ខេត្តកំពត ៖ កម្មករជាជាងផ្សារពិតានផ្ទះ២នាក់ ត្រូវចរន្តអគ្គិសនីខ្សែភ្លើងឆ្លងឆក់ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៥៥នាទីរសៀលថ្ងៃទី១៥ មីនា នេះ នៅការដ្ឋានសំណង់សង់ផ្ទះសម្រាប់ជួលមួយកន្លែង ស្ថិតនៅក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។
ជនរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះ ជីន សុខមាន ភេទប្រុស អាយុ២០ឆ្នាំ និងម្នាក់ទៀត ឈ្មោះ គីម ស្រ៊ាន់ ភេទប្រុស អាយុ២៣ឆ្នាំ ទាំង២នាក់ នៅផ្ទះក្បែរគ្នា ស្ថិតក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យសព បានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ពិតជាត្រូវចរន្តអគ្គិសនីឆ្លងភ្លើងឆក់ស្លាប់ប្រាកដមែន រួចក៏ប្រគល់សពជនរងគ្រោះទាំង២នាក់ឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ក្រោមសំឡេងស្រែកទ្រហោយំសោកស្តាយពីសំណាក់ឪពុកម្តាយ និងក្រុមគ្រួសារ គួរឱ្យសង្វេគ ៕
ចែករំលែកព័តមាននេះ