រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសំដែងការខកចិត្តខ្លាំងណាស់ ដែលតុលាការខេត្តកំពង់ស្ពឺ ចាប់តំណាងប្រជាជន២នាក់ឃុំខ្លួន បន្ទាប់ពីសម្តេចបានទទួលនេះភ្លាមៗ ។
នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) សម្តេចតេជោនាយករដ្ឋមន្ត្រីបានសរសេរទៀតថា “ខ្ញុំបានបញ្ជាទៅអភិបាលខេត្តឱ្យធ្វើការជាមួយតុលាការទាំងយប់ដើម្បីសុំធានាឱ្យនៅក្រៅឃុំ ។ កូនប្រុសខ្ញុំ២នាក់ ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី កំពុងធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺដើម្បីជួយប្រជាជនក្នុងរឿងនេះ។ សង្ឃឹមថា ព្រះរាជអាជ្ញានឹងអនុញ្ញាតឱ្យប្រជាជនទាំង២នាក់បាននៅក្រៅឃុំ។ ប្រសិនមិនទុកចិត្ត សុំអស់លោកឃុំកូនខ្ញុំទាំង២នាក់ជំនួសវិញចុះ ។ សូមក្រសួងយុត្តិធម៌ពិនិត្យករណីនេះបន្ទាន់”
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៤ មីនាម្សិលមិញ ប្រជាពលរដ្ឋជាង៧០នាក់ តំណាងឱ្យ៦៥គ្រួសារដែលមកពីភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានមកដល់មុខរដ្ឋសភា ដើម្បីយកញត្តិដាក់ជូនរដ្ឋសភាជួយអន្តរាគមន៍ទៅអាជ្ញាធរ ខេត្តកំពង់ស្ពឺឱ្យដោះលែងស្ត្រី២នាក់ ដែលជាតំណាងពួកគាត់ ១-ឈ្មោះ យូ រ៉ន និង២-ឈ្មោះ អ៊ិត រុំ ដែលអាជ្ញាធរបានចាប់ខ្លួនកាលពីថ្ងៃទី១១ មីនា ២០១៦ ។
ពួកគាត់បានអះអាងថា ជុំវិញករណីអាជ្ញាធរចាប់ខ្លួនស្ត្រីទាំង២នាក់ខាងលើនេះ ក្រោយពីពួកគាត់ទាំង៦៥គ្រួសារបាននាំគ្នាធ្វើការតវ៉ាជា មួយអាជ្ញាមូលដ្ឋានរឿងដីចំនួន៣៥០ហិកតា ដែលអាជ្ញាធរភូមិឃុបឃិតគ្នាយកទៅលក់ឱ្យក្រុមឈ្មួញនាពេលកន្លងមក ៕
សូមរំលឹកថា ពលរដ្ឋមកពីខេត្តកំពង់ស្ពឺយកញត្តិដាក់ជូនរដ្ឋសភាឱ្យជួយអន្តរាគមន៍ដោះលែងស្ត្រី២នាក់
ចែករំលែកព័តមាននេះ