ប្រជាកសិករជាច្រើនរស់នៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានសម្តែងការមិនពេញចិត្តចំពោះភាស៊ីចំណតរថយន្តមួយកន្លែង
ដែលគេដាក់ចាំទារលុយពីរថយន្តកសិករដឹកកសិផលឆ្លងដែនពីស្រុកសំឡូត ទៅលក់តាមស្តង់នានាក្នុងខេត្តប៉ៃលិន ។
ការដាក់ភាស៊ី (កុងត្រូលជជុះ) ចាំទារលុយពីកសិករនេះ ធ្វើឡើងជាយូរថ្ងៃខែមកហើយ ជាពិសេសឱ្យតែដល់រដូវប្រមូលផលពោត និងដំឡូងមី គឺតម្រូវឱ្យបង់ប្រាក់ចាប់ពី៣ពាន់រៀល រហូតដល់១ម៉ឺនរៀល តាមរថយន្តតូច ឬធំ ។ បើពុំដូច្នោះទេ គេមិនអនុញ្ញាតឱ្យដឹកកសិកផលទៅលក់ដូរបាននោះឡើយ ដោយអ្នកយាមកន្លែងនោះអះអាងថា អភិបាលស្រុកសំឡូតជាអ្នកបញ្ជាឱ្យយកភាស៊ីថ្លៃកសិផលខាងលើ ។
បើតាមប្រជាពលរដ្ឋជាច្រើននាក់ដែលដឹកកសិផលពោត និងដំឡូងមី បានឱ្យដឹងកាលពីព្រឹកថ្ងៃទី១៥ មីនា ២០១៦ នេះថា ចំណតភាស៊ី (កុងត្រូលជជុះ) ដែលគេដាក់ចាំទារលុយពីពួកគាត់ គឺស្ថិតក្នុងភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង នៅជាប់នឹងព្រំប្រទល់ភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដោយត្រូវបានគេដាក់ប្រចាំការនៅទីនោះជាយូរថ្ងៃខែឆ្នាំមកហើយ ដើម្បីទារលុយពីប្រជាកសិករទាំងអស់ដែលដឹកកសិផល ឆ្លងដែនចូលទៅលក់ដូរនៅខេត្តប៉ៃលិន កាត់តាមចំណុចនោះ
ដោយក្នុង១រថយន្តច្នៃតូចចំណុះ២ ទៅ៣តោន គេទារចំនួន៣ពាន់រៀល បើរថយន្តច្នៃធុនកណ្តាល គេទារឱ្យបង់៥ពាន់រៀល រហូតដល់រថយន្តយីឌុប គេទារឱ្យបង់ចំនួន១ម៉ឺនរៀលឯណោះ ។ ពួកគាត់បន្តទៀតថា បើដឹក១ថ្ងៃ២ជើង ម្ចាស់រថយន្ត ត្រូវតែបង់ប្រាក់ចំនួន២ដងដែរ ដោយមិនមានការយោគយល់នោះឡើយ បើសិនជាមិនបង់ប្រាក់ទេ មិនអនុញ្ញាតឱ្យពួកគាត់ ដឹកកសិផលចូលទៅលក់ដូរនៅតាមស្តង់ពោត ឬដំឡូងមីក្នុងខេត្តប៉ៃលិនបានឡើយ ។
ពួកគាត់បញ្ជាក់ទៀតថា បើសិនជាទារថ្លៃភាស៊ីចំណតរថយន្តបែបនេះ ពួកគាត់គ្មានសល់លុយកាក់អ្វីឡើយ ខណៈនៅឆ្នាំនេះ ការដាំដំឡូងមីចុះថយទិន្នផល និងតម្លៃធ្លាក់ចុះ លុះមានភាស៊ីចំណតរថយន្ត (កុងត្រូលជជុះ) ថែមទៀត ពួកគាត់កាន់តែមានការលំបាកយ៉ាងខ្លាំងក្នុងការប្រកបរបរចិញ្ចឹមជីវិត ។ ពួកគាត់សំណូមពរឱ្យអាជ្ញាធរខេត្តទាំង២ចុះត្រួតពិនិត្យចំពោះកុងត្រូលជជុះមួយកន្លែងនេះផង ព្រោះចំណតភាស៊ីរថយន្តគេដាក់តែកន្លែងអ្នកបើកបររថយន្តឈ្នួលប៉ុណ្ណោះ នេះពួកគាត់ដឹកពីចម្ការរបស់ខ្លួនទៅលក់ដូរនៅខេត្តផ្សេងទេ ។
ចែករំលែកព័តមាននេះ