ខេត្តកំពង់ស្ពឺ ៖ ទីតាំងដេញមាសមួយកន្លែងរបស់ក្រុមឈ្មួញរកស៊ីដេញ និងធ្វើមាសកាលពីពេលកន្លងទៅថ្មីៗនេះ ត្រូវបានជំនាញបរិស្ថាន និងអាជ្ញាធរចុះទៅបង្គាប់ឱ្យផ្អាកអាជីវកម្ម ខណៈសង្ស័យថា ធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្បែរទីតាំងមួយនេះ។ ទីតាំងមួយនេះស្ថិតក្នុងភូមិញ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ម្ចាស់កន្លែងនេះ ត្រូវបានគេស្គាល់ឈ្មោះ ទៀ ឆេងឡុង ជាអាជីវករលក់មាស និងដេញមាសនៅក្នុងផ្សារកំពង់ស្ពឺ និងជាកូនប្រសាប្រធានផ្សារកំពង់ស្ពឺ។
តាមការបង្ហើបពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងដេញមាសនេះ បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែឈ្មួញរកស៊ីដេញមាសជាមួយទឹកអាស៊ីតម្តងៗជះក្លិនមិនល្អ (ក្លិនឆួល) និងផ្សែងហុយធ្វើឲ្យប៉ះពាល់សុខភាពរបស់ពួកគាត់ និងកូនៗយ៉ាងខ្លាំងរហូតអ្នកខ្លះមានកើតជំងឺសួតទៀតផង។
ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងខាងលើដែលឈ្មួញលួចលាក់រកស៊ីដេញមាសជាយូរឆ្នាំ ហើយមិនដែលឃើញអាជ្ញាធរសងា្កត់ ក្រុង ខេត្ត និងជំនាញចុះទៅអឺតឈ្ងោកម្តងណាឡើយ សង្ស័យថា អស់លោកត្រូវថាំ្នសណ្តំរបស់ឈ្មួញចម្រាញ់មាសនោះហើយ ទើបអស់លោកមិនមានចំណាត់ការនោះ។កាលពីមិនទាន់មានជំនាញចុះមកបង្គាប់ឱ្យឈប់ (ផ្អាកអាជីវកម្ម) ពួកគាត់មានការព្រួយបារម្ភខ្លាំងចំពោះសុខភាព។ អ្វីដែលបារម្ភបំផុតនោះ គឺសុខភាពកូនៗពួកគាត់តែម្តង។ បន្ទាប់ពីពួកគាត់ផ្ទុះប្រតិកម្ម ទើបឃើញអស់លោកជំនាញចុះមកបិទមិនឱ្យដំណើរការចម្រាញ់ ឬដេញមាសទៀតនោះទេ។ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាជំនាញមេត្តាជួយពិនិត្យទីតាំងមួយនេះផង កុំឱ្យមានការចម្រាញ់យកមាស ឬក៏ដេញមាសនេះបន្តសកម្មភាពទៀត ពីព្រោះប៉ះពាល់សុខភាពខ្លាំងណាស់។
ចែករំលែកព័តមាននេះ