ខេត្តកំពង់ឆ្នាំង ៖ ទឹកប្រាក់ចំនួន៥លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានលោកគីម ប៊ុនថាន នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអគ្គមេបញ្ជាការរងនៃកងខេមរភូមិន្ទ អមដំណើរដោយអាជ្ញាធរខេត្ត-ស្រុក នាំយកទៅប្រគល់ជូនគ្រួសារយោធិនពិការជើងទាំងប្តីទាំងប្រពន្ធដល់លំនៅឋាន ស្ថិតក្នុងភូមិព្រែកឆ្តោរ ឃុំកំពង់អុស ស្រុកជលគីរី កាលពីព្រឹកថៃ្ងទី១៥ មីនា ២០១៦ ។
លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ជាពិសេសជនពិការដែលជួបការលំបាក ដោយមិនប្រកាន់និន្នាការ
នយោបាយឡើយ ។
លោកបន្តថា ក្រោយពីទទួលបានព័ត៌មាននេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានឱ្យលោកចុះស្រាវជ្រាវរកសៀវភៅគោលរបបប្រចាំខែ ដែលយោធិនពិការឈ្មោះស៊ីវ សីហា បានលក់ឱ្យគេរយៈពេលជាង១ឆ្នាំមកហើយ ដើម្បីធ្វើការទូទាត់សងអ្នកទិញផ្តាច់ និងយកឯកសារមកប្រគល់ជូនលោក ស៊ីវ សីហា បានបើកប្រាក់របបបន្តរបស់ខ្លួន ចាប់ពីខែមីនា ឆ្នាំ២០១៦ នេះតទៅ ។
លោកប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងឱ្យដឹងថា ថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម ដែលលោកនាយឧត្តមសេនីយ៍ នាំយកមកប្រគល់ជូនលោកស៊ីវ សីហា មានចំនួន៥លានរៀល ក្នុងនោះ ត្រូវទូទាត់សងអ្នកទិញសៀវភៅអស់ចំនួន២,៥០០.០០០រៀល និងនៅសល់២,៥០០.០០០រៀលទៀត សំរាប់ជួយដោះស្រាយជីវភាពប្រចាំថៃ្ង និងបង្កើនមុខរបបក្នុងការចិញ្ចឹមជីវិតបន្តទៀត ។
បន្ថែមលើនេះ សម្តេចប្រធានកាកបាទក្រហមកម្ពុជាបានទិញដីប្រគល់ជូនគ្រួសារ លោកស៊ីវ សីហា រួចហើយចំនួន១លានរៀល ដែលមានទទឹងទទឹង១០,៥ម៉ែត្រ និងបណ្តោយ១៥ម៉ែត្រ ហើយនឹងជួយសង់ផ្ទះជូនគ្រួសារយោធិនពិការរូបនេះបន្តទៀត នាពេលខាងមុខ ដែលមានទទឹង៥ម៉ែត្រ និងបណ្តោយ៦ម៉ែត្រ ដើម្បីឱ្យគ្រួសារនេះមានផ្ទះស្នាក់នឹងគេ ។
ក្រោយទទួលអំណោយដ៏ថ្លៃថ្លានេះ លោកស៊ីវ សីហា និងភរិយា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលបានជួយដល់គ្រួសារលោក ដែលកំពុងជួបការលំបាក និងសូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោក ជួយបីបាច់ថែរក្សាសម្តេចទាំងពីរ ព្រមទាំងបុត្រា បុត្រី និងចៅៗរបស់សម្តេច សូមឱ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ដើម្បីដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាព និងកាន់តែរីកចម្រើនរុងរឿងថ្កុំថ្កើងឡើងថែមទៀត ។
ចែករំលែកព័តមាននេះ