ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋជាឪពុកម្តាយពលការិនីចំនួន៣នាក់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី កាលពីព្រឹកថ្ងៃទី១៦ មីនា ២០១៦ នាំគ្នាមកកាន់មន្ទីរកិច្ចការនារី និងបន្តទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសុំការអន្តរាគមន៍ ពាក់ព័ន្ធរឿងកូនគាត់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយត្រូវប៉ូលិសចាប់ខ្លួន ដោយសុំជួយរំដោះកូនគាត់មកកាន់កម្ពុជាវិញ ។
ស្ត្រីជាម្តាយ ១-ឈ្មោះហេង ទូច អាយុ៥០ឆ្នាំ ២-ឈ្មោះស ខឿន អាយុ៥៥ឆ្នាំ និង៣-ឈ្មោះម៉ៅ ណាន អាយុ៤២ឆ្នាំ ទាំង៣នាក់ មានទីលំនៅក្នុងភូមិតាម៉ុលក្រោម ឃុំកោះថ្កូវ ស្រុកជលគីរី ដោយពួកគាត់បានឱ្យដឹងថា កូនស្រី ១-ឈ្មោះសូត្រ សុខនៅ អាយុ១៩ឆ្នាំ ២-ឈ្មោះហួត សារ៉ែន អាយុ១៩ឆ្នាំ និង៣-ឈ្មោះផា ស៊ីនី អាយុ២១ ឆ្នាំ ត្រូវបានក្រុមហ៊ុនមួយឈ្មោះ «អេភីធីអេសអ៊ី ស៊ីខេមបូឌា រី
សតថ៍ ខូអិលធីឌី (ចំការដូងរាជធានីភ្នំពេញ) » ឱ្យទៅរៀនសូត្រមុនចាកចេញនៅចុងឆ្នាំ២០១៤ និងបានឡើងយន្តហោះទៅប្រទេសម៉ាឡេស៊ី នៅខែឧសភា ឆ្នាំ២០១៥ ។
ចាប់តាំងពីចាកចេញជិត១ឆ្នាំ កូនស្រីពួកគាត់មិនដែលផ្ញើលុយកាក់មកទេ ។ កូនពួកគាត់ធ្លាប់ទូរសព្ទ័មកប្រាប់ថា គេបានឱ្យធ្វើការជាក្រុម (ឃ្លីនសឺវីស) សម្អាតតាមផ្ទះគ្រប់ទីកន្លែង តាំងពីម៉ោង៥ព្រឹក រហូតដល់ម៉ោង១១ថ្ងៃ ទើបសម្រាកហូបបាយ ម៉ោង១រសៀល ចូលធ្វើការវិញ ដល់ម៉ោង៥ល្ងាចចេញហូបបាយមួយសារទៀត ហើយត្រូវចូលវិញម៉ោង៧យប់ រហូតដល់ម៉ោង១០យប់ ទើបត្រឡប់មកផ្ទះបានដោយក្រុមហ៊ុនប្រាប់ថា បានប្រាក់ខែ៥៥០ដុល្លារ តែមិនដែលឃើញបើកឡើយ ។
ឪពុកម្តាយពលករបានបន្តថា ស្រាប់តែនៅថ្ងៃទី១៦ មករា ២០១៦ កូនៗពួកគាត់បានទូរស័ព្ទមកប្រាប់ថា ពួកនាងត្រូវប៉ូលិសចាប់ខ្លួនហើយ សូមឱ្យជួយពួកនាងផង ហើយតាំងពីពេលនោះមក ទូរសព្ទ័ទំនាក់ទំនងលែងបានតែម្តង ។
ពួកគាត់បានលើកដៃសំពះ សុំឱ្យមន្ត្រីពាក់ព័ន្ធ ពិសេសរាជរដ្ឋាភិបាល ដែលមានសម្តេចហ៊ុន សែន ជាប្រមុខ មេត្តាជួយសង្គ្រោះកូនៗពួកគាត់ ឱ្យបានវិលត្រឡប់មកស្រុកខ្មែរវិញផង ។
ជុំវិញបញ្ហាខាងលើនេះដែរ លោកកេត យ៉ុង នាយការិយាល័យ ប្រឆាំងការជួញដុរមនុស្ស និងការពារអានីតិជននៃស្នងការដ្ឋាននគរបាលខេត្តឱ្យដឹងថា ក្រុមហ៊ុននាំពលករទៅប្រទេសម៉ាឡេស៊ីខាងលើ មានបញ្ហាត្រូវឡើងតុលាការ ទើបខាងសមត្ថកិច្ចឃាត់ពលករខាងលើ ទុកធ្វើសាក្សីពេលសវនាការនៅប្រទេម៉ាឡេស៊ី ប៉ុន្តែទោះយ៉ាងនេះក្តី ខាងនាយកដ្ឋានមិនជឿនោះទេ ព្រោះបើត្រឹមឃាត់ទុកធ្វើសាក្សី ហេតុអីសាច់ញាតិខាងស្រុកខែ្មរ ទាក់ទងមិនបាន ហើយរឿងនេះ ខាងនាយកដ្ឋានកំពុងទាក់ទងខាងស្ថានទូតឱ្យជួយក្នុងរឿងនេះដែរ ៕
ចែករំលែកព័តមាននេះ