ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់លំនៅឋានចំនួន៥ល្វែងជាប់ផ្សារពាណិជ្ជកម្ម ដែលភាគច្រើនជាផ្ទះរបស់គ្រូបង្រៀននៅសាលាបឋមសិក្សា ជា ស៊ីម ស្ថិតនៅខាងក្រោយផ្សារពាណិជ្ជកម្ម ក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុងនៅរសៀលថ្ងៃទី១៧ មីនា ។
យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងជាជំហានដំបូងថា ផ្ទះ៤ល្វែង ត្រូវបានឆេះទាំងស្រុង និង១ខ្នងទៀតឆេះដំបូល ក្នុងនោះជាផ្ទះរបស់អ្នកគ្រូបង្រៀន៣ខ្នង និងផ្ទះលក់គ្រឿងទេស២ខ្នង ។
អគ្គិភ័យនេះ បានផ្តើមឆេះនៅម៉ោងប្រមាណ២និង៤០នាទីរសៀល ដោយផ្តើមចេញពីផ្ទះរបស់ឈ្មោះ ចម ហៅយាយក្តាមប្រៃ នេះបើយោងតាមរបាយការណ៍របស់ប៉ូលិសរដ្ឋបាលសង្កាត់លេខ២បានអះអាង ។ យោងតាមការសន្និដ្ឋានជំហានដំបូងបណ្តាលមកពីទុស្សេចន្តរអគ្គិសនី ហើយត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង១៥និង៤៥នាទី ។ ក្នុងហេតុការណ៍នេះ ពុំបានបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ឬក៏ម្ចាស់ផ្ទះណាម្នាក់នោះទេ គ្រាន់តែបានបំផ្លាញផ្ទះចំនួន៤ល្វែង និងផ្ទះ១ខ្នងទៀត ដែលនៅក្បែររងការឆេះដំបូលបន្តិចបន្តួច ។
ប្រភពដដែលបានបន្តថា នៅក្នុងប្រតិបត្តិការជួយពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចចម្រុះរួមមានសមត្ថកិច្ចប៉ូលិសសង្កាត់ ក្រុង ខេត្ត សមត្ថកិច្ចកងរាជអាវុធហត្ថ កម្លាំងអន្តរាគមន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ អាជ្ញាធរខេត្តព្រះសីហនុ បានប្រើប្រាស់រថយន្តចំនួន៦គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន៨រថយន្ត ក្នុងនោះរថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង រថយន្តកងរាជអាវុធហត្ថខេត្តចំនួន២គ្រឿង និងរថយន្តកំពង់ផែស្វយ័តចំនួន២គ្រឿង ។ ចំពោះទំហំនៃការបាត់បង់ក្នុងអគ្គិភ័យនេះគេនៅពុំទាន់អាចគណនាបាននៅឡើយទេ ៕
ចែករំលែកព័តមាននេះ