រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម(Facebook) បង្ហោះនៅប៉ុន្មាននាទីមុននេះ មានខ្លឹមសារទាំងស្រុងដូចតទៅ ” ថ្ងៃស្អែកគឺជាខួប ៤៦ ឆ្នាំ នៃរដ្ឋប្រហារយោធាទម្លាក់ សម្តេចព្រះនរោតម្ត សីហនុ ពីសំណាក់ពួក លន់ នុល (១៨ មិនា១៩៧០-១៨មិនា២០១៦)។
ផ្តើមពីរដ្ឋ ប្រហារយោធានេះហើយដែលកម្ពុជាយើងធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម និងបន្ទាប់មកធ្លាក់ចូលទៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សង្គ្រាមបានដាក់មនុស្សគ្រប់រូប ពិសេសយុវជនឱ្យស្ថិតនៅជាចំណាប់ខ្មាំងនៃសង្គ្រាមដែលគ្មានផ្លូវទី៣សំរាប់ជ្រើសរើសនោះទេ។ ស្ថិតនៅតំបន់ណា ត្រូវធ្វើទាហាន ឬបំរើឱ្យរបបគ្រប់គ្រងនៃតំបន់នោះ។ មនុស្សត្រូវស្លាប់ របួស ពិការយ៉ាងច្រើន និងខូចខាតទ្រព្យសម្បត្តិស្ទើរគ្មានសល់។ មកដល់របប ប៉ុល ពត របបនេះបានបំផ្លិចបំផ្លាញដល់ប្ញសគល់ជាមួយនឹងការស្លាប់ជីវិតមនុស្សរាប់លាននាក់។ យើងបានប្រឹងរស់ ប្រឹងតស៊ូ ដើម្បីការរស់រានមានជីវិតរបស់ជាតិ និងប្រជាជន។ យើងបានខិតខំកសាងជាតិឡើងវិញជាមួយនិងការខិតខំស្វែងរកសន្តិភាពតាមរយៈកិច្ចព្រមព្រៀងក្រុងប៉ារីស និងចុងក្រោយតាមរយៈនយោបាយឈ្នះ ឈ្នះ។
ទោះខ្លួនខ្ញុំជាជនរងគ្រោះនៃរដ្ឋប្រហារនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ដូចប្រជាជនកម្ពុជាផ្សេងទៀតរហូតក្លាយខ្លួនជាជនពិការក្តី តែខ្ញុំមានមោទនភាពដោយបានរួមចំណែក ដឹកនាំ ប្រទេសពីសង្គ្រាមមកកាន់សន្តិភាព និងការអភិវឌ្ឍរហូតសព្វថ្ងៃ ។ សង្ឃឹមថាប្រជាជនយើងនឹងរួមជាមួយខ្ញុំខិតខំរក្សាសន្តិភាពដែលយើងរកបានទាំងលំបាក ឱ្យបានគង់វង្ស ដែលជាលក្ខ័ខ័ណ្ឌមិនអាចខ្វះបានសំរាប់ការអភិវឌ្ឍន៍៕”
ចែករំលែកព័តមាននេះ