ខេត្តពោធិ៍សាត់ ៖ អ្នកគ្រូ កែវ វណ្ណា អាយុ៤២ឆ្នាំ ជានាយិកាសាលាបឋមអូរដេកា ស្ថិតក្នុងភូមិអូរដេកា ឃុំប្រម៉ោយ ស្រុកវាលវែង បានស្លាប់ទាំងកូនក្នុងផ្ទៃជិតគ្រប់ខែទៅហើយ ដោយសារតែជំងឺថប់ដង្ហើម កាលពីវេលាម៉ោង៥និង១០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។
លោក ម៉ា សុភី ត្រូវជាប្តីស្ត្រីរងគ្រោះ និងជាប្រធានភូមិអូរដេកា បានឲ្យដឹងថា នៅព្រឹកកើតហេតុ ប្រពន្ធគាត់កើតមានជំងឺថប់ៗដង្ហើម និងណែនដើមទ្រូង ភ្លាមនោះគាត់ក៏ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈពេលបញ្ជូនមកនោះក៏ឡើងស្លេះស្ទះបំពង់ខ្យល់ស្លាប់តាមផ្លូវតែម្តង ។
លោក ម៉ា សុភី បានបន្តថា ប្រពន្ធគាត់មានកូនក្នុងផ្ទៃជិតគ្រប់ខែហើយ ជាកូនទី៣ ។ លោកមានការសោកស្តាយនិងស្រែទ្រហោយំបោកខ្លួនគួរឱ្យសង្វេគ ព្រោះតែក្តីស្រឡាញ់ អាណិតប្រពន្ធនិងកូនក្នុងផ្ទៃ ។
ជាមួយនឹងដំណឹងមរណភាពរបស់អ្នកគ្រូ កែវ វណ្ណា ដែលជាមន្ត្រីរាជការក្នុងខេត្តពោធិ៍សាត់នេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងប្រធានមន្ទីរសុខាភិបាលខេត្ត ចុះទៅជួបក្រុមគ្រួសារសពភ្លាមៗនៅមន្ទីរពេទ្យ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពផងដែរ ។
ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងក្នុងនាមជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក ម៉ៅ ធនិន បានផ្តល់ថវិកា២លានរៀលដល់ក្រុមគ្រួសារនៃសព ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ