ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋក្នុងឃុំជ្រៃបាក់ និងឃុំគោកបន្ទាយ ស្រុករលាប្អៀរ បានសម្ដែងនៅការព្រួយបានរម្ម និងខកចិត្តជាខ្លាំង ដោយសាតែម្ចាស់ដីបានយកលូដែលមានមុខកាត់១ម៉ែត្ររៀបជា២ជួរដាក់ក្នុងប្រឡាយទឹកមួយខ្សែប្រវែងជាង១០០ម៉ែត្រ ជាប់ចិញ្ចើមផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ដើម្បីចាក់ដីលុបប្រឡាយធ្វើជាភូមិគ្រិះ ឬស្ថានីយអ្វីមួយ បញ្ហានេះនឹងធ្វើឱ្យមានការរាំងស្ទះផ្លូវទឹក និងបង្កការលិចលង់ដល់ស្រូវរបស់ពួកគាត់រាប់ពាន់ហិកតាជាក់ជាពុំខាន។
លើសពីនេះទៀតម្ចាស់ដីខាងលើបានកាប់ដើមឈើដែលមានអាយុជាង៣០ឆ្នាំ បំផ្លាញចោលមួយចំនួនថែមទៀត ប៉ុន្តែករណីនេះបានកើតឡើងជិត១ខែមកហើយ ដែលមិនទាន់ឃើញមានប្រតិកម្មពីអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធណាឡើយ។ ក្រោយពីមានសំណូមពរពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលពួកគាត់មានការព្រួយបារម្ភទាក់ទងនឹងករណីរំលោភខាងលើនេះ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ ក្រុមអ្នកយកព័ត៌មានបានចុះទៅផ្តិតយករូបភាពផ្ទាល់នៅចំណុចខាងលើ និងបានពិនិត្យឃើញថា ដើមអាកាស្យាធំៗប្រមាណជិត៤០ដើមនៅតាមចិញ្ចើមផ្លូវជាតិ ដើម្បីដាំទប់ ការពារការបាក់ដីនៅរដូវវស្សា ត្រូវបានម្ចាស់ដីលួចកាប់បំផ្លាញ និងដឹកយកទៅអស់មិនមានអ្នកណាទប់ស្កាត់នោះឡើយ។
ករណីនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរមកលើទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋបានលើកឡើងថា ប្រឡាយទឹកមួយខ្យែនេះ នៅខែវស្សាពេលមានទឹកភ្លៀងធ្លាក់ខ្លាំង នៅបែកខាងលើម្តងៗស្រែរបស់គាត់ត្រូវជនលិចរាល់ឆ្នាំ ទម្រាំមានការរំលោភចាក់ដីដាក់លូតូចៗបែបនេះពីតជាធ្វើឱ្យស្រែពួកគាត់នឹងត្រូវជន់លិចខ្លាំងជាងនេះ ធ្វើឱ្យស្រូវពួកគាត់ខូចខាតជាពុំខាន ។ ម្យ៉ាងវិញទៀតនៅរដូវទឹកស្រក ប្រឡាយទឹកនេះក៏ជាផ្លូវទឹកមួយដ៏សំខាន់ដែរ ដែលគេអាចទប់ទឹកស្ទឹងឱ្យហូរចូលទៅប្រឡាយទឹកនេះ ដើម្បីទៅស្រោចស្រពផ្ទៃដីស្រែប្រាំងរាប់ពាន់ហិកតានៅក្នុងឃុំជ្រៃបាក់ និងឃុំគោកបន្ទាយទៀតផង។
ទាក់ទងនឹងបញ្ហានេះ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម មានប្រសាសន៍ប្រាប់តាមទូរសព្ទ័ថា រឿងនេះលោកបានទំនាក់ទំនងទៅមន្ទីរសារធារណការ ហើយគេបានប្រាប់ឱ្យដឹងថា ការដាក់ប្រព័ន្ធលូនេះមិនមានផ្ដល់ផលប៉ះពាល់នោះទេ ព្រោះខាងជំនាញបានទៅពិនិត្យមើលរួចហើយ។ ដោយឡែក លោក កែវ ពៅ ប្រធានមន្ទីរសារធារណការ បានឱ្យដឹងថា រឿងដើមអាកាស្យា ខាងលោកបានហៅម្ចាស់ដីមកធ្វើកិច្ចសន្យាឱ្យដាំសងវិញ ចំណែករឿងលូ គឺឱ្យដាក់មុខកាត់១ម៉ែត្រ និងដាក់លូភ្លោះ។ តាមការរាយការណ៍របស់ការិយាល័យសារធារណការ គឺម្ចាស់ដីកាប់ហើយទើបបានខាងស្រុករាយការណ៍ នៅរសៀលនេះលោកនឹងឱ្យមន្ត្រីទៅពិនិត្យមើល ព្រោះលោកជាប់ធ្វើសន្និបាតរយៈពេល៣ថ្ងៃ។
ដោយឡែកលោក សោម វឺន អភិបាលស្រុករលាប្អៀរបានប្រាប់តាមទូរស័ព្ទថា រឿងនេះសូមទៅសួរទៅខាងមន្ទីរសារធារណការ តែតាមការឱ្យដឹងមានច្បាប់ស្នើសុំត្រឹមតែចាក់ដីទេ គ្មានច្បាប់សុំធ្វើស្ថានីយប្រេងឡើយ គឺនៅមិនទាន់មានច្បាប់ទេ ហើយរឿងកាប់ដើមឈើ គឺកាប់ស្រេចតែចិត្តគេទេ គេលួចកាប់ទាំងយប់មិនបានរាយការណ៍ជូនដល់អាជ្ញាធរដែនដីទេ។ ម្ចាស់ដីខាងលើមានឈ្មោះ ភុំ ប៊ុណ្ណាក់ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង មិនអាចសុំការបំភ្លឺបានទេ តែប្រជាពលរដ្ឋខាងលើបានសំណូមពរដល់មន្ត្រីជំនាញទាំងអស់ ត្រូវហាមឃាត់ការចាក់ដីលុបប្រឡាយតាមថ្នល់ជាតិនេះជាដាច់ខាត ព្រោះបើម្ចាស់ដីខាងលើធ្វើបានមែននឹងធ្វើឱ្យប៉ះពាល់ដល់ស្រូវ និងភូមិឋានរបស់ពួកគាត់រាប់ពាន់ហិកតាជាពុំខាន។
តាមមន្ត្រីរបស់មន្ទីរសារធារណការ ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា ច្បាប់ស្តីពីផ្លូវថ្នល់ ការសាងសង់ភូមិដ្ឋានត្រូវមានគំលាតផ្លូវជាតិប្រវែង៣០ម៉ែត្រ ប៉ុន្តែជាក់ស្តែងការសាងសង់រៀបចំប្រព័ន្ធលូនៅចំណុចខាងលើនេះ មានគំលាតពីអ័ក្សផ្លូវជាតិលេខ៥ មិនបាន១០ម៉ែត្រនោះទេ គួរតែអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធចុះមកពិនិត្យឱ្យបានច្បាស់លាស់ផង ៕
ចែករំលែកព័តមាននេះ