ខេត្តកំពង់ធំ ៖ ក្រុមអាជីវករផ្សារកំពង់ធំប្រមាណជាង១០០នាក់ កាលពីព្រឹកថ្ងៃទី១៦ មីនា បាននាំគ្នាទៅកាន់សាលាខេត្តកំពង់ធំ ដើម្បីឱ្យជួយដោះស្រាយរឿងខាងពន្ធដារចេះតែទារដំឡើងថ្លៃពន្ធខ្ពស់កប់ពពកដែលធ្វើឱ្យពួកគាត់មិនអាចទទួលយកបាន ។
ជុំវិញករណីរឿងដំឡើងថ្លៃពន្ធដារនេះខាងក្រុមអាជីវករបាននិយាយថា កាលពីមុនមក រឿងបង់ពន្ធដារនេះពួកគាត់ធ្លាប់បង់ពន្ធជារៀងរាល់ខែចាប់ពី១ម៉ឺនរៀលទៅ២ម៉ឺនរៀលប៉ុណ្ណោះក្នុង១ខែៗ ប៉ាតង់ក្នុង១ឆ្នាំបង់ម្តង ស្រាប់តែមួយរយៈនេះក្នុងឆ្នាំ២០១៦ ខាងពន្ធដារបានកោះហៅអាជីវករឱ្យទៅជួបម្តងពី៣ទៅ៤នាក់ ដោយសួរនាំពីការលក់ដូរក្នុង១ថ្ងៃបានប៉ុន្មាន ? សរុប១ខែបានប៉ុន្មាន ? ពួកគាត់ប្រាប់ថា លក់១ខែបាន២ទៅ៣លានរៀល ខាងពន្ធដារតម្រូវឱ្យបង់ពន្ធចាប់ពី១ខែជាង៧ម៉ឺនរៀលដល់ជាង១០ម៉ឺនរៀល រួចគំរាមកំហែងពួកគាត់ថា ត្រូវតែបង់ បើមិនបង់ទេ ពន្ធនេះគេនឹងគុណឡើងទ្វេដងបន្ថែមទៀត ។
ព្រោះតែខ្លាចគេពិន័យ ពួកគាត់មួយចំនួនក៏បានបង់លុយឱ្យទៅ ប៉ុន្តែដោយកើតទុក្ខមិនសុខចិត្តចំពោះការដំឡើងថ្លៃពន្ធដារខ្ពស់កប់ពពកធ្វើឱ្យពួកគាត់ស្ទុះមិនរួចនេះហើយ ទើបពួកគាត់នាំគ្នាមកសាលាខេត្ត សូមឱ្យលោកអភិបាលខេត្តជួយដោះស្រាយ ។
លោក ជឹម សុវណ្ណ ប្រធានពន្ធដារខេត្ត បានលើកឡើងថា ចំពោះកាតព្វកិច្ចបង់ពន្ធដារនេះច្បាប់ថ្មីបានចេញឱ្យអនុវត្តហើយ ប្រទេសណាក៏គេតម្រូវឱ្យបង់ពន្ធដែរ តែគេគុណទៅតាមប្រាក់ចំណូលដែលបងប្អូនលក់ដូរបានដោយគិតចាប់តាំងពីប្រាក់ដែលត្រូវបង់ពន្ធខ្នាតតូចចាប់ពី១ឆ្នាំលក់បាន២៥០លានរៀលទៅ៧០០លានរៀល និងខ្នាតមធ្យមក្នុង១ឆ្នាំលក់បានចាប់ពី៧០០លានរៀលដល់២.៥០០លាន រៀល ចំណែកខ្មាតធំនោះមិនបាច់និយាយទេ គឺសម្រាប់ម្ចាស់ក្រុមហ៊ុនធំៗទេ ។ ក៏ប៉ុន្តែបើបងប្អូនអាជីវករលក់ដូរនៅក្នុងផ្សារលក់ដូរមិនបានចូលក្នុងលំដាប់ខ្នាតទាំង២នេះទេ មិនបាច់ភ័យទេ គឺបងប្អូនមិនជាប់ពន្ធឡើយ ។ ចំណែកអ្នកដែលបានបង់ពន្ធរួចហើយប៉ុន្មាននាក់នោះ សូមអញ្ជើញទៅទទួលយកប្រាក់ដែលបានបង់រួចនោះមកវិញ រង់ចាំរាជរដ្ឋាភិបាលលោកមានវិធានការថ្មីទៀត តែខាងមន្ត្រីពន្ធដារនឹងចុះទៅសិក្សាតាមដានអំពីការលក់ដូររបស់បងប្អូន។ ការធ្វើរបៀបនេះមិនមែនសម្រាប់តែខេត្តរបស់យើងនោះទេ គឺធ្វើទូទាំងប្រទេស ពីព្រោះវាជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋដែលត្រូវបង់ពន្ធជូនរដ្ឋ ។
លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ក្រោយពីបានជ្រាបនូវរឿងទាំងអស់នេះ មានប្រសាសន៍ថា ឥឡូវនេះសូមបងប្អូនកុំយល់ច្រឡំទៀត ហើយអ្នកណាដែលបង់ពន្ធរួចសូមអញ្ជើញទៅយកប្រាក់វិញ និងអញ្ជើញទៅចូលរួមស្ដាប់ការផ្សព្វផ្សាយស្តីអំពីច្បាប់ពន្ធដារនៅមន្ទីរពន្ធដារខេត្តនាថ្ងៃទី១៨ មីនា ខាងមុខនេះដើម្បីបងប្អូនបានយល់ច្បាស់ពាក់ព័ន្ធទៅនឹងការបង់ពន្ធដារនេះ ៕
ចែករំលែកព័តមាននេះ