រាជធានីភ្នំពេញ ៖ បុរសប្រមឹកស្រា និងញៀនថ្នាំម្នាក់ តែងតែបង្កហិង្សា និងគំរាមសម្លាប់យកលុយពីអតីតប្រពន្ធមានកូន៤នាក់ ដោយគាត់ជាអ្នកលក់បន្លែមុខនៅរោងចក្រ រកមួយថ្ងៃបានលុយចិញ្ចឹមកូនមួយថ្ងៃ ដោយទ្រាំលែងបាន ស្ត្រីខាងលើបានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅឱ្យជួយអន្តរាគមន៍ចាប់ខ្លួន ។
ជាក់ស្តែង ហេតុការណ៍នេះបានកើតឡើង និងបង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៨ និង៥០នាទីយប់ថ្ងៃទី១៦ មីនា ២០១៦ ស្ថិតនៅចំណុចមុខរោងចក្រស៊ិងកាំ តាមបណ្តោយផ្លូវបេតុងក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
បុរសជាប្តីហេងស៊យនេះ ឈ្មោះស៊ុន ម៉ៅ អាយុ៣៨ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ ។ ចំណែកអតីតប្រពន្ធរងគ្រោះឈ្មោះម៉ី ចាប់ស្រីរី អាយុ៤១ឆ្នាំ ជាអ្នកលក់បន្លែមុខរោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិកក់ ឃុំកក់ ស្រុកស្វាយរំពៀរ ខេត្តស្វាយរៀង ។
បើតាមសម្តីស្ត្រីរងគ្រោះឱ្យដឹងថា រូបគាត់ជាស្ត្រីម៉េម៉ាយកូន៣ ហើយបុរសជាអតីតប្តីចុងគាត់នេះ បានយកគ្នាជាប្តីប្រពន្ធ អត់បានរៀបការនោះទេ តាំងពីគាត់អាយុ២៩ឆ្នាំមកម្ល៉េះ ។ ហើយបានកូនប្រុស១ បច្ចុប្បន្នមាន១៣ឆ្នាំហើយ ។
ពួកគាត់បានផ្តាច់ការរួមរស់អស់រយៈពេលជាង១០ឆ្នាំហើយ តែជននេះតែងតែមករករឿងសុំលុយគាត់រហូត ម្តង៤ ទៅ៥ម៉ឺនរៀល ។ពេលខ្លះគាត់លក់បន្លែអត់ដាច់ អត់មានលុយឱ្យ ទៅវាយបំផ្លិចបំផ្លាញរបស់របរក្នុងបន្ទប់ និងអុកឡុកកន្លែងរកស៊ីរបស់គាត់ មិនឱ្យរកស៊ីបានទៀតផង ។ គាត់បានប្តឹងសមត្ថកិច្ចមូលដ្ឋានរហូតដែរ តែជននេះតែងតែរត់បាត់រហូត ទើបមកដល់យប់កើតហេតុ ទើបសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ចាប់ឃាត់ខ្លួនបានភ្លាមៗតែម្តង ។
ក្រោយពេលឃាត់ខ្លួន បាននាំយកមកប៉ុស្តិ៍ និងស្ត្រីរងគ្រោះមកដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចចាត់ការ ទៅតាមផ្លូវច្បាប់ ។ចំណែកស្ត្រីរងគ្រោះ បានត្រេកអរខ្លាំងណាស់ ដែលសមត្ថកិច្ចប៉ុស្ត៍ចោមចៅមានចំណាត់ការល្អបែបនេះ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្បែរនោះ ផុតទុកភ័យតទៅទៀត ។
ចែករំលែកព័តមាននេះ