ខេត្តរតនគិរី ៖ បុរសជនជាតិដើមភាគតិច (គ្រឹង) ត្រូវគេដឹងថា បានមកដេកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបានបាត់ខ្លួនរយៈពេល២ថ្ងៃមកហើយ ត្រូវអ្នកបង់សំណាញ់ប្រទះឃើញសពអណ្តែតនៅក្នុងបឹងកន្សែង បង្កឱ្យភ្ញាក់ផ្អើលកាលពីម៉ោង៦ព្រឹកថ្ងៃទី១៧ មីនា ២០១៦ ស្ថិតនៅចំណុចមុខមន្ទីរពេទ្យបង្អែកខេត្ត ក្នុងបឹងកន្សែង ភូមិបឹងកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។
ជនរងគ្រោះមានឈ្មោះស៊ន ជា ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិគ្រឹង ជាកសិករ រស់នៅភូមិក្មែង ឃុំប៉យ ស្រុកអូរជុំ ។ ក្រោយពីមានការភ្ញាក់ផ្អើលនេះ ត្រូវកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចប៉ូលិសការិយាល័យបច្ចេកទេសស្នងការដ្ឋាននគរបាលខេត្ត ចុះទៅធ្វើកោសល្យវិច័យលើសាកសព ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះបានលង់ទឹកស្លាប់ តាំងពីថ្ងៃទី១៥ មីនា ២០១៦ គឺរយៈពេល២ថ្ងៃហើយ ដោយគ្មានពាក់ព័ន្ធរឿងឃាតកម្មអ្វីនោះទេ គឺជនរងគ្រោះផឹកស្រាស្រវឹងចុះមុជទឹក បណ្តាលឱ្យលង់ទឹកស្លាប់តែម្តង ។ បើតាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះខាងលើ មកស្នាក់នៅនិងដេកព្យបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយគាត់មានជំងឺប្រចាំកាយ គឺសរសៃប្រសាទ ។ បច្ចុប្បន្ន បានប្រគល់សពទៅឱ្យសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណីជនជាតិ ៕
ចែករំលែកព័តមាននេះ