រាជធានីភ្នំពេញ ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រៀមដាក់ថ្នាំអាប៊ែតចំនួនពី១៤ទៅ១៥តោន និងបាញ់ថ្នាំនៅតាមមូលដ្ឋានសង្កាត់ខណ្ឌក្នុងរាជធានីភ្នំពេញនៅរដូវភ្លៀងធ្លាក់ឆាប់ៗនាពេលខាងមុននេះ ដើម្បីបង្ការនិងទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមដែលបង្កឡើងដោយមូសខ្លា ។
លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យកោះសន្តិភាពដឹងតាមរយៈទូរស័ព្ទនៅថ្ងៃទី១៤ មីនា ២០១៦ នេះ ថា នៅក្នុងរដូវភ្លៀងធ្លាក់ខាងមុននេះមន្ទីរបានត្រៀមថ្នាំអាប៊ែតរួចរាល់អស់ហើយ គឺប្រមាណ១៥តោន ដើម្បីផ្តល់ឲ្យភ្នាក់ងារសុខាភិបាលនៅមន្ទីរពេទ្យបង្អែកតាមមូលដ្ឋានសង្កាត់ចែកជូនប្រជាពលរដ្ឋដាក់តាមខ្នងផ្ទះ ដើម្បីរួមចំណែកទប់ស្កាត់បង្ការការពារមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមកុំឲ្យផ្ទុះឡើង ។
លោកបន្តថា ការផ្តល់ថ្នាំអាប៊ែតនេះ គឺសម្រាប់តែចែកជូនប្រជពលរដ្ឋរស់នៅសង្កាត់/ខណ្ឌ ជាយក្រុងប៉ុណ្ណោះ ខណៈដែលលំនៅឋានរបស់ប្រជាពលរដ្ឋទាំងនោះសម្បូរទៅដោយព្រៃ បឹង អូរ ព្រែក ស្ទឹង ថ្លុក ត្រពាំង ស្រះទឹក និងទឹកអណ្តូងជាដើម ។ ចំណែកអ្នករស់នៅក្នុងរាជធានីភ្នំពេញវិញ ពុំសូវជាមានបញ្ហាចោទឡើយដោយសារពួកគាត់ភាគច្រើនប្រើប្រាស់ទឹកម៉ាស៊ីន ដែលមានថ្នាំលាយសម្លាប់មេរោគស្រាប់ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ