រាជធានីភ្នំពេញ ៖ ទោះបីជាមានគម្រោងធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចយ៉ាងណាក្តី ក៏លោក ហ៊ុន ម៉ាណែត កូនប្រុសសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចចិត្តទៅចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មីនៅទីក្រុងឡងប៊ិច សហរដ្ឋអាមេរិក ដែលរៀបចំដោយគណៈកម្មការបុរីកម្ពុជា ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់នៅលើសង្គមហ្វេសប៊ុកថា «ប៉ុន្មានថ្ងៃនេះ មានការជជែកតស៊ូមតិគ្នារវាងបងប្អូនអ្នកគាំទ្រ និងបងប្អូនអ្នកមិនគាំទ្រការចូលរួមរបស់ខ្ញុំនៅក្នុងកម្មវិធីព្យុហយាត្រាអបអរសាទរបុណ្យចូលឆ្នាំថ្មីនៅទីក្រុងឡងប៊ិច សហរដ្ឋអាមេរិក តបទៅនឹងការអញ្ជើញរបស់គណៈកម្មការបុរីកម្ពុជា» ។
លោកបន្តថា មិនសំខាន់ថាបងប្អូនម្ខាងៗមានហេតុផលយ៉ាងណានោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺវាបង្ហាញឲ្យឃើញនូវការបែកបាក់សាមគ្គីរវាងខ្មែរនិងខ្មែរ ក្នុងពេលមួយដែលយើងគួររួបរួមគ្នា មិនប្រកាន់គ្នា ដើម្បីធ្វើការរួមគ្នាលើកស្ទួយជាតិរបស់យើង តាមរយៈការរួមគ្នាបង្ហាញអំពីវប្បធម៌និងអរិយធម៌ដ៏ឧត្តុង្គឧត្តមរបស់ខ្មែរយើងឱ្យប្រជាជនអាមេរិក និងជាតិសាសន៍ដទៃទៀតបានឃើញ ។
លោក ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា «ខ្ញុំសម្រេចចិត្តទទួលយល់ព្រមចូលរួមក្នុងពិធីនេះតាមការអញ្ជើញរបស់គណៈកម្មការបុរីកម្ពុជា គឺដើម្បីបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងរបស់ខ្ញុំចំពោះគោលគំនិតដ៏ល្អរបស់គណៈកម្មការ ដែលចង់ឃើញខ្មែររួបរួមគ្នា ដោយមិនប្រកាន់ទីកន្លែងរស់នៅ (នៅអាមេរិក នៅស្រុកខ្មែរ ឬនៅប្រទេសណាទេ) និន្នាការនយោបាយ សាសនា ដើម្បីលើកស្ទួយកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិក្នុងឱកាសដ៏ពិសេសនេះ» ។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា ចាប់តាំងពីកម្មវិធីនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ គណៈកម្មការបុរីកម្ពុជា ធ្លាប់បានអញ្ជើញមន្ត្រីតំណាងរាជរដ្ឋាភិបាលសង្គមស៊ីវិល វិស័យឯកជន ហើយលោក កឹម សុខា ក៏ធ្លាប់បានចូលរួមជាភ្ញៀវកិត្តិយសនៅឆ្នាំ២០១០ ផងដែរ ។ ដូច្នេះខ្ញុំសង្ឃឹមថា ការខ្វែងគំនិតគ្នារវាងបងប្អូនជនរួមជាតិទាំងអស់ទាក់ទងនឹងប្រធានបទនេះនឹងអាចត្រូវបញ្ចប់ ហើយជំនួសវិញ ដោយការចូលរួមមតិយោបល់ថា តើធ្វើយ៉ាងណាឱ្យយើងអាចទាញយកផលចំណេញពីកម្មវិធីនេះ ដើម្បីផ្សព្វផ្សាយពីការរីកចម្រើនរបស់ប្រទេសយើង ពីវប្បធម៌ និងអរិយធម៌ខ្មែរយើងឱ្យជនជាតិបរទេសបានដឹងនិងបានយល់ ។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏ស្នើដល់គណៈកម្មការបុរីកម្ពុជា អញ្ជើញថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចូលរួមជាមួយគ្នាក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិដ៏ថ្លៃថ្លាផងដែរ ដើម្បីបង្ហាញពីសាមគ្គីភាពរវាងគ្នានិងគ្នាក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ។
គួរបញ្ជាក់ថា គណៈកម្មការបុរីកម្ពុជា នឹងរៀបចំកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីនៅថ្ងៃទី១០ ខែមេសា ខាងមុខនេះ ។ ប៉ុន្តែពលរដ្ឋមួយចំនួនដែលរស់សហរដ្ឋអាមេរិក មិនស្វាគមន៍ចំពោះទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទេ ព្រមទាំងព្រមានធ្វើបាតុកម្មថែមទៀតផង ៕
ចែករំលែកព័តមាននេះ