ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​មេម៉ាយ​ឡើងត្នោត​រំងាស់​ស្ករ​លក់​ចិញ្ចឹម​កូន

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ តាំងពី​ព្រលឹម​ស្រាង​ៗ ស្ត្រី​មេម៉ាយ​ទុរគត​មួយ​រូប បាន​ទុក​កូនប្រុស​តូច​២​នាក់​ចោល​នៅ​ក្នុង​ខ្ទម​ស្លឹក​តូច​មួយ ហើយ​ម្នីម្នា​រែក​បំពង់​ទៅ​ឡើង​ដើម​ត្នោត​ក្នុងភូមិ ដើម្បី​យក​ទឹក​រំងាស់​ស្ករ​លក់​យក​ប្រាក់​បន្តិចបន្តួច​មក​ចិញ្ចឹមកូន​ដ៏​កម្សត់​របស់​នាង

ខេត្តកំពង់ឆ្នាំង ៖ តាំងពី​ព្រលឹម​ស្រាង​ៗ ស្ត្រី​មេម៉ាយ​ទុរគត​មួយ​រូប បាន​ទុក​កូនប្រុស​តូច​២​នាក់​ចោល​នៅ​ក្នុង​ខ្ទម​ស្លឹក​តូច​មួយ ហើយ​ម្នីម្នា​រែក​បំពង់​ទៅ​ឡើង​ដើម​ត្នោត​ក្នុងភូមិ ដើម្បី​យក​ទឹក​រំងាស់​ស្ករ​លក់​យក​ប្រាក់​បន្តិចបន្តួច​មក​ចិញ្ចឹមកូន​ដ៏​កម្សត់​របស់​នាង ។ រហូត​ដល់​ម៉ោងជាង​៨​ព្រឹក ទើប​ការងារ​ដ៏​ប្រថុយប្រថាន​គ្រោះថ្នាក់​នេះ​បាន​រួចរាល់ និង​រែក​ទឹកត្នោត​ជា​ច្រើន​បំពង់​ត្រឡប់​មក​ផ្ទះ​វិញ ។ ជួល​កាល​ពេល​ភ្ញាក់​ពី​ដំណេក​រក​ម្តាយ​មិនឃើញ កូន​ៗ​របស់​នាង​ដឹក​ដៃ​គ្នា​ទៅ​តាម​រក​ម្តាយ​ដល់​ដើម​ត្នោត ។ ជួន​ពេល​ខ្លះ​ទៀត​នៅ​មិន​អស់​ងងុយ កូន​ប្អូន​បន្ត​ដេក​លង់លក់​លើ​ដី​ក្បែរ​គល់​ត្នោត​រង់ចាំ​ម្តាយ​ដែល​មើលទៅ​គួរ​ឱ្យ​អាណិត​ខ្លោចចិត្ត​ទម្រាំ​ចុះ​ពីលើ​ដើម​ត្នោត​វិញ ។

ជីវិត​​ស្ត្រី​មេ​ម៉ាយ​​កូន​​២ របរ​ឡើង​ត្នោត​អាច​​ចិញ្ចឹម​ពួក​​គាត់​បាន​​ទេ?
នេះ​គឺ​ជីវិត​ស្ត្រី​មេម៉ាយ​ក្រខ្សត់​ម្នាក់​ត្រដររស់​និង​កំពុង​ប្រកប​របរ​ប្រថុយ​ដល់​អាយុជីវិត សុខចិត្ត​ឡើងត្នោត ដែល​មិនមែន​ជា​ជំនាញ​របស់​ខ្លួន​ជា​ស្រី ប្តូរ​មក​វិញ​នូវ​ប្រាក់​កម្រៃ​បន្តិចបន្តួច ដែល​មិន​សក្តិ​សម​ទៅ​នឹង​កម្លាំង​ពលកម្ម ក្នុង​ការ​ប្រថុយ​ជីវិត​យ៉ាងនោះ​ទេ ។ ប៉ុន្តែ​មិនដឹង​ថា​ត្រូវ​ទៅ​ធ្វើ​អ្វី​ផ្សេង​ពី​នេះ​ឱ្យ​បាន​ប្រាក់ ហើយ​ថា​តើ​មាន​ស្ត្រី​ប៉ុន្មាន​នាក់ ដែល​ចង់​ធ្វើ​បែប​នេះ ?  

ក្នុង​វ័យ​ទើបតែ​៣៣​ឆ្នាំ ស្ត្រី​មេម៉ាយ ញ៉ឹ​ក ចំរើន រស់នៅ​ភូមិ​ព្រះ​រាម​រង្សី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ បាន​រៀបរាប់​ថា នាង​មាន​បងប្អូន​៦​នាក់ គាត់​ជា​បង​បង្អស់ ម្តាយ​បាន​ស្លាប់​ចោល ឪពុក​នៅ​រស់ តែ​បែក​ទៅ​រស់នៅ​ជាមួយ​ប្រពន្ធ​ក្រោយ ។ កាលដែល​ឪពុក​នៅ​ជាមួយ ពុក​ជា​អ្នក​ឡើងត្នោត ។ យូ​ៗ​ម្តង​ឪពុក​បាន​ប្រើ​គាត់​ឱ្យ​ឡើងត្នោត​ជំនួស​ម្តងម្កាល ។ លុះ​ឪពុក​បែក​ទៅ​មាន​ប្រពន្ធ​ក្រោយ នាង​គ្មាន​មុខរបរ​អ្វី​ធ្វើ ក៏​ឡើងត្នោត​ដើម្បី​ចិញ្ចឹម​ជិ​វិត​និង​កូន​ៗ​ត​ពី​ឪពុក ហើយ​ការ​ចាប់​មុខរបរ​នេះ​ទើបតែ​មួយ​ឆ្នាំ​នេះ​ទេ ។
ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃនេះ នាង​ត្អូញត្អែរ​ថា ខ្វះខាត​ខ្លាំង​ណាស់ ព្រោះ​ត្នោត​ធ្វើ​មិនសូវ​ចេញ​ទឹក បាន​ស្ករ​ក្នុង​១​ថ្ងៃ​តែ​២​គីឡូក្រាម​ទេ លក់​បាន​ត្រឹមតែ​៥​ពាន់​រៀល​ប៉ុណ្ណោះ ។ នាង​ថាបើ​ខែវស្សា​អស់​ផ្កាត្នោត គាត់​បាន​ទៅ​ស៊ីឈ្នួល​ភ្ជួរ​រាស់​ឱ្យ​គេ​មួយ​ព្រឹក បាន​៥​ពាន់​រៀល តែបើ​ដក​ស្ទួ​ង​វិញ​បាន​១៥.០០០​រៀល ។ ខែ​ច្រូត​ក៏​ដូច​គ្នា​ដែរ គឺ​១៥.០០០​រៀល​ក្នុង​១​ថ្ងៃ ។

នាង​រៀបរាប់​ថា សព្វ​ថ្ងៃនេះ​ពេល​ខ្លះទៅ​ជឿ​របស់​គេ​តាម​តៀម​អ្នកលក់​មក​ហូប មាន​ខ្លាញ់ ពង​ទា ទឹកត្រី​ជាដើម ។ ចំណែក​អ្នកលក់​បន្លែ ត្រី ដឹក​តាម​ម៉ូតូ​កាត់មុខ​ផ្ទះ ក៏​ត្រូវ​គាត់​ទិញ​គេ​ជឿ​ដែរ គ្រាន់តែ​ជំពាក់​គេ​តាម​តូប និង​ម៉ូតូ​លក់​ត្រី​ជាង​១០​ម៉ឺន​រៀល​ទៅ​ហើយ​សព្វ​ថ្ងៃនេះ ។ ពេល​ខ្លះ​លក់​ស្ករ​បាន គ្រាន់តែ​សង​បណ្តោះ​គេ​ខ្លះទៅ តែ​ពេល​ខ្លះ​អត់​មែនទែន ជឿ​ខ្លាញ់​គេ​២០០​រៀល មក​ឆា​ត្រឡប់​ស្លឹក​ផ្ទី ដែល​ដក​តាម​ភូមិ ហូប​ជាមួយ​កូន​មួយ​ពេល​ទៅ ។ ចំណែក​ពេល​ខ្លះ​ទៀត អត់​ទាំង​អង្ករ​ដាំបាយ​ឱ្យ​កូន​ហូប​ទៀត ។ (​ថា​ហើយ​នាង​បាន​ស្ទុះ​ទៅ​យក​ធុង​ដាក់​អង្ករ​ឱ្យ​មើលឃើញ​មាន​អង្ករ​ប្រហែល​២​កំប៉ុង​) ។

ស្ត្រី​មេម៉ាយ​ទុរគត​រូប​នោះ​និយាយ​មិន​លាក់លៀម​ថា តាម​ពិត​គាត់​មាន​ប្តី​២​នាក់​ទៅ​ហើយ តែ​កម្ម​អកុសល ប្តី​របស់​គាត់​មួយ​ណា​ដូច​មួយ​ណា ឱ្យ​តែ​គាត់​មាន​ផ្ទៃពោះ ប្តី​នោះ​ចុះ​ចោល​គាត់​តែ​ម្តង ។ ប្តី​ទី​១ បានកូន​១ ឈ្មោះ សុខ ចិ អាយុ​៨​ឆ្នាំ សព្វថ្ងៃ​រៀន​ថ្នាក់​ទី​៣ ។ ក្រោយ​ពី​ដឹង​ថា ខ្ញុំ​មានកូន​ក្នុង​ពោះ​រត់​ចោល​ទៅ​ធ្វើការ​នៅ​ថៃ​បាត់ ។ ឯ​ប្តី​ទី​២ បាន​រត់​ចោល​ខ្ញុំ ពេល​មាន​ផ្ទៃពោះ​៥​ខែ ។ ឥឡូវ​កូន​មាន​អាយុ​២​ឆ្នាំ ហើយ​ឈ្មោះ ណាត ភក្តី ។

ស្ត្រី​មេម៉ាយ​រូប​នោះ​បាន​បញ្ជាក់​ថា គាត់​មិន​ចង់​ឡើងត្នោត​ទេ ព្រោះ​ត្នោត​ដែល​គាត់​ឡើង​៥​ដើម គឺ​ជួល​គេ​២​ដើម ដោយ​ក្នុង​មួយ​រដូវ​គេ​យក​ស្ករ​១០​គីឡូក្រាម និង​ខ្ទះ​សម្រាប់​រំងាស់​ស្ករ មួយ​រដូវ​គេ​យក​៥​គីឡូក្រាម​ដែរ ។ នាង​ហត់នឿយ​ខ្លាំង​ណាស់ ភា្ញ​ក់​ពី​ព្រលឹម ឡើងត្នោត​មក​ដល់​ចាក់​រំងាស់​ស្ករ និង​ឆ្លៀត​លាង​បំពង់ ។ ពេលបាយ​ថ្ងៃត្រង់​ហើយ គឺ​ទៅ​រក​អុស​មក​ទុក ដើម្បី​រំងាស់​ស្ករ ពេល​បាន​អុស​មក​ដល់ គឺ​ដល់​ពេល​ឡើងត្នោត​ទៀត គឺ​មួយ​ថ្ងៃ​ឡើងចិត​ផ្កា​យក​ទឹក​២​ដង ។

នាង​ប្រាប់​ថា ចង់​ធ្វើការ​រោងចក្រ​ដែរ តែ​គ្មាន​ឯកសារ​អ្វី​ទាំងអស់ គ្មាន​សៀវភៅ​គ្រួសារ គ្មាន​សំបុត្រ​កំណើត គ្មាន​អត្តសញ្ញាណប័ណ្ណ ព្រោះ​បាត់​អស់ហើយ​កាល​ដាក់​ពាក្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។

ជា​ចុង​ក្រោយ​ស្ត្រី​មេម៉ាយ​ទុរគត​បាន​លើក​ម្រាមដៃ​ដប់ សូម​ក្តី​មេត្តា​ពី​សប្បុរសជន​ជិត​ឆ្ងាយ និង​អាជ្ញាធរ​ភូមិ ឃុំ ស្រុក និង​ខេត្ត សូម​មេត្តា​ជួយ​គាត់​ឱ្យ​បាន​ជម្រក​ស្នាក់​នៅ​សមរម្យ ជួយ​ធ្វើ​សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ និង​សំបុត្រ​កំណើត​គាត់ និង​កូន​ផង ព្រោះ​កូន​គាត់​តាំងពី​កើត​ទាំង​២​នាក់ ក៏​គ្មាន​សំបុត្រ​កំណើត​ដែរ  ។

បើ​មាន​ឯកសារ​ទាំងនេះ គាត់​និង​សុំ​គេ​ចូល​ធ្វើការ​នៅ​រោងចក្រ ។ ម្យ៉ាងវិញទៀត​អំពាវនាវ​សូម​សប្បុរសជន មេត្តា​ជួយ​ធ្វើ​អណ្តូងទឹក​១ ព្រោះ​សព្វថ្ងៃ ទៅ​សុំ​ដង​អណ្តូងទឹក​គេ​ឆ្ងាយ​ពី​ផ្ទះ​ណាស់ និង​ចុង​ក្រោយ​សុំ​កង់​១​គ្រឿង​សម្រាប់​ឱ្យ​កូន​ទៅ​រៀន​ផង ទុក​សម្រាប់​ទៅ​ដឹកអុស​ផង ។

វាចា​ដែល​បង្ហូរ​ចេញពី​ស្ត្រី​មេម៉ាយ​រូប​នេះ​ពិតជា​ធ្វើ​ឱ្យ​យើង​ទាំងអស់​គ្នា​រំជួលចិត្ត​ពន់ពេក​ណាស់ ហើយ​នេះ​ជា​ការ​តស៊ូ​ក្នុង​ជីវិត​ជា​ស្ត្រីភេទ​ម្នាក់ ដែល​មិន​មាន​វាសនា​ល្អ​ដូច​ស្ត្រី​គេ​ដទៃ បែរជា​ផ្ញើ​វាសនា​លើ​ចុង​ត្នោត ។

កោះសន្តិភាព​សង្ឃឹមថា ការ​អំពាវនាវ​របស់​ស្ត្រី​អភ័ព្វ​ទាំង​ស្នេហា អភ័ព្វ​ទាំង​ឆាកជីវិត និង​ជួប​នូវ​កា​រស​ណ្តោះ​ប្រណី​ពី​អង្គការ​សង្គម​ស៊ី​វិល​នានា ក៏​ដូច​ជា​អាជ្ញាធរ និង​សប្បុរសជន​អាច​ជួយ​កែ​ច្នៃ​ឆាកជីវិត​ដ៏​ប្រថុយប្រថាន លើ​ចុង​ត្នោត​លើ​អាកាស​វេហា​នេះ​ឱ្យ​បាន​រស់នៅ​កក់ក្តៅ​នៅ​លើ​ដី​ជាង​នេះ​មិន​ខាន ៕