រាជធានីភ្នំពេញ ៖ ផលិតកម្មចក្កវាឡពេជ្រភាពយន្តបាននាំយកខ្សែភាពយន្តរបស់ខ្លួនរឿង «វិស្សមកាលមរណៈ» និងរឿង«ចាប៉ីនាគត្រាច់ចរ» ទៅចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិនៅទីក្រុងហុងកុង ។
អគ្គនាយិកាផលិតកម្មបញ្ជាក់ថា ទោះមិនមែនជាការប្រកួតប្រជែងជាមួយភាពយន្តបរទេស ប៉ុន្តែកម្មវិធីនេះនឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់វិស័យភាពយន្ត ពិសេសការផលិតខ្សែភាពយន្ត ក្រោយៗទៀតឲ្យកាន់តែមានគុណភាព ។ ការបញ្ជាក់បែបនេះកាលពីព្រឹកថ្ងៃទី១៤ ខែមីនា ២០១៦ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
លោកស្រីថុង ស៊ីវទៀង អគ្គនាយិកាផលិតកម្ម«ចក្កវាឡពេជ្រភាពយន្ត» បញ្ជាក់ថា អ្នកស្រីសម្រេចចិត្តដាក់ខ្សែភាពយន្តពីររឿងរបស់ផលិតកម្មដើម្បីបង្ហាញក្នុងកម្មវិធីនោះ ព្រោះតែអ្នកស្រីចង់ចែករំលែកបទពិសោធន៍ ពិសេសការបង្ហាញពីសក្តានុពលដែលផលិតកម្មក្នុងស្រុកក៏ដូចជាទីតាំងផលិតខ្សែភាពយន្តដ៏សម្បូរបែបនៅកម្ពុជាឲ្យបរទេសបានស្គាល់ ។ ក្រៅពីការដាក់តាំងបង្ហាញនេះដែរ មហោស្រពភាពយន្តរយៈពេលបីថ្ងៃនេះនឹងក្លាយជាវេទិកាសំខាន់សម្រាប់ផលិតករជុំវិញពិភពលោកផ្លាស់ប្តូរយោបល់ សិក្សា ឈ្វេងយល់ពីគ្នាទៅវិញទៅមក ហើយអាចឲ្យផលិតករបរទេសងាកមកចាប់អារម្មណ៍ និងសហប្រតិបត្តិការជាមួយផលិតករកម្ពុជា។ ក្នុងរយៈពេលចុងក្រោយនេះមានផលិតករបរទេសជាច្រើនផ្លាស់ប្តូរយោបល់អំពីការផលិតខ្សែភាពយន្តនៅកម្ពុជា ។

លោកស្រីថុង ស៊ីវទៀង បានប្រកាសថានឹងបើកចំហឲ្យកាន់តែទូលាយប្រសិនបើមានកិច្ចសហការជាមួយផលិតករមកពីបរទេសដែលវាអាចជួយពង្រឹងនិងពង្រីកចំណេះដឹងដល់ផលិតករក្នុងស្រុក ។ ចំពោះការចូលរួមមហោស្រពខ្សែភាពយន្តអន្តរជាតិលើកនេះលោកស្រីស៊ីវទៀង រំពឹងថានឹងបានផលវិជ្ជមានច្រើនសម្រាប់វិស័យភាពយន្តខ្មែរដែលកំពុងតែមានការរីកចម្រើនជាបណ្តើរៗ ។
ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស៊ិន ច័ន្ទសាយ៉ា ដែលបានធ្វើដំណើរទៅកាន់ទីក្រុងហុងកុងដែរនោះ បញ្ជាក់ថានេះគឺជាកម្មវិធីប្រមូលផ្តុំដោយផលិតករ និងក្រុមហ៊ុនផលិតខ្សែភាពយន្តជាច្រើនជុំវិញពិភពលោក និងធំបំផុតនៅអាស៊ី។ នឹងមានការដោះដូរ ទិញលក់ខ្សែភាពយន្តគ្រប់ប្រភេទពីបណ្តាប្រទេសនានានៅជុំវិញពិភពលោក ។ សម្រាប់កម្ពុជាមានស្តង់ធំមួយសម្រាប់ដាក់តាំងបង្ហាញជារូបភាព និងផ្ទាំងទស្សនីយភាពឈុតឆាកខ្លីរបស់ភាពយន្តខ្មែរមួយចំនួនដែលត្រូវបានជ្រើសរើសរួច ។ ក្រៅពីការបង្ហាញដល់អ្នកទស្សនា វានឹងក្លាយជាឱកាសជំរុញអ្នកផលិតខ្សែភាពយន្តឈ្វេងយល់ពីខ្សែភាពយន្តបរទេស ហើយក៏ជាឱកាសបង្ហាញពីសក្តានុពលថតខ្សែភាពយន្តនៅកម្ពុជា ។
លោកស៊ិន ច័ន្ទសាយ៉ា រំពឹងថា នៅថ្ងៃខាងមុខខ្សែភាពយន្តកម្ពុជានឹងធ្វើដំណើរកាន់តែកៀកចូលទៅកាន់ទីផ្សារខ្សែភាពយន្តបរទេស។
ខ្សែភាពយន្តរឿង «វិស្សមកាលមរណៈ» និងរឿង «ចាប៉ីនាគត្រាច់ចរ» របស់ផលិតកម្ម ចក្កវាឡពេជ្រទើបនឹងផលិតរួច ហើយគ្រោងដាក់បញ្ចាំងនៅរោងភាពយន្តមួយចំនួនក្នុងរាជធានីភ្នំពេញនាពេលដ៏ខ្លីខាងមុខ ៕
ចែករំលែកព័តមាននេះ