ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី២នាក់ពាក់ព័ន្ធការជួញដូរគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ហៅយ៉ាម៉ាចំនួន១៦០គ្រាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ឃាត់ខ្ឡួននិងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ។
ជនសង្ស័យជាស្ត្រីទាំង២នាក់ខាងលើនេះ មាន ម្នាក់ឈ្មោះ ផៃ ស្រីមុំ ហៅម៉ៅ អាយុ៣៤ឆ្នាំ និងម្នាក់ទៀត ឈ្មោះ សយ វី អាយុ២៧ឆ្នាំ ជនសង្ស័យទាំង២នាក់ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន មានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន១៦០គ្រាប់ និងទូរស័ព្ទ៤គ្រឿង ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ជាមុខសញ្ញាជួញដូរគ្រឿងញៀនចាស់ ដែលកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃឃាត់ខ្លួន ខណៈពេលធ្វើសកម្មភាពចែកចាយគ្រឿងញៀនកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៥ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ៕
ចែករំលែកព័តមាននេះ