីនេះ កើតឡើងដោយសារតែក្រសួងរដ្ឋមួយចំនួនស្ពឹក ហើយប្រសិទ្ធភាពការងារនៅមានកម្រិត ។
សម្តេចតេជោបាននិយាយជាសាធារណៈថា ក្រសួងចំនួន៨ នឹងទទួលរងផលប៉ះពាល់ពីការរុះរើគណៈរដ្ឋមន្ត្រីនេះ ។ សម្តេចមិនបានបង្ហើបឱ្យអស់ឡើយថា តើក្រសួងទាំង៨នោះ មានក្រសួងណាខ្លះទេ?
ការរុះរើគណៈរដ្ឋមន្ត្រី ដែលនឹងត្រូវសម្រេចដោយរដ្ឋសភានៅថ្ងៃទី០៤ មេសា បានបង្ហាញថា សម្តេចមិនអាចនៅស្ងៀមបន្តទៀត ដែលឃើញមន្ត្រីថ្នាក់ក្រោមរបស់សម្តេច មានភាពស្ទុះស្ទារនឹងការងារដូចអ្វីដែលសម្តេចចង់បាន ។
កន្លងមក គេឃើញថា សម្តេច ហ៊ុន សែន បានប្រឹងប្រែងជាខ្លាំង នៅក្នុងការបម្រើប្រជាជនកម្ពុជា ដែលបានបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស ប៉ុន្តែគេសង្កេតឃើញថា មន្ត្រីមួយចំនួន មិនទាន់បំពេញការងារបានល្អនៅឡើយ ។ រហូតដល់អ្នកខ្លះនិយាយថា «ក្បាលរស់រវើក ដៃជើងស្ពឹងស្រពន់» ដោយចង់សំដៅទៅលើការប្រឹងប្រែងរបស់សម្តេចតេជោ និងភាពស្ពឹកស្រពន់របស់មន្ត្រីថ្នាក់ក្រោម ។
ដូច្នេះ ការរុះរើគណៈរដ្ឋមន្ត្រីនឹងផ្តល់សញ្ញាមួយដល់រដ្ឋមន្ត្រីទាំងអស់ថា ពួកគេដែលជាដៃ និងជើងរបស់រដ្ឋាភិបាលនោះ ត្រូវធ្វើការខ្លាំងជាងមុន ដើម្បីបម្រើផលប្រយោជន៍ប្រជាជនកម្ពុជា ។ បើពុំនោះទេ ពួកគេនឹងត្រូវទទួលថ្នាំខ្លាំង គឺការដកចេញពីមុខតំណែង ។
ការពង្រឹងប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាលនឹងជួយលើកកម្ពស់ប្រជាប្រិយភាពរបស់គណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ ៕
ចែករំលែកព័តមាននេះ