រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃ បានសម្រេចបាញ់មួយគ្រាប់ឡើងលើ ដើម្បីដេញតាមចាប់ជនសង្ស័យប្រុស-ស្រី ដែលបានធ្វើសកម្មភាពឆក់កាបូបពីជនជាតិបរទេស តែការឆក់នេះមិនបានសម្រេចទេ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩ និង៥០នាទីយប់ថ្ងៃទី១៦ មីនា តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតនៅចំណុចព្រះគង្លង់ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
សាក្សីឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិបរទេស២នាក់ (ប្រុសម្នាក់ និងស្រីម្នាក់) បានដើរទេសចរណ៍តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានជនសង្ស័យប្រុស-ស្រី២នាក់ជិះ ម៉ូតូម៉ាក Let’s ពណ៌.ស មិនចាំស្លាកលេខ ជិះមកអែបជិត ហើយស្ត្រីដែលជិះខាងក្រោយ ជាអ្នកធ្វើសកម្មភាពឆក់កាបូបពីជនជាតិបរទេស ។
ស្របពេលនោះ ក៏មានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ កំពុងតែល្បាតបានឃើញ ហើយក៏បាញ់មួយគ្រាប់ឡើងទៅលើ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោបានជិះម៉ូតូរត់គេចភ្លាមៗ។ សមត្ថកិច្ចបានជិះដេញតាមដែរ តែតាមមិនទាន់ ដោយសារតែមានបក្សពួកចាំបិទគូទជិះម៉ូតូ៣ ទៅ៤គ្រឿងទៀត ។ ក្រោយពេលកើតហេតុ ជនរងគ្រោះជាជនជាតិបរទេស មិនមានបាត់បង់អ្វីនោះទេ ហើយកីមិនបានដាក់ពាក្យបណ្តឹងដែរ ៕
ចែករំលែកព័តមាននេះ