រាជធានីភ្នំពេញ ៖ ចៅក្រមតុលាការកំពូល លោកស្រី គឹម សត្ថាវី ប្រធានក្រុមប្រឹក្សា កាលពីព្រឹកថ្ងៃទី១៦ មីនា ២០១៦ បានសម្រេចប្រកាសសាលដីកាសំណុំរឿង «បង្កើតដោយខុសច្បាប់នូវកម្លាំងប្រដាប់អាវុធ» ដែលប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០០៦ ដល់ឆ្នាំ២០១១ នៅរាជធានីភ្នំពេញ ដែលមានជនជាប់ចោទ៦នាក់ ត្រូវដាក់ពន្ធនាគារពី១៥ឆ្នាំ ដល់១៧ឆ្នាំ ។
ការសម្រេចប្រកាសសាលក្រមនេះ គឺចំពោះមុខទណ្ឌិតទាំង៦នាក់ ដោយតម្កល់សាលដីកាសាលាឧទ្ធរណ៍ ទុកជាបានការដដែលបានកាត់ទោសជនជាប់ចោទពី១៥ឆ្នាំ ដល់១៧ឆ្នាំ ដោយសំណុំរឿងនេះ ត្រូវបានតុលាការកំពូល បើកសវនាការកាលពីព្រឹកថ្ងៃទី៩មីនា ឆ្នាំ២០១៦ កន្លងមក ។
ជនជាប់ចោទទី១-ឈ្មោះជា សារ៉ាន់ ភេទប្រុស អាយុ៥៥ឆ្នាំ ប្រធានក្រុមចលនាសុវណ្ណភូមិ បាននិយាយថា ខ្លួនបានទទួលការពឹងពាក់ពីឈ្មោះថាត់ ថែ បានឱ្យខ្លួនបង្កើតកម្លាំង៣០០ ដើម្បីស៊ើបអង្កេតទៅលើឈ្មោះអូសាម៉ា ប៊ីឡាឌែន ។ តែគាត់រកតែ៦នាក់ទេហើយឈ្មោះថាត់ ថែ បានសន្យាថា នឹងឱ្យប្រាក់ចំនួន២០លានដុល្លារ និងតែងតាំងខ្លួនជាឧត្តមសេនីយ៍ត្រីផងដែរ ។
ជនជាប់ចោទទី២-ឈ្មោះជង់ វិជ័យ ភេទប្រុស អាយុ៤៧ឆ្នាំ បាននិយាយថា ឈ្មោះជា សារ៉ាន់ បានឱ្យខ្លួនដើររើសមនុស្សអ្វីទៀតខ្លួនមិនដឹងទេ ។
ជនជាប់ចោទទី៣-ឈ្មោះលី សុខសុវណ្ណ ភេទប្រុស អាយុ៥៥ឆ្នាំ បាននិយាយថា គាត់ជាអ្នកឌុបឈ្មោះជា សារ៉ាន់ ទៅណា មកណាហើយអ្វីទៀតគាត់មិនដឹងទេ តែឈ្មោះថាត់ ថែ បានសន្យានឹងតែងតាំងគាត់ជាមេកងពលតូច ។
ជនជាប់ចោទទី៤-ឈ្មោះផ្លត រី ភេទប្រុស អាយុ៦៧ឆ្នាំ បាននិយាយថា គាត់មានតួនាទីផ្នែកស៊ើបអង្កេត ក្រែងមានក្រុមណាចង់ផ្តួលរំលំរាជរដ្ឋាភិបាល តែបែរជាគេចាប់គាត់ដាក់គុកទៅវិញ ។
ជនជាប់ចោទទី៥-ឈ្មោះពូត ផរ បាននិយាយថា គាត់ស្គាល់ឈ្មោះយ៉ឹម ហាវ ដែលនៅជិតភូមិគ្នា ចំណែកអ្នកទាំង៤នាក់ទៀត មិនស្គាល់ទេ និងជនជាប់ចោទទី៦-ឈ្មោះយ៉ឹម ហាវ ភេទប្រុស អាយុ៤៧ឆ្នាំ បាននិយាយថា គាត់មិនដឹងអ្វីទេ ក្នុងរឿងនេះ ។
ក្នុងពេលសវនាការលោកអ៊ុក គីមសិទ្ធិ តំណាងមហាអយ្យការ បានធ្វើសេចក្តីសន្និដ្ឋានស្នើសុំឱ្យប្រធានក្រុមប្រឹក្សា តម្កល់សាលដីកាសាលាឧទ្ធរណ៍ ទុកជាបានការក្នុងរឿង «បង្កើតដោយខុសច្បាប់នូវកម្លាំងប្រដាប់អាវុធ» ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល ។
ដោយឡែក ជនជាប់ចោទទាំង៦នាក់នេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ សម្រេចដាក់ពន្ធនាគារលើជនជាប់ចោទទី១-ឈ្មោះជា សារ៉ាន់ រយៈពេល១៧ឆ្នាំ និងជនជាប់ចោទ៥នាក់ទៀត ម្នាក់ៗ១៥ឆ្នាំ ៕
ចែករំលែកព័តមាននេះ