ខេត្តពោធិ៍សាត់ ៖ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិ រួមជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានចុះឃាត់ខ្លួនមេបនម្នាក់ និងជួយសង្គ្រោះនារី៦នាក់ ពាក់ព័ន្ធនឹងការបើកអាជីវកម្មបម្រើផ្លូវភេទ កាលពីវេលាម៉ោង០៧ និង៣០នាទីយប់ រហូតដល់ម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១៥ មីនា ២០១៦ ស្ថិតក្នុងភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនាយកដ្ឋាន បានឃាត់ខ្លួនមេបនម្នាក់ឈ្មោះគឹម ដានី ហៅប៉ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់ភូមិបន្ទាយដីសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ព្រមទាំងបានប្រមូលនារីដែលស្នាក់នៅរកស៊ីផ្លូវភេទ ក្រោមការកេងប្រវ័ញ្ចចំនួន៦នាក់ ខ្លះមានអាយុពី១៩ឆ្នាំ ទៅ២២ឆ្នាំ ខ្លះទៀតមានអាយុ២៨ឆ្នាំ ។
ជាក់ស្តែង កម្លាំងចម្រុះបានរកឃើញវត្ថុតាងមួយចំនួនធំក្នុងនិងក្រៅបន្ទប់នីមួយៗ មានដូចជាស្រោមអនាម័យដែលប្រើរួច និងមិនទាន់ប្រើរួចសឹងតែគ្រប់បន្ទប់ ប័ណ្ណសម្រាប់កត់ចំណាំតម្លៃភ្ញៀវចេញ-ចូលទូរស័ព្ទ SAMSUNG ពណ៌ខ្មៅ របស់មេបនដែលជាជនសង្ស័យ ។
លោកឧត្តមសេនីយ៍ត្រី លី ឡាយ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានប្រាប់កោះសន្តិភាពថា ប្រតិបត្តិការបង្ក្រាបនេះ គឺធ្វើឡើង២ ទៅ៣ដងរួចមកហើយ ប៉ុន្តែពួកគេគ្មានការរាងចាលទេ ពោលគឺការឃុំខ្លួនមានរយៈពេលខ្លីពេក។
ចែករំលែកព័តមាននេះ