ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី១៥ ខែមីនា បានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តម សីហនុ អង្គរ ជាមួយមូលនិធិក្លិប១%នៃក្រុមហ៊ុនអីុអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា ក្រោមអធិបតីភាពលោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លិបមូលនិធិ អីុអុង និងលោកសាស្ត្រាចារ្យYoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វ៊ីយ៉ា ។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងដោយយោងលើអនុស្សរណៈនៃការយោគយល់គ្នាមួយ រវាងភាគី៤គឺ អាជ្ញាធរជាតិអប្សរា មូលនិធិក្លិប១%នៃក្រុមហ៊ុនអីុអុង សាកលវិទ្យាល័យសូហ្វ៊ីយ៉ា និងក្រុមហ៊ុនសាតូកម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៥ កន្លងទៅ ។
តាមខ្លឹមសារនៃអនុស្សរណៈនេះ មូលនិធិក្លិប១%នៃក្រុមហ៊ុនអីុអុង ទទួលបន្ទុកចំណាយទាំងស្រុងលើការងារជួសជុលដំបូលលេចទឹក ជញ្ជាំងជ្រាបទឹក លាបថ្នាំ ជួសជុលបង្អួច និងកម្រាលឥដ្ឋសាលពិព័រណ៍ ។ អាជ្ញាធរជាតិអប្សរា ទទួលបន្ទុកដឹកជញ្ជូនចម្លាក់មុននិងក្រោយការងារជួសជុល សម្របសម្រួលការងារផ្សេងៗ និងចូលរួមជួសជុលចំណុចផ្សេងៗទៀត តាមលទ្ធភាពជាក់ស្តែង ។ ចំណែកសាកលវិទ្យាល័យសូហ្វ៊ីយ៉ា ទទួលបន្ទុកផ្តល់ប្រឹក្សាលើការងារជួសជុល និងលើដំណើរការពិព័រណ៍សារមន្ទីរបន្ទាប់ពីជួសជុលហើយ ។
លោក Hiroshi Yokoo មានប្រសាសន៍ថា ការរួមចំណែកនៃក្លិប១%របស់ក្រុមហ៊ុនអីុអុងនោះ គឺជាសកម្មភាពដើម្បីចូលរួមតបស្នងដល់សង្គម ។ ការដែលយើងបានមកជួសជុលសាជាថ្មីម្តងទៀតនេះ គឺជាមោទនភាពរបស់យើង វាធ្វើឱ្យយើងសប្បាយចិត្ត និងធ្វើឱ្យចិត្តយើងជ្រះថ្លាដូចបានធ្វើបុណ្យទានផ្សេងៗដែរ ។ លោកបន្ថែមថា ការងារជួសជុលអាចនឹងចាប់ផ្តើមនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងពាក់កណ្តាលឆ្នាំ២០១៧ខាងមុខនេះ ។
លោកបណ្ឌិត ស៊ុំ ម៉ាប់ បានថ្លែងអំណរគុណនិងអបអរសាទរចំពោះមូលនិធិក្លិប១%នៃក្រុមហ៊ុនអីុអុង ដែលតែងតែយកចិត្តទុកដាក់ដល់ការងារអភិរក្សបេតិកណ្ឌវប្បធម៌ ជាមួយអាជ្ញាធរជាតិអប្សរា ក៏ដូចជាជួយបណ្តុះបណ្តាលធនធានមនុស្សដែរ ។ មិនត្រឹមតែសារមន្ទីរប៉ុណ្ណោះទេ នៅឆ្នាំ២០០៣កន្លងមក មូលនិធិនេះក៏បានចូលរួមដាំកូនឈើអនុស្សាវរីយ៍មួយកន្លែងនៅក្បែរសួនគ្រឿងទេសនៃអាជ្ញាធរជាតិអប្សរា ។
លោក ស៊ុំ ម៉ាប់ បន្តថា អាជ្ញាធរជាតិអប្សរាមានជំនឿយ៉ាងមុតមាំថា នៅពេលខាងមុខ មូលនិធិនេះនឹងចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជួយថែរក្សាអភិរក្សបេតិកភណ្ឌពិភពលោក ក៏ដូចជាជួយលើកតម្កើងជីវភាពប្រជាជនក្នុងរមណីយដ្ឋានអង្គរ តាមរយៈក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាជាដើម ។
គួររំឭកថា សារមន្ទីរព្រះនរោត្តម សីហនុ អង្គរនេះ បានចាប់ផ្តើមកសាងឡើងនៅឆ្នាំ២០០៧ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា ដោយ«មូលនិធិនៃក្លិប១%»របស់ក្រុមហ៊ុនអីុអុង ដើម្បីដាក់តាំង និងតម្កល់វត្ថុបុរាណ ដែលបានរកឃើញក្នុងពេលសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យសូហ្វ៊ីយ៉ា កាលពីឆ្នាំ២០០០ និង២០០១នៅប្រាសាទបន្ទាយក្តី ៕
ចែករំលែកព័តមាននេះ