រាជធានីភ្នំពេញ ៖ អាស្រ័យដោយកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពសន្តិភាព និងសក្កានុពលលើការវិនិយោគលើគ្រប់វិស័យនោះ លោកបណ្ឌិតសភាចារ្យ សុខ អាន បានថ្លែងនូវការលើកទឹកចិត្ត និងជម្រុញឲ្យអ្នកវិនិយោគបារាំងមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនថែមទៀត ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយ លោក Thierry Mariani សមាជិកសភា និងជាអតីតរដ្ឋលេខាធិការក្រសួងដឹកជញ្ជូនបារាំង នាព្រឹកថ្ងៃទី១៥ មីនា ២០១៦ នៅវិមានមិត្តភាព ។
នាឱកាសនោះលោកបណ្ឌិតសភាចារ្យ សុខ អាន បានថ្លែងអំណរគុណដល់ការចូលរួមវិភាគទានរបស់ក្រុមហ៊ុនវិនិយោគ ហ្វាំងស៊ី បារាំង នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលក្រុមហ៊ុននេះ បាននិងកំពុងដំណើរការពង្រីកចំណតសម្រាប់អ្នកដំណើរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីឆ្លើយតបទៅតាមតម្រូវការកំណើននៃអ្នកដំណើរដែលមានការកើនឡើងជារៀងរាល់ឆ្នាំ ។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏បានថ្លែងអំណរគុណផងដែរ ដល់រដ្ឋាភិបាលបារាំងដែលបានចូលរួមវិភាគទានក្នុងការអភិរក្ស និងការអភិវឌ្ឍប្រាសាទនៅកម្ពុជា ពិសេសប្រាសាទអង្គវត្ត តាមរយៈគណៈកម្មការសម្របសម្រួលអន្តរជាតិ ICC អង្គរ ដែលបានសហការយ៉ាងល្អជាមួយអាជ្ញាធរជាតិអប្សរាតាំងពីឆ្នាំ១៩៩៥ មកនេះ ។
ចែករំលែកព័តមាននេះ