រាជធានីភ្នំពេញ ៖ ចៅក្រមតុលាការកំពូលនៅព្រឹកថ្ងៃទី១៦ មីនា ២០១៦ នេះ បានសម្រេចប្រកាសសាលដីកាដោយតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ផ្តន្ទទោសស្ត្រីអ្នកទោសមកពីបឹងកក់ចំនួន១១នាក់ និងស្ត្រី៣នាក់ មកពីសហគមន៍ថ្ម ភូមិថ្មគោល ខណ្ឌពោធិ៍សែនជ័យ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ មីនា ២០១៦ តុលាការកំពូលបានបើកសវនាការសកម្មជនដីធ្លីបឹងកក់ដែលមានជនជាប់ចោទអ្នកស្រី ទេព វន្នី និងស្ត្រីចំនួន១២នាក់ផ្សេងទៀត។ ជនជាប់បាននាំគ្នាមកកាន់តុលាការកំពូលនៅតាមដីកាកោះរបស់ចៅក្រមតុលាការកំពូល ដើម្បីជំនុំជម្រះបណ្តឹងសាទុក្ខរបស់ពួកប្រឆាំងនឹងការសម្រេចរបស់សាលាឧទ្ធរណ៍ដែលបានផ្ដន្ទាទោសពួកគាត់ពីបទរារាំងចរាចរណ៍សាធារណៈ និងញុះញង់ប្រឆាំងនឹងមន្ត្រីសាធារណៈ។

យោងតាមដីកាកោះរបស់តុលាការកំពូលបានលើកឡើងថា ស្ត្រីជនជាប់រួមមាន ១-ឈ្មោះទេព វន្នី ២-ឈ្មោះហេង មុំ ៣-ឈ្មោះសួង សម័យ ៤-ឈ្មោះង៉ែត ឃុន ៥-ឈ្មោះឆេង លាប ៦-ឈ្មោះថូ ដាវី ៧-ឈ្មោះបូវ សោភា ៨-ឈ្មោះគង់ ចន្ថា ៩-ឈ្មោះងួន គឹមឡាង ១០-ឈ្មោះសុង ស្រីលាភ ១១-ឈ្មោះចាន់ ណាវី ១២-ឈ្មោះផាន់ ឈុនរ៉េត និង១៣-ឈ្មោះតុល ស្រីពៅ ។
តុលាការបានចោទប្រកាន់ស្ត្រីទាំង១៣នាក់ពីបទកាន់កាប់ដោយខុសច្បាប់លើអចលនវត្ថុរបស់នីតិបុគ្គលសាធារណៈ និងប្រឆាំងអ្នករាជការសាធារណៈ ដោយស្ថានទម្ងន់ទោសប្រព្រឹត្តទៅនៅចំណុចបឹងកក់១ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ឧសភា ២០១២ បទព្រហ្មទណ្ឌដែលចែងឲ្យផ្តន្ទាទោសតាមមាត្រា៣៤ និងមាត្រា២៥៥ នៃច្បាប់ភូមិបាល និងមាត្រា៥០៤ នៃច្បាប់ព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។
ចៅក្រមបានបញ្ចប់សវនាការសាកសួរស្ត្រីបឹងកក់ជាជនជាប់ចោទទាំង១៣នាក់ កាលពីថ្ងៃទី២ មីនា និងលើកពេលប្រកាសសាលដីកានៅថ្ងៃទី១៦ មីនា ២០១៦ នេះ ។ តែក្រុមស្ត្រីជាប់ចោទបានស្រែកឡូឡា បន្ទាប់ពីតុលាការកំពូលសម្រេចតម្កល់ទោសពួកគាត់ដដែលតាមសាលដីការបស់សាលាឧទ្ធរណ៍ ដោយបានលើកឡើងថា តុលាការត្រូវកែតម្រូវឡើងវិញ ព្រោះតុលាការបានធ្វើពួកគាត់ខាតពេលវេលា។
ក្រុមស្ត្រីអ្នកទោសនៅក្រៅឃុំទាំងនោះ បាននិយាយថា តុលាការគ្មានយុត្តិធម៌ទេ ធ្វើឲ្យពួកគាត់ខាតពេលវេលាទៀត។ ពួកគាត់សូមឲ្យតុលាការកែតម្រូវកុំគាបសង្កត់លើប្រជាពលរដ្ឋ។ ស្ត្រីទាំងនោះបានស្រែករញ៉េរញ៉ៃពេញបរិវេណតុលាការ ដោយលើកឡើងថា ការសម្រេចនេះ បានធ្វើឲ្យពួកគាត់ទទួលរងភាពអយុត្តិធម៌ និងបាត់បង់ដីធ្លីផ្ទះសម្បែង។
ក្រុមស្ត្រីបឹងកក់ និងស្ត្រីភូមិថ្មគោល បានលើកឡើងថា ប្រជាពលរដ្ឋដូចពួកគាត់រងគ្រោះពីតុលាការបែបនេះ។ នៅកម្ពុជា បើមានតុលាការបែបនេះ ប្រជាពលរដ្ឋនៅតែរងទុក្ខវេទនាដូចនេះ។ អ្នកស្រី ទេព វន្នី បាននិយាយថា «តុលាការ បើចង់ឲ្យប្រជាជនគោរពត្រូវកាត់ទោសឲ្យមានត្រឹមត្រូវ»។
ចែករំលែកព័តមាននេះ